ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ឆ្លៀតពេល​ដ៏​មមាញឹក ជួប​សំណេះសំណាល​ជាមួយ​លោកតា លោកយាយ និង​សិស្សានុសិស្ស នៅ​សហគមន៍​ស្ទឹង​មាន​ជ័យ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជួប​សំណេះសំណាល ពិសារ​អាហារ​សាមគ្គី​ជាមួយ លោកតា លោកយាយ និង​សិស្សានុសិស្ស នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) ប្រមាណ​ជិត ១,០០០នាក់ នៅ​សា​លាម​ត្តេ​យ្យ​យ៉ូ​ស ស្ថិត​ក្នុងភូមិ​ប្ញ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ក្នុង​ដំណើរ​ចុះ​សួរសុខទុក្ខ​ដោយ​ឥត​ព្រៀង​ទុក​នេះ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​លោកតា​លោកយាយ និង​សិស្សានុសិស្ស​ នៃ​អង្គការ​ទាំង​២ ប្រកបដោយ​ភាព​សប្បាយ​រីករាយ ព្រមទាំង​បាន​សន្យា​ថា​នឹង​រៀបចំ​ដំណើរ​កម្សាន្ត​ជូន​លោកតា​លោកយាយ​ទៅ​កម្សាន្ត​នៅ​ភ្នំ​គូ​លេ​ន ខេត្តសៀមរាប នា​ពេល​ខាង​មុខ​នេះ ។
ឆ្លៀត​ក្នុង​ឱកាស​នេះ សម្ដេច​បវរ​ធិ​បតី បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ដល់ លោក ស្កុ​ត នី​សិន ប្រធាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​លោកស្រី ម៉ា​រី​ហ្វ្រ​ង់ ដេ​ប៉ា​លី​យែ​រ នាយិកា​គ្រប់គ្រង​ នៃ​អង្គការ​ស្នាមញញឹម​ នៃ​កុមារ (PSE) ដែល​កន្លង​មក​អង្គការ​ទាំង​ពីរ បាន​រួមចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ចូលរួម​លើកកម្ពស់​ជីវភាព និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ ជា​ពិសេស បាន​ផ្ដល់​ការ​អប់រំ​ដល់​កូន​ៗ​របស់​ពួក​គាត់​តាំងពី​ថ្នាក់​បឋម​សិស្ស​រហូត​ដល់​ឧត្តម​សិក្សា និង​អ្នកខ្លះ​មាន​សមត្ថភាព​ទទួល​បាន​អាហារូបករណ៍​ចេញ​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ថែម​ទៀត ។ ជាមួយ​គ្នា​នេះ សម្ដេច ក៏​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​នៃ​អង្គការ​ទាំង​ពីរ ដើម្បី​បាន​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា នៅ​ក្នុង​ប្រទេស និង​អាហារូបករណ៍​នៅ​ប្រទេស​ចិន​ផង​ដែរ ។

ក្នុង​ឱកាស​នោះ លោក ស្កុ​ត នី​សុ​ន ប្រធាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) បាន​បង្ហាញ​ចំណាប់អារម្មណ៍ និង​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​បវរ​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ដែល​បាន និង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​បេសកកម្ម​របស់​អង្គការ​មនុស្សធម៌​របស់​លោក​អស់​រយៈពេល​ជាង ១០ ឆ្នាំ មកនេះ ។ ទន្ទឹម​នេះ លោក ស្តុ​ត នី​សុ​ន ក៏​បាន​ធ្វើ​សេចក្ដីរាយការណ៍​សំខាន់​ៗ​អំពី​សមិទ្ធផល​ជាង ២០ ឆ្នាំ របស់​អង្គការ​នៅ​លើ​ទឹកដី​កម្ពុជា​ក្នុង​សហគមន៍​ស្ទឹង​មាន​ជ័យ ដោយ​បាន​ជួយ​គាំទ្រ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់ តាម​រយៈ​ការ​គាំទ្រ​សហគមន៍ កម្មវិធី​ថែទាំ​សុខភាព និង​កម្មវិធី​អប់រំ ក្នុង​នោះ​មាន​សិស្ស​កំពុង​សិក្សា​ចំនួន​សរុប​ប្រមាណ ១.៨០០ នាក់ ដោយ​សិស្ស​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​មាន​ចំនួន ១៨៥ នាក់ នៅ​ទារកដ្ឋាន និង​ម​តេ​យ្យ​សិក្សា ១៤០ នាក់ ។

លោកតា លោកយាយ សិស្សានុសិស្ស​ទាំងអស់ បាន​បង្ហាញ​ក្ដី​រំភើប និង​សប្បាយ​រីករាយ​ឥត​ឧបមា ដែល​សម្ដេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត បាន​ផ្ដល់​កិត្តិយស​ឆ្លៀតពេល​ដ៏​មមាញឹក​ពី​ការងារ​ចុះ​ជួប​ណេះ​សំ​ណា​ល និង​ពិសារ​អាហារ​សាមគ្គី ជាមួយ​គ្នា ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច និង​លោក​ជំទាវ ក៏​ដូច​ជា​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​សិស្សានុសិស្ស​របស់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ និង​ការ​សិក្សា​របស់​ក្មេង​ៗ​ក្នុង​សហគមន៍​នេះ​។

ជា​ចុង​ក្រោយ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក៏​បាន​ផ្ដល់​អំណោយ​ជូន​លោកតា លោកយាយ អង្គការ​ទាំង​ពីរ និង​សិស្សានុសិស្ស​មាន​ទាំង​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ ជា​ច្រើន​សម្រាប់​បំពេញតម្រូវការ​ទទួលទាន​ប្រចាំ​ថ្ងៃ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ