ខេត្តត្បូងឃ្មុំ ៖ យោងតាមមន្ត្រីគយប្រចាំច្រកម៉ឺនជ័យ មួយរូប បានប្រាប់ភ្នាក់ងារអ្នកយកព័ត៌មានកោះសន្តិភាព នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ថា ៖ «ករណីបុរសម្នាក់ ដែលស្លា.ប់ ដោយសារបើករថយន្តធ្លាក់ផ្លូវ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនោះ មិនមែនជាមន្ត្រីគយ បម្រើការងារនៅច្រកអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង នោះទេ ។
មន្ត្រីគយខាងលើ បានបំភ្លឺ និងស្នើឲ្យកែតម្រូវនេះ ក្រោយពីគេហទំព័រកោះសន្តិភាព បានចុះផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍មួយ ក្រោមចំណងជើងថា ៖ «មន្ត្រីគយម្នាក់ បើកឡានលឿនធ្លា.ក់ផ្លូវ ៥ថ្ងៃក្រោយទើបផ្អើល ដឹងដល់សាច់ញាតិ» ។
សូមជម្រាបឡើងវិញថា ប្រពន្ធ ព្រមទាំងក្រុមសាច់ញាតិ បានបាត់ដំណឹង ដោយមិនអាចទាក់ទងតាមទូរសព្ទបានរយៈពេល៥ថ្ងៃ ដោយបានសួរគេឯងគ្រប់ល្ហក តែមិនមានតម្រុយណាបន្តិចសោះ ។ តែនៅទីបំផុតសាកសពបុរសរូបនេះ ត្រូវបានគេប្រទះឃើញស្លា.ប់ នៅក្នុងរថយន្តស៊េរីទំនើបម៉ាកហ្វតមួយគ្រឿង នៅចំណុចស្ពានបេតុងមួយកន្លែង ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ។
ដោយខ្លាចមានការពាក់ព័ន្ធទៅអំពើឃាតកម្មណាមួយនោះ ត្រូវបានលោកឧត្តមសេនីយ៍ទោចិន នី ស្នងការនគរបាលខេត្តឱ្យបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីពិនិត្យសពទើបដឹងថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ឈ្លក់ទឹកស្លាប់ គឺមិនមានការពាក់ព័ន្ធនិងបទល្មើសណាមួយនោះទេ ។
លោកវរសេនីយ៍ឯក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែកប្រាប់ឲ្យដឹង នាព្រឹកថ្ងៃទី២៦ កក្កដាឆ្នាំ២០២៤ ថា មានប្រជាពលរដ្ឋម្នាក់បានទៅស្ទូចត្រីនៅត្រង់ចំណុចស្ពានបេតុងថ្លុកត្រាច ក្នុងភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៥ កក្កដា ក៏បានប្រទះឃើញដំបូលរថយន្តអណ្ដែតលើផ្ទៃទឹកភ្លឹមៗ បន្ទាប់មកប្រជាពលរដ្ឋល្អរូបនោះប្រញាប់រាយការណ៍ជូនប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំកក់ ដើម្បីឲ្យចុះមកពិនិត្យមើលជាបន្ទាន់ ។
អធិការនគរបាលស្រុកពញាក្រែកប្រាប់បន្តឲ្យដឹងទៀតថា តាមរយៈកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានរាយការណ៍មកកាន់រូបលោកនិងបានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានចាត់ឱ្យកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ព្រមទាំងជំនាញបច្ចេកទេសបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ បានស្ទូចយករថយន្ត ford មកដាក់លើគោក ដើម្បីត្រួតពិនិត្យគឺរថយន្តខូចខាតកម្រិតធ្ងន់ និងមានបុរសម្នាក់ស្លាប់នៅក្នុងរថយន្តមានសភាពហើម ដំបូងមិនស្គាល់អត្តសញ្ញាណថា នៅទីណានោះទេ ។
តាមរយៈសាច់ញាតិ គឺបានបាត់បុរសឈ្មោះកុយ សុភ័ណ្ឌ អាយុ៦១ឆ្នាំ តាំងពីថ្ងៃទី២០ កក្កដា មកម្ល៉េះដោយសមាជិកក្រុមគ្រួសារ មិនអាចទាក់ទងទូរស័ព្ទចូលបាននោះទេ ហើយក៏បានសួរនាំកន្លែងធ្វើការ និងសាច់ញាតិនៅជិតឆ្ងាយក៏គ្មាននរណាម្នាក់ដឹងសោះឡើយ ។
សូមបញ្ជាក់ថា នៅលើផ្លូវក្រាលកៅស៊ូត្រង់ចំណុចផ្លូវកោងលើស្ពានថ្លុកត្រាចខាងលិចភូមិថ្លុកត្រាច ស្ថិតនៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រថយន្តម៉ាកហ្វ៊ត ពណ៌លឿងចាស់ ពាក់ស្លាកលេខ កម្ពុជា KSP.5969 បើកបរដោយឈ្មោះកុយ សុភ័ណ្ណ ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
មុនពេលកើតហេតុ គេឃើញស្លាកស្នាមទិសដៅបើកបររថយន្តបើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុដោយស្ថានភាពផ្លូវកោងមានស្ពាន ក៏ជ្រុលចង្កូតឆ្លាក់ផ្លូវចូលក្នុងទឹកក្រោមស្ពាន បណ្តាលឲ្យអ្នកបើកបររថយន្តឈ្លក់ទឹកស្លាប់នៅក្នុងរថយន្តតែម្តង ។ ការខូចខាតរថយន្តកម្រិតតធ្ងន់ ចំពោះមូលហេតុ ប្រើប្រាស់ល្បឿន ។
អធិការនគរបាលស្រុកពញាក្រែក បានបញ្ជាក់ថា ដោយមានការត្រួតពិនិត្យសាកស.ព ពីគណៈកម្មការចម្រុះឃើញថា បុរសនេះពិតជាស្លាប់ដោយសារឈ្លក់ទឹក ពិតប្រាកដមែន តាមរយៈល្បីតៗគ្នាពីមាត់មួយទៅមាត់មួយ ក៏បានឮដល់សាច់ញាតិ នៅឯខេត្តស្វាយរៀងឯណោះ។ ដោយទទួលបានតម្រុយបែបនេះ ពេលមកជួបសមត្ថកិច្ចទើបដឹងថា បុរសដែលស្លា.ប់នេះគឺពិតជាសាច់ញាតិរបស់ខ្លួនពិតប្រាកដមែន ។
នាល្ងាចថ្ងៃដដែល សមត្ថកិច្ចបន្ទាប់ពីពិនិត្យសពរួចរាល់ ក៏បានប្រគល់ទៅឲ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕




អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ