ខេត្តសៀមរាប ៖ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ឋពិធីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះ ខែ អកអំបុក នៅខេត្តសៀមរាប ក៏មានរៀបពិធីនេះរយៈពេលពីរថ្ងៃ និងមានបន្ថែមកម្មវិធីអុំទូកលក្ខណៈមិត្តភាពរវាងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត ជាមួយរដ្ឋបាលខេត្ត និងអង្គភាពមន្ទីរស្ថាប័ននានា ព្រមទាំងកម្មវិធីកំសាន្តសប្បាយៗ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលសរុបមានរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ខែវិច្ឆិកាឆ្នាំ២០២៤ ។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានបើកជាផ្លូវការនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេទិកាស្ទឹងសៀមរាប ក្រោមអធិបតីភាព លោក លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ , លោកប្រាក់ សោភ័ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងវត្តមាន លោក លោកជំទាវ សមាជិកសមាជិកា ព្រឹទ្ធ សភា . រដ្ឋសភា លោក លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី គណៈអភិបាលខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបង និង កុងស៊ុលប្រចាំខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធទាំង ៣ អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អស់លោក លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ។

តាមសេចក្តីរាយការណ៍របស់លោក នួន គ្រឹះស្នា អនុប្រធានគណៈកម្មការបច្ចេកទេសបានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ នេះ ការប្រណាំងទូក(ង) មានទូកចូលរួមចំនួន ៣៧ទូក មានទូកនារី ០៤ទូក ដែលមានចំណុះ ២២នាក់ មានការកើនឡើងជាងឆ្នាំ២០២៣ ដែលមានកីឡាករ កីឡាការីនី សរុប ៩០៩នាក់ នារី ១១០នាក់ តាមប្រភេទទូកខ្នាតអន្តរជាតិ ដែលបានកំណត់ដោយគណៈកម្មាធិការជាតិកីឡាអូឡាំពិច ដើម្បីសម្រាប់ប្រកួតជាលក្ខណៈជាតិ អន្តរាជាតិ។ ក្នុងពិធីប្រណាំងទូកនេះ ក៏មានការប្រកួតប្រណាំងនូវក្រឡោ ដែលជាសម្បត្តិវប្បធម៌ប្រពៃណីខ្មែរយើងនៅខេត្តសៀមរាប ។

ថ្លែងបើកអង្គពិធី លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តដាក់ ខ្ពស់លើបណ្តាវិស័យទេសចរណ៍ក្នុងខេត្ត ក្នុងនោះតាមរយៈការដាក់ចេញកម្មវិធីពិសេស “ទស្សនាសៀមរាបឆ្នាំ២០២៤” ដែលធ្វើឲ្យខេត្តសៀមរាប មានព្រឹត្តិការណ៍ជាតិ អន្តរជាតិធំៗជាច្រើន តួ យ៉ាងដូចជាពិធីបុណ្យទន្លេ សៀមរាបសង្ក្រាន្ត កម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» នៅមុខប្រាសាទ អង្គរវត្ត សហគមន៍ទេសចរណ៍ភូមិវត្តបូព៌ ការតាំងពិពណ៌អាហារ កម្មវិធីវេចអន្សមភ្ជុំបិណ្ឌ កម្មវិធី “ស្នាមញញឹមនៃកម្ពុជា” លើកទី២ និងកិច្ចប្រជុំធំៗទាំងថ្នាក់ជាតិ អន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗទៀត។

ដោយឡែក នៅខែឆ្នូ ខាងមុខនេះ ខេត្តក៏មានព្រឹត្តិការណ៍ជាច្រើន ដូចជាកម្មវិធីបង្ហោះខ្លែងឯក ការរត់ពាក់កណ្តាល ម៉ារ៉ាតុន ការប្រកួតប្រដាល់គុនខ្មែរជើង ឯកពិភពលោក ព្រមទាំងកម្មវិធីផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរ ជាតិ មកទស្សនាខេត្តសៀមរាប ក៏ដូចជាការបង្កើនសេដ្ឋកិច្ចដល់បងប្អូនប្រជាពល រដ្ឋក្នុងខេត្តសៀមរាបផងដែរ។

អភិបាលខេត្តបន្ថែមថា៖ដើម្បីរួមចំណែក ក្នុងការថែរក្សាវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ រដ្ឋបាលខេត្តសៀម រាប តែងតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃ១៤ និងថ្ងៃ១៥កើត ខែកត្តិកជារៀងរាល់ឆ្នាំ។ លោក សូមកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងវិស័យឯកជននានា ដែលបានរៀបចំក្រុមប្រណាំងទូកមានសរុបចំនួន ៣៧ទូក មានកីឡាករ កីឡាការិនីមកពីបណ្តាក្រុង ស្រុក និងមន្ទីរ អង្គភាពនានាក្នុងខេត្ត សរុបចំនួន ៩០៩នាក់ និងប្រទីបបំភ្លឺលម្អរនៅពេលរាត្រីចំនួន ១៥ប្រទីបផងដែរ ។

លោក ក៏បានធ្វើការផ្តាំផ្ញើ ដល់ជនរួមជាតិទាំងអស់ ដែលចូលរួមក្នុងព្រះរាជ ពិធី បុណ្យ អុំទូកនេះ សូមចូលរួមថែរក្សានូវអនាម័យ បរិស្ថាន ក្នុងការលើកស្ទួយវប្បធម៌ សោភ័ណ្ឌភាពក្រុងប្រវត្តិសាស្ត្រអង្គរ ព្រមទាំងរក្សាការពារនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន សំខាន់កុមារតូចៗ នៅក្នុងពិធីបុណ្យផងដែរ ៕







ចែករំលែកព័តមាននេះ