ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងពីឈ្មោះ ទ.ឆ.វ ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីរំលោភសេពសន្ថវៈ លើក្មួយស្រីបង្កើតឈ្មោះ ម.រ.ដ.ច.ន អាយុ១៦ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តកាលពីវេលាម៉ោង១៩និង០០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង២២និង០០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឃាត់ជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ និន យ៉ាង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ព្រមទាំងធ្វើតេស្តទឹកនោមរកសារធាតុញៀនបញ្ជាក់វិជ្ជមាន(+) ។
ចំណែកបក្ខពួក ០៣នាក់ទៀត កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវបន្តដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកខ្លួនចំនួន៣នាក់ទៀត ពិតជាបានរំលោភសេពសន្ថវៈទៅលើជនរងគ្រោះទាំងអស់គ្នាពិតប្រាកដមែន ។
ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជួញដូរមនុស្ស និងការពារអនិតិជន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹករសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ