ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​ម.នុ.ស្ស​ស្លា.ប់​ដោយ​សារ​ការ​វា.យ​ប្រ.ហារ​របស់​រុស្ស៊ី​ទៅ​លើ​ទី​ក្រុង​កៀវ​កើន​ឡើង​ដល់​១៧​នាក់

3 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ថ្ងៃ​នេះ យោធា​រុស្ស៊ីវាយ​ប្រហារ​ប្រទេស​អ៊ុយ​ក្រែន​យ៉ាង​ខ្លាំង​ក្លា ជា​ពិសេស​រដ្ឋធានី​កៀវ​រង​គ្រោះយ៉ាង​ដំណំ​ស្លាប់​មនុស្សរហូត​​ដល់​១៧​នាក់។ ចំណែក​អ្នក​របួស​ក៏​កើន​ឡើង​ជា​បន្ត​បន្ទាប់​ផង​ដែរ។ គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​យ៉ាង​កង​រំពង​នៅ​ទី​ក្រុង​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​។ រុស្ស៊ី​ប្រើ​ប្រាស់​មីស៊ីល​ផ្លោង មីស៊ីល​បណ្ដែត និង​ដ្រូន​វាយ​ប្រហារ​ខ្ទេច​អគារ​ជា​ច្រើន​ខ្នង និង​ទី​ជម្រក​របស់​ប្រជា​ជន​នៅ​ទូទាំង​រដ្ឋ​ធានី​។ នៅ​អំឡុង​ពេល​វាយ​ប្រហារ​នោះ ប្រជា​ជន​​​រត់​ទៅ​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ស្ថានីយ​រថ​ភ្លើង​ក្រោម​ដី​បន្ទាប់​ពី​លោក​ហ្សេឡិនស្គី និង​អាជ្ញា​ធរ​អ៊ុយ​ក្រែន​​ចេញ​សេចក្ដី​ប្រកាសអាសន្ន​ជា​លើក​ទី​១​។

អភិបាល​ក្រុង​កៀវ​ថ្លែង​ថា​ក្រៅពី​មនុស្ស​ស្លាប់​ដូច​រៀប​រាប់​ខាង​លើ​ មនុស្ស​៨៨​នាក់​ទៀត​រង​របួស​។ នៅ​ទូទាំង​ទី​ក្រុង​កៀវ​ ទីតាំង​៣០​កន្លែង​រង​ការ​ខូច​ខាត​។ ភាគ​ច្រើន​ជា​អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​ និង​សំណង់​ស៊ីវិល​។ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អ៊ុយ​ក្រែន​ថ្លែង​ថា​អគារ​២០​កន្លែង​រង​ការ​ខូច​ខាត​នៅ​ទី​ក្រុង​កៀវ​។ ទី​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​ថ្លែង​ថា​ខ្លួន​បាន​បញ្ជូន​ក្រុម​ការ​ងារ​ជិត​៥០០​នាក់,  ​រថ​យន្ត​១០០​និង​ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង​ដើម្បី​ចាត់​ការ​នឹង​ភ្លើង​ឆេះ​ក្រោយ​ការ​វាយ​ប្រហារ​នោះ។

រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​ លោក​អាន​ឌ្រី ស៊ីប៊ីហា​ បាន​អំពាវ​នាវ​ឱ្យ​​ក្រុម​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​អ៊ុយ​ក្រែន​ខិត​ខំ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​ប្រទេស​នេះ​ក្រោយ​ការ​វាយ​ប្រហារ​ដែល​លោក​ពិពណ៌​នា​ថា​ជា «រាត្រីរន្ធត់​» នៅ​ទី​ក្រុង​កៀវ​។ លោកជំរុញ​យ៉ាង​ទទូច​ទៅ​ក្រុមប្រទេស​ជា​ដៃ​គូ​សូម​កុំ​បង្អែ​បង្អង់​ត​ទៅ​ទៀត​ក្នុង​ការ​ផ្ដល់​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ និង​មីស៊ីល​។ លោក​យល់​ថា​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​​ឡើង​បន្ថែម​ទៀត​នៅ​ពេល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ជា​បន្ត​បន្ទាប់​។

​គួរ​កត់​សម្គាល់​ថា​ប៉ុន្មាន​អាទិត្យ​ចុង​ក្រោយ​នេះ រុស្ស៊ី​សម្រុក​វាយ​ប្រហារ​ទី​ក្រុង​កៀវ​កាន់​តែ​ខ្លាំងឡើង​ៗ​ទោះ​បី​អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​វាយ​ប្រហារទី​តាំង​យោធា និង​​ដេប៉ូ​ប្រេង​របស់​រុស្ស៊ី​ធ្វើ​ឱ្យ​រុស្ស៊ី​ខ្វះ​ខាត​ប្រេង​ និង​មាន​បញ្ហា​រអាក់​រអួល​ក្នុង​ការ​ផ្គត់​ផ្គង់​កង​ទ័ព​នៅ​សមរភូមិ​មុខ​យ៉ាង​ណា​ក្ដី​។ លោ​កស៊ីប៊ីហា​សូម​ចេញ​មុខ​បដិ​សេធ​ការ​អះ​អាង​ដែល​ថា​រុស្ស៊ី​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ដោយ​សារ​អ៊ុយ​ក្រែន​ក៏​សម្រុក​វាយ​ប្រហារ​រុស្ស៊ីដែរ​។ លោក​ថា​អ៊ុយ​ក្រែន​ត្រូវ​តែ​មាន​សិទ្ធិ​ការ​ពារ​ខ្លួន​តាម​មាត្រា​៥១​នៃ​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​៕ ប្រភព៖ AP

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

×