ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​ដំណើរការ«​ទិដ្ឋាការ​មាស​»ជា​ផ្លូវ​ការ ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស

2 ខែ មុន

រដ្ឋធានី​ហ្សា​ការ​តា ៖ ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី ចូ​កូ វី​ដូ​ដូ (Joko Widodo) កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤…

រដ្ឋធានី​ហ្សា​ការ​តា ៖ ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី ចូ​កូ វី​ដូ​ដូ (Joko Widodo) កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ បាន​ប្រកាស​ថា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​ចាប់ផ្តើម​ដំណើរការ​ទិដ្ឋាការ​រយៈពេល​វែង ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា «​ទិដ្ឋាការ​មាស​» ជា​ផ្លូវការ ក្នុង​គោលបំណង​ទាក់ទាញ​ជនបរទេស ជា​ពិសេស​វិនិយោគិន​បរទេស សម្រាប់​ការ​ចេញ​-​ចូល​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។

តាម​ប្រភព​ពី​ទី​ភ្នា​ក់​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ បាន​រាយការណ៍​ថា «​ទិដ្ឋាការ​មាស​» សម្រាប់​រយៈពេល​៥​ឆ្នាំ តម្រូវ​ឱ្យ​វិនិយោគិន​ម្នាក់ បង្កើត​ក្រុមហ៊ុន​មាន​តម្លៃ​ចាប់ពី​២.៥​លាន​ដុល្លារ ខណៈ​ដែល​ទិដ្ឋាការ​រយៈពេល​១០​ឆ្នាំ ទាមទារ​ការ​វិនិយោគ​ចាប់ពី​៥​លាន​ដុល្លារ​។
ចំពោះ​បុគ្គល​ដែល​មិន​មាន​បំណង​ចង់​បើក​ក្រុមហ៊ុន ពួក​គេ​ត្រូវ​ដាក់​ប្រាក់​តម្កល់​ចំនួន​៣៥០,០០០​ដុល្លារ ដើម្បី​ទទួល​បានការ​ស្នាក់​នៅ​រយៈពេល​៥​ឆ្នាំ និង​៧០​ម៉ឺន​ដុល្លារ សម្រាប់​រយៈពេល​១០​ឆ្នាំ​។ ហើយ​ប្រាក់​ទាំងនោះ អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទិញ​មូល​ប​ត្រ​បំណុល​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី ក៏​ដូច​ជា​ភាគហ៊ុន​ក្រុមហ៊ុន​សាធារណៈ ឬ​ដាក់​ប្រាក់​បញ្ញើ​ជាដើម​។

ដោយឡែក ការ​វិនិយោគ​សាជីវកម្ម​តម្រូវ​ឱ្យ​វិនិយោគ​ចំនួន ២៥​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ទទួល​បាន​ទិដ្ឋាការ​រយៈពេល​៥​ឆ្នាំ សម្រាប់​បុគ្គល​តំណែង​ជានា​យក​ក្រុមហ៊ុន​។ ហើយ​ពួក​គេ​ត្រូវ​វិនិ​យោគ​៥០​លាន​ដុល្លារ ដើម្បី​ទទួល​បាន​ទិដ្ឋាការ​រយៈពេល​១០​ឆ្នាំ​។ ប្រភព​ពី​កាសែត The Jakarta Post កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ការ​ចាប់ផ្តើម​ដំណើរការ​ទិដ្ឋាការ​មាស​ជា​ផ្លូវការ​នេះ ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី​បាន​គូសបញ្ជាក់​ថា ដើម្បី​ទទួល​បាន​ជនបរទេស ជា​ពិសេស​វិនិយោគិន​បរទេស​ដែល​មានគុណ​ភាព​។ ហើយ​លោក​ក៏​បាន​ព្រមាន​ប្រឆាំង​នឹង​អ្នក​ចំណូល​ថ្មី ដែល​មិន​ផ្តល់​អត្ថប្រយោជន៍ ឬ​អាច​បង្ក​បញ្ហា​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​។

លោក Silmy Karim ប្រធាន​ទីភ្នាក់ងារ​អន្តោប្រវេសន៍​ជាតិ​ឥណ្ឌូ​ណេ​ស៊ី បាន​ថ្លែង​ថា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​ផ្តល់​ទិដ្ឋាការ​មាស​ដល់​បុគ្គល​ជិត​៣០០​នាក់ ចាប់តាំងពី​ការ ចាប់ផ្តើម​សាកល្បង កាលពី​ឆ្នាំ​មុន ដោយ​បាន​ទាក់ទាញ​កា​រវិន​យោគ​សរុប​ចំនួន ១២៣​លាន​ដុល្លារ​។

ទន្ទឹម​នឹង​នេះ លោក​បាន​បន្ថែម​ថា អាជ្ញាធរ​ក៏​កំពុង​តែ​ពិភាក្សា​អំពី​ការ​ផ្តល់​ជូន​ពិសេស សម្រាប់​ជនបរទេស​មាន​ដើម​កំណើត​ឥណ្ឌូ​ណេ​ស៊ី ដោយ​យក​គំរូ​តាម Overseas Citizenship of India (OCI) របស់​ប្រទេស​ឥណ្ឌា ដែល​អនុញ្ញាត​ឱ្យ​ជនបរទេស​មាន​ដើម​កំណើត​ឥណ្ឌា​អាច​មក​លេង ធ្វើការ និង​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​គ្មាន​កំណត់​៕ (​ប្រភព ៖ Reuters និង The Jakarta Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ