បរទេស ៖ កម្រិតខ្យល់ពុលគ្របដណ្តប់ទូទាំងទីក្រុងហូជីមិញ ធ្វើឱ្យទីក្រុងនេះឈរនៅចំណាត់ថ្នាក់លេខ៧ក្នុងចំណោមទីក្រុងធំៗដែលមានខ្យល់ទាំង១២០ទូទាំងពិភពលោក ខណៈដែលទីក្រុងហាណូយជាប់ចំណាត់ថ្នាក់១៧ ។
សារព័ត៌មាន Vietnam Net បានចុះផ្សាយថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ទីក្រុងហូជីមិញទាំងមូល ត្រូវបានគ្របដណ្តប់ជាមួយនឹងអ័ព្ទយ៉ាងក្រាសខ្មឹក ដែលពោរពេញទៅដោយកំហាប់ភាគល្អិត PM 2.5 ឈានដល់កម្រិតព្រមានចំពោះសុខភាព សម្រាប់ប្រជាជនវៀតណាមរាប់លាននាក់ ដែលកំពុងរស់នៅក្នុងរដ្ឋធានីដ៏ធំរបស់ប្រទេសវៀតណាមមួយនេះ ។
ប្រភពដដែលបានបញ្ជាក់ថា ភាពអាប់អួរនៃខ្យល់ពុលនៅក្នុងបរិយាកាស បានអូសបន្លាយចាប់តាំងតែពីព្រឹកព្រលឹមមកម្ល៉េះ ហើយរហូតមកដល់ពេលរសៀល តំបន់ជាច្រើននៃទីក្រុងហូជីមិញនៅតែត្រូវបានគ្របដណ្តប់ដោយផ្សែងអព្ទ័ដ៏ក្រាសពាសពេញអាកាស ក្នុងនោះអគារខ្ពស់ៗ ត្រូវបានបិទបាំង ដោយមិនអាចមើលឃើញពីចម្ងាយនោះទេ ជាពិសេសអ័ព្ទក្រាសនៅតាមបណ្តោយទន្លេ និងផ្លូវទឹកនានា។
ចំពោះមូលហេតុដែលបង្កឱ្យបាតុភូតនាថ្ងៃនេះ ត្រូវបានអ្នកស្រី Le Thi Xuan Lan អ្នកជំនាញនៃនាយកដ្ឋានឧតុនិយមនៃស្ថានីយជលសាស្ត្របានពន្យល់ថា ដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីយប់ម្សិលមិញ ដែលជំរុញឱ្យកំដៅភាយចេញពីដី រួមទាំងសំណើមឆ្អែត ហើយខ្យល់ក៏ខ្សោយ ក៏បង្កើតឱ្យមានបាតុភូតអ័ព្ទក្រាស់យ៉ាងដូច្នេះ។ ស្របគ្នានេះ អ្វីដែលបន្សល់ពីភ្លៀងធ្លាក់ខ្លាំងកាលពីយប់មិញនោះ ក្រៅពីលើមេឃពោរពេញដោយអ័ព្ទនៅលើដី តាមដងវិថីតូចធំក្នុងបណ្តាសង្កាត់នៅច្រើននៅតែមទឹកជន់លិចដោយជំនន់ទឹកភ្លៀង។
ដោយយោងលើកម្មវិធី IQ Air ដែលបំពាក់ឧបករណ៍តាមដានទិន្នន័យបំពុលខ្យល់នៅតាមទីក្រុងធំតូចទូទាំងពិភពលោកជាង៥០ម៉ឺនទីតាំងបានបង្ហាញថា នៅព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០២៤ កម្រិតបំពុលខ្យល់នៅទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ៧ក្នុងចំណោមទីក្រុងធំៗ១២០ក្នុងពិភពលោក ខណៈទីក្រុងហាណូយដែលរដ្ឋធានីដ៏ធំមួយទៀតរបស់វៀតណាមបានជាប់ចំណាត់ថ្នាក់១៧ លើ១២០ ។
ស្របគ្នានឹងចំណាត់ថ្នាក់នៃកម្រិតបំពុលខ្យល់ដ៏ធ្ងន់ធ្ងរបែបនេះ ជំរុញឱ្យអ្នកជំនាញផ្នែកសុខាភិបាលព្រមានទៅដល់ក្រុមមនុស្សដែលងាយនឹងកើតជំងឺផ្លូវដង្ហើម ដោយជំរុញឱ្យពួកគេពាក់ម៉ាស់ការពារ ឬស្នាក់នៅក្នុងផ្ទះបើមិនចាំបាច់ត្រូវចេញទៅក្រៅ។ វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺផ្លូវដង្ហើម បានអះអាងថា ការកើនឡើងយ៉ាងគំហុកនៃកម្រិត PM2.5 នៅក្នុងបរិយាកាស អាចបង្កគ្រោះថ្នាក់ដល់សុខភាព ជាពិសេសចំពោះអ្នកជំងឺផ្លូវដង្ហើម មនុស្សចាស់ និងកុមារតូចៗ ហើយប្រសិនបើពួកគេ ដកដង្ហើមស្រូបយកខ្យល់ពុលទាំងនោះ ក្នុងរយៈពេលយូ វានឹងបង្កើនហានិភ័យនៃជំងឺមហារីកសួត។
ឪពុកម្តាយគ្រប់រូប ត្រូវបាណណែនាំឱ្យបង្កើនការការពារកូនរបស់ពួកគេពីផលប៉ះពាល់ដែលបំផ្លាញសុខភាពនៃការបំពុលខ្យល់ ខណៈដែលភាគល្អិត PM2.5 ដែលស្រូបចូលតាមខ្យល់ដកដង្ហើមអាចជ្រៀតយ៉ាងជ្រៅទៅដល់ក្នុងសួត បង្កើនហានិភ័យនៃបញ្ហាសុខភាពដូចជាជំងឺបេះដូង និងជំងឺហឺត។
គួរកត់សម្គាល់ថា ប្រទេសវៀតណាម ដាក់កម្រិតសុវត្ថិភាព PM2.5 នៅកម្រិតក្រោម ៥៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ (µg/m3) នៃខ្យល់ក្នុងរយៈពេល ២៤ម៉ោង។ ទោះជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោកបានណែនាំថា ការប៉ះពាល់ជាមធ្យមរយៈពេល 24 ម៉ោងមិនគួរលើសពី ១៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ឡើយ។
ប៉ុន្តែបច្ចុបច្ចុប្បន្ន នៅក្នុងវៀតណាម ជាពិសេសទីក្រុងហូជីមីញ ទីក្រុងហាណូយ និងទីក្រុងធំៗជាច្រើនត្រូវបានវាស់ឃើញថា កំហាប់ PM2.5 បានហក់ឡើងដល់ទៅជិត 80មីក្រូក្រាមក្នុងមួយម៉ែត្រគូបឯណោះ ។
ចែករំលែកព័តមាននេះ