ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​បង់​ក្លា​ដេ​ស​បើកបរ​រថយន្ត​តូ​យ៉ូ​តាអាល់​ហ្វា​ត ធ្លាក់​ផ្លូវ នគរបាល​ស្ទូច​យក​ទៅ​ទុក​ទាំង​ព្រឹក

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​រថយន្ត​តូ​យ៉ូ​តា អាល់​ហ្វា​ត (TOYOTA ALPHARD) ១​គ្រឿង​ បើកបរ​ និង​ជិះ​ដោយ​បុរស​ជនជាតិ​បង់​ក្លា​ដេ​ស ​ចំនួន​៣​នាក់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​រថយន្ត​តូ​យ៉ូ​តា អាល់​ហ្វា​ត (TOYOTA ALPHARD) ១​គ្រឿង​ បើកបរ​ និង​ជិះ​ដោយ​បុរស​ជនជាតិ​បង់​ក្លា​ដេ​ស ​ចំនួន​៣​នាក់ ខណៈ​ពេល​បើកបរ​សុខ​ៗ ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ផ្អៀង​មួយ​ចំហៀង​ វិះ​នឹង​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទៅ​ហើយ ដោយ​ពុំ​ដឹង​ថា ​អ្នកបើកបរ​ស្រវឹងស្រា ឬ​ក៏​ងងុយដេក​ហើយ​ងោក​នោះ​ឡើយ ទើប​ជួប​បញ្ហា​បែប​នេះ ប៉ុន្តែ​ពុំ​បាន​បណ្ដាល​ឲ្យ​ពួក​គាត់​រង​របួស​ឡើយ។ ក្រោយ​ពេល​កើតហេតុ​ ដោយ​ខ្លាច​រថយន្ត​នេះ ​មាន​ជាប់​ពាក់ព័ន្ធ ​និង​បទល្មើស​អ្វីមួយ​នោះ នគរបាល​ក៏​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​រង់ចាំ​ឲ្យ​ម្ចាស់​យក​ឯកសារ​ទៅ​ផ្ទៀងផ្ទាត់​ឲ្យ​ច្បាស់លាស់​ទើប​ប្រគល់​ជូន​វិញ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង​ចូល​វត្ត​ពោធិ៍​វ័ន ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​អ្នក​ច្រូតស្មៅ​គោ​ម្នាក់​ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ខណៈ​ដែល​គាត់​កំពុង​រក​ច្រូតស្មៅ​ឲ្យ​គោ​ស៊ី ​ក៏​បានឃើញ​រថយន្ត​ ១​គ្រឿង​ ម៉ាកតូ​យ៉ូ​តា អាល់​ហ្វា​ត ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​2BS-2010 បើកបរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ខាងលើ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ពុំ​ដឹង​ថា អ្នកបើកបរ​រថយន្ត​នេះ​ស្រវឹងស្រា ឬងងុយដេក​ ហើយ​ងោក​នោះ​ឡើយ ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ផ្អៀង​មួយ​ចំហៀង​ ដែល​នៅ​តែ​បន្តិច​ប៉ុណ្ណោះ និង​ក្រឡាប់​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​បាត់​ទៅ​ហើយ ។

អ្នក​ច្រូតស្មៅ​គោខាងលើ​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក​អ្នក​ជិះ​ក្នុង​រថយន្ត​រួម​ទាំង​អ្នកបើកបរ​សរុប​ចំនួន​៣​នាក់​ បាន​ចេញពី​ក្នុង​រថយន្ត ហើយ​មុន​ដំបូង​គាត់​ស្មានថា​ ជា​ជនជាតិ​ខ្មែរ តែ​នៅ​ពេល​បានឮ​ការ​និយាយ​គ្នា ទើប​ដឹង​ថា​ជា​ជនបរទេស ប៉ុន្តែ​គាត់​ក៏​មិនដឹង​ថា ​ជនជាតិ​អ្វី​ដែរ ព្រោះ​គាត់​មិន​ចេះ​ស្ដាប់​ភាសា​ អ្នក​ទាំង​៣​នាក់​នោះ​ទេ ហើយ​បន្តិច​ក្រោយមក ​អ្នកបើកបរ​រថយន្ត​ក៏​បាន​ចាកចេញ​ទៅ​បាត់ ដោយ​ទុក​តែ​អ្នក​រួម​ដំណើរ​ ២​នាក់​ នៅ​នឹង​កន្លែង​កើតហេតុ​ប៉ុណ្ណោះ ។

នគរបាល​បាន​ប្រាប់​ថា អ្នកបើកបរ​ និង​អ្នក​នៅ​ក្នុង​រថយន្ត​នេះ ​គឺជា​ជនជាតិ​បង់​ក្លា​ដេ​ស ហើយ​ពុំ​ទាន់​ដឹង​ថា ​ស្រវឹងស្រា ឬ​ងងុយដេក​នោះ​ទេ ទើប​បានជា​បើករថយន្ត​ធ្លាក់​ផ្លូវ​បែប​នេះ ដោយឡែក​រថយន្ត​នោះ​វិញ ក៏​ពុំ​ទាន់​ដឹង​ថា​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​និង​បទល្មើស​ដែរ​ឬ​អត់​នៅឡើយ​ទេ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នាំ​យក​រថយន្ត​ស្ទូច ទៅ​ស្ទូច​យក​រថយន្ត​នោះ​ ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​និង​ឲ្យ​ម្ចាស់​យក​ឯកសារ​ទៅ​ផ្ទៀងផ្ទាត់​ឃើញ​ថា​ត្រឹមត្រូវ គ្មាន​បទល្មើស ទើប​ប្រគល់​ជូន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ