រាជធានីភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ភាពសុខដុមរមនាក្នុងសង្គមយើងមិនមែនមានន័យថា ត្រូវស៊ុំគ្រលំជាមួយមន្ត្រីខូច ឈ្មួញទុច្ចរិត និងបុគ្គលធ្វើខុសច្បាប់នោះទេ ។
លោកបណ្ឌិត បានលើកឡើងលើបណ្តាញសង្គម នៅថ្ងៃទី២ កក្កដា ឆ្នាំ២០២៦ថា ភាពសុខដុមរមនា ដែលកើតចេញពីការបិទភ្នែកចំពោះអំពើខុសច្បាប់ ខុសសីលធម៌ និងផ្ទុយពីឧត្តមគតិជាតិ គឺមិនមែនជាភាពសុខដុមរមនាពិតប្រាកដទេ ប៉ុន្តែជាការបំបែកបំបាក់សង្គមយ៉ាងស្ងៀមស្ងាត់ និងធ្វើឱ្យទំនុកចិត្តសាធារណៈប្រេះស្រាំពីខាងក្នុង ។
លោកបណ្ឌិត បានលើកឡើងទៀតថា ការស្តាយសន្លឹកឆ្នោតពីបុគ្គលខូចមួយក្ដាប់តូច គឺជាការប្រមាថចំពោះសន្លឹកឆ្នោត ទំនុកចិត្ត សេចក្តីសង្ឃឹម និងផលប្រយោជន៍របស់ប្រជាជនភាគច្រើន។ ដូច្នេះ ថ្នាក់ដឹកនាំកំពូល និងរាជរដ្ឋាភិបាល គួរតែហ៊ានវះកាត់ ហ៊ានចាត់ការ និងហ៊ានផ្តន្ទាទោសមន្ត្រីខូច ឈ្មួញទុច្ចរិត និងបុគ្គលទាំងឡាយណាដែលរំលោភច្បាប់ ។
លោកបណ្ឌិត បានបញ្ជាក់ថា ៖ “សង្គមមួយមិនអាចរឹងមាំបានឡើយ ប្រសិនបើមេរោគពុករលួយ និងអំពើទុច្ចរិត ត្រូវបានរក្សាទុក ដោយសារតែការខ្លាចប៉ះពាល់មុខមាត់ អំណាច ខ្សែបណ្ដាញ ឬផលប្រយោជន៍នយោបាយក្នុងរយៈពេលខ្លី” ។
ជាមួយគ្នានោះដែរ លោកបណ្ឌិតថា វប្បធម៌ធ្វើខុស សំពះសុំទោសថ្នាក់ដឹកនាំ រួចខ្លួន គួរតែបញ្ចប់ទៅ។ ថ្នាក់ដឹកនាំមិនមែនជាព្រះយេស៊ូ ដែលចាំតែទទួលលាងបាបឱ្យមន្ត្រីខូច ឈ្មួញទុច្ចរិត ឬបុគ្គលធ្វើខុសច្បាប់ ឬខុសសីលធម៌នោះឡើយ។ អ្នកធ្វើខុស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ មិនមែនចំពោះមុខអារម្មណ៍អាណិតអាសូរ ឬការសំពះសុំទោសនោះទេ ។
លោកបណ្ឌិត បន្ថែមថា ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ ក៏មិនគួរបន្តផ្តល់អភ័យដោយមនោសញ្ចេតនា ដែលរំលងនីតិវិធីច្បាប់ដែរ។ ការអភ័យទោស ដោយមិនឆ្លងកាត់ច្បាប់ គឺជាលុបបំបាត់អំណាចច្បាប់ដោយផ្ទាល់ដៃ។ បើច្បាប់ ត្រូវចាញ់អំណាចទឹកភ្នែក ការសំពះ និងខ្សែរយៈទំនាក់ទំនង នោះច្បាប់នឹងបាត់អានុភាព បាត់ប្រសិទ្ធភាព និងបាត់ការគោរពពីសង្គមដែរ ។
លោកបណ្ឌិត គិន ភា សង្កត់ធ្ងន់ថា ៖ “សង្គមយើង នឹងមិនបែកបាក់ ឬដួលរលំដោយសារការកម្ចាត់មន្ត្រីខូច ឈ្មួញទុច្ចរិត និងបុគ្គលធ្វើខុសច្បាប់នោះឡើយ។ ផ្ទុយទៅវិញ សង្គមយើងនឹងរឹងមាំ នៅពេលប្រជាជនឃើញថា ច្បាប់មានអានុភាព និងត្រូវបានអនុវត្តដោយគ្មានការលើកលែង។ អ្វីដែលធ្វើឱ្យសង្គមបែកបាក់ គឺការឱបក្រសោប ការការពារ និងការស៊ុំគ្រលំជាមួយមនុស្សខូច ដែលធ្វើឱ្យមនុស្សស្មោះត្រង់អស់សង្ឃឹម និងធ្វើឱ្យមនុស្សខូចកាន់តែបានចិត្ត។ ចង់ឱ្យប្រទេសខ្លាំង ត្រូវតែធ្វើឱ្យច្បាប់ខ្លាំង” ។
លោកថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវតែទទួលខុសត្រូវចំពោះមុខប្រជាជាតិ ប្រជាជន និងរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវរួមនិងទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រផង។ តំណែងសាធារណៈមិនមែនជាអភ័យឯកសិទ្ធិផ្ទាល់ខ្លួនទេ ប៉ុន្តែជាការទុកចិត្តពីជាតិនិងយកទៅបម្រើជាតិ។ អ្នកប្រើតំណែងដើម្បីលួចបន្លំ រំលោភអំណាច ឬបំផ្លាញផលប្រយោជន៍សាធារណៈ ត្រូវទទួលខុសត្រូវទាំងផ្នែករដ្ឋបាល វិន័យ ច្បាប់ និងសីលធម៌នយោបាយ។
លើសពីនេះ លោកបណ្ឌិត គិន ភា បន្ថែមថា រាជរដ្ឋាភិបាលត្រូវតែហ៊ានវះកាត់សាច់ស្អុយ ដើម្បីពង្រឹងសមត្ថភាពជាតិនិងស្តារទំនុកចិត្តប្រជាជន។ ការរក្សាមន្ត្រីខូចម្នាក់ អាចធ្វើឱ្យបាត់បង់ទំនុកចិត្តពីប្រជាជនរាប់ពាន់រាប់ម៉ឺននាក់។ ការការពារឈ្មួញទុច្ចរិតម្នាក់ អាចធ្វើឱ្យខូចទីផ្សារ ខូចសេដ្ឋកិច្ច និងខូចសីលធម៌សង្គមទាំងមូល។ ការអនុគ្រោះបុគ្គលធ្វើខុសច្បាប់ម្នាក់ អាចធ្វើឱ្យច្បាប់មានពិការភាពចំពោះមនុស្សទូទៅ ។
ដូច្នេះ រាជរដ្ឋាភិបាល មិនគួរចេញថ្លៃអាហារដែលខ្លួនមិនបានពិសានោះទេ។ អ្នកណាធ្វើខុស អ្នកនោះត្រូវទទួលខុសត្រូវ។ អ្នកណាបំផ្លាញទំនុកចិត្តសាធារណៈ អ្នកនោះត្រូវទទួលទោសតាមច្បាប់។ ដូចគ្នាដែរ អ្នកណាដែលស៊ុំគ្រលំ ការពារ ឬបិទបាំងអ្នកខូច ក៏ត្រូវទទួលខុសត្រូវដូចគ្នា។ នេះមិនមែនជាការបែកបាក់សង្គមឬផ្តួលរំលំជាតិទេ ប៉ុន្តែជាការសង្គ្រោះសង្គមពីការរលួយខាងក្នុង និងការផ្ចុងផ្តើមជាតិឱ្យកាន់តែរឹងមាំនិងប្រកបដោយវឌ្ឍនភាព៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ