ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី-​​អាមេរិក​ត្រៀម​ដូរ​អ្នក​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ទ្រង់​ទ្រាយ​ធំ

5 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​ថ្មី​ៗ​នេះ​មាន​ការ​ចរ​ចា​គ្នា​ជា​សម្ងាត់​រវាង​ប្រទេស​បួន​គឺ​អង់គ្លេស អាមេរិក​ រុស្ស៊ី និង​អាល្លឺម៉ង់​ដើម្បី​ដូរ​អ្នក​ទោស​គ្នា​ទៅ​វិញ​ទៅ​ម​ក​។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​អ្នក​​កាសែត​វ៉ល​ស្ទី្រត​ជើ​ណល​ (Wall Street Journal) ​ឈ្មោះ​អ៊ីវ៉ាន…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​ថ្មី​ៗ​នេះ​មាន​ការ​ចរ​ចា​គ្នា​ជា​សម្ងាត់​រវាង​ប្រទេស​បួន​គឺ​អង់គ្លេស អាមេរិក​ រុស្ស៊ី និង​អាល្លឺម៉ង់​ដើម្បី​ដូរ​អ្នក​ទោស​គ្នា​ទៅ​វិញ​ទៅ​ម​ក​។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​អ្នក​​កាសែត​វ៉ល​ស្ទី្រត​ជើ​ណល​ (Wall Street Journal) ​ឈ្មោះ​អ៊ីវ៉ាន ហ្គើស​ខូវិច (Evan Gershkovich) និង​អតីត​ទាហាន​ជើង​ទឹក​អាមេរិក​ឈ្មោះ​ផូល វីលេន (Paul Whelan) ស្ថិត​នៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​អាជ្ញាធរ​រុស្ស៊ី​យក​ទៅដូរ​គ្នា​ជា​មួយ​អ្នក​ទោស​រុស្ស៊ី​ដែល​ជាប់​ពន្ធ​នា​គារ​នៅ​អាល្លឺម៉ង់​ និង​ប្រទេស​ដទៃ​ទៀត​។

​នេះ​អាច​​ជា​ការ​ដូរ​អ្នក​ទោស​​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​រវាង​ប្លុក​ខាង​លិច និង​ប្លុក​ខាង​កើត​ចាប់​តាំង​ពី​ក្រោយ​​សង្គ្រាម​ត្រជាក់​​។ ទូរ​ទស្សន៍​ស៊ីអឹន​អឹន​ និង​បណ្ដាញ​​ព័ត៌​មាន​អាមេរិក​ដទៃ​ទៀត​បាន​​ផ្សព្វ​ផ្សាយ​ដំណឹង​នេះ​យ៉ាង​គគ្រឹក​គគ្រេង​។ ទូរ​ទស្សន៍​អេប៊ី​ស៊ី​​​អូស្ត្រាលី​ផ្សាយ​ថា​ការ​ដូរ​គ្នា​លើក​នេះ​មិន​មែន​ត្រឹម​តែ​ធ្វើ​ឡើង​រវាង​អាមេរិក និង​រុស្ស៊ី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​ចូល​រួម​ដោយ​ប្រទេស​ជា​ច្រើន​ទៀត​។​

រហូត​មក​ដល់​ពេល​នេះ ​មន្ត្រី​រដ្ឋា​ភិបាល​អាមេរិក​មិន​ទាន់​បញ្ជាក​ឱ្យ​បាន​ច្បាស់​នៅ​ឡើយ​ទេ​​​។ ​វិមាន​ក្រឹម​ឡាំង​ក៏​​រក្សា​ភាព​ស្ងៀម​ស្ងាត់​​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​និយាយ​ដោយ​ខ្លី​ថា​លោក​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​លើ​រឿង​នេះ​ទេ​។ សូម​ជម្រាបថា​អ្នក​កាសែត​វ៉ល​ស្ទ្រីត​ជើណល លោក​ហ្គើស​ខូវិច​ វ័យ​៣២​ឆ្នាំ​​ត្រូវ​សមត្ថ​កិច្ច​រុស្ស៊ី​ចាប់​ខ្លួន​កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣​ ហើយ​កាត់​ទោស​​ឱ្យ​​​ជាប់​ពន្ធ​នាគារ​ជា​ច្រើន​ឆ្នាំ​ពី​បទ​លួច​យក​ការណ៍​សម្ងាត់​​ចេញ​ពី​តំបន់​ឧស្សាហ​កម្ម​ផលិត​គ្រឿង​បរិក្ខារ​យោធា។

ដំណឹង​ស្ដី​ពី​ការ​​ដូរ​អ្នក​ទោស​គ្នា​នេះ​​ចាប់​ផ្ដើម​ផ្ទុះ​​ឡើង​ខ្លាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​គេ​ដឹង​ថា​យន្ត​ហោះ​មួយ​គ្រឿង​ដែល​ធ្លាប់​ប្រើ​ប្រាស់​សម្រាប់​ដឹក​​អ្នក​ទោស​​​ដូរ​គ្នា​បាន​ចុះ​ចត​នៅ​លើ​ទឹក​ដី​រុស្ស៊ី​។ ម៉្យាង​ទៀត​នៅ​ប្រទេស​រុស្ស៊ី​ គេ​ក៏​មាន​តម្រុយ​នៃ​ការ​ដោះ​ដូរ​អ្នក​ទោស​នេះ​ខ្លះ​ៗ​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​នៅ​ពេល​គេ​លែង​ឃើញ​​​​លោក​វីលេន​​ស្ថិត​នៅ​ក្នុង​បន្ទប់​ពន្ធ​នា​គារ​ត​ទៅ​ទៀត​​​។

នៅ​ក្នុង​ចំណោម​អ្នក​ទោស​រុស្ស៊ី​ដែល​ជាប់​ឃុំ​នៅ​បស្ចិម​ប្រទេស​ ហើយ​ដែល​ត្រូវ​យក​មក​ដូរ​គ្នា​លើក​នេះ​ក៏​​មាន​លោក​វ៉ាឌីម ក្រាស៊ីកូហ្វ​ (Vadim Krasikov)​ផង​ដែរ​។ គាត់​កំពុង​ជាប់​ឃុំ​នៅ​ប្រទេស​អាល្លឺម៉ង់​ពី​បទ​សម្លាប់​អតីត​មេ​បញ្ជា​ការ​​ក្រុម​​ឧទ្ទាម​ឆេច​​នី​​ដោយ​អំពើ​ឃោរ​ឃៅ​។ ប្រតិ​កម្ម​ចំពោះ​ការ​ដូរ​អ្នក​ទោស​នេះ លោក​ស្រី​ហារីស ​ដែល​ជា​បេក្ខ​ជន​ប្រធា​នា​ធិបតី​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ ចាត់​ទុក​ថា​នេះ​ជា​ជ័យ​ជម្នះ​សម្រាប់​លោក​ពូទីន​។

​នេះ​ជា​ការ​ដូរ​អ្នក​ទោស​លើក​ដំបូង​រវាង​រុស្ស៊ី និង​បស្ចិម​ប្រទេស​ចាប់​តាំង​ពី​ការ​ដូរ​កីឡាការនី​បាល់​បាស់​ស្កេត​អាមេរិក​ នាង​ប៊្រីតនី ក្រាញ​ណឺ (Brittney Griner) ជា​មួយ​ទណ្ឌិត​ជន​ជាតិ​រុស្ស៊ី​​ម្នាក់​ជា​ឈ្មួញ​អាវុធ​​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២២​។ ​ម៉្យាង​ទៀត​ វា​ក៏​ជា​ការ​​​ដូរ​អ្នក​ទោស​ទ្រង់​ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ឆ្នាំ​២០១០​។ កាល​នោះ ​​រុស្ស៊ី និង​បស្ចិ​ម​ប្រទេស​ដូរ​ភ្នាក់​ងារ​ចារ​កម្ម​ចំនួន​១៤​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ