រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើដល់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹងកិច្ចការពារក្តីជូនជនក្រីក្រ និងជួយការពារក្តី ជូនជនក្រីក្រ ដោយឥតគិតកម្រៃ ។
ឯកឧត្តម រដ្ឋមន្ត្រី បានស្នើបែបនោះ នៅក្នុងពិធីបិទមហាសន្និបាត ប្រចាំឆ្នាំ លើកទី២៩ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដែលបានរៀបចំធ្វើទ្បើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វា ។
សូមជម្រាបថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ កន្លងមកក៏បានជួយសម្របសម្រួល និងបានផ្តល់សេចក្តីទុកចិត្ត រួមទាំងផ្តល់ឱកាសដល់គណៈមេធាវី និងមេធាវីលើការងារ ៤ចំណុចធំៗ ផងដែរ រួមមាន ៖ ការជួយសម្របសម្រួលជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការផ្តល់ថវិកាប្រចាំឆ្នាំសម្រាប់ការពារក្តីជូនជនក្រីក្រ ដែលក្នុងឆ្នាំនេះ និងឆ្នាំក្រោយ គណៈមេធាវីទទួលបានថវិកាចំនួន ២,៦០០លានរៀល ពីកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌សម្រាប់ចំណាយលើការការពារក្តីជូនជនក្រីក្រ និងបានផ្តល់ជូនគណៈមេធាវី នូវកិច្ចគាំពារ ផ្នែករដ្ឋបាល សាលសិក្សា និងបន្ទប់ការិយាល័យសម្រាប់បណ្តុះបណ្តាលសិស្សមេធាវី នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ស្របតាមអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ។
ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើតែងតាំង និងផ្តល់ឋានៈដល់មេធាវី ជាសមាជិកក្រុមប្រឹក្សានីតិកម្មនិងយុត្តិធ៌ម ទីប្រឹក្សា និងជំនួយការអមក្រសួងយុត្តិធម៌ និងបានផ្តល់ឱកាសដល់គណៈមេធាវី ក្នុងការចូលរួមជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាសមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ រួមទាំងផ្តល់ឱកាសដល់មេធាវី ក្នុងការចូលរួមជាសន្ធានការីធ្វើការសម្របសម្រួលផ្សះផ្សាវិវាទជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងក្របខ័ណ្ឌ អ.ដ.ក. និងក្នុងក្របខ័ណ្ឌ នៃវិជ្ជាជីវៈ ដូចមានកំណត់ក្នុងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអនុស្សរណៈ នៃការយោគយល់គ្នារវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងគណៈមេធាវីផងដែរ ។
ចំណែក លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១៤ ក៏បានដាក់ចេញ នូវទិសដៅសម្រាប់ឆ្នាំ២០២៥ ដើម្បីនិរន្តរភាព និងបន្តលើកកម្ពស់ឧត្តមភាព និងកិត្យានុភាព នៃវិជ្ជាជីវៈមេធាវី ដែលជាសំខាន់គណៈមេធាវី ត្រូវបន្តអនុវត្តគោនយោបាយមេធាវីវ័យក្មេង និងបន្តយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុខុមាលភាពរបស់មេធាវី ដែលមានវ័យចាស់។ ត្រូវបន្តពិនិត្យនិងពិភាក្សាលើច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដើម្បីធ្វើវិសោធនកម្មឱ្យស្របតាមបច្ចុប្បន្នភាពនៃសង្គម និងផលប្រយោជន៍ នៃវិជ្ជាជីវៈមេធាវី។ ជាមួយនោះត្រូវសិក្សា ស្រាវជ្រាវ និងពិភាក្សាលើការបង្កើតយន្តការផ្តល់សេវាសន្ធានការីក្នុងក្របខ័ណ្ឌ គណៈមេធាវីដល់សាធារណជន ដើម្បីពង្រីកសេវាកម្មរបស់វិជ្ជាជីវៈមេធាវី ។
លោកបន្ថែមថា ជាមួយការងារខាងលើគណៈមេធាវី ត្រូវបន្តរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ និងសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីពង្រឹងការអនុវត្តការងាររបស់មេធាវីប្រចាំរដ្ឋបាលរាជធានី ខេត្ត។ បន្តកិច្ចពិភាក្សា និងដោះស្រាយបញ្ហា នៃការអនុវត្តសិទ្ធិរបស់មេធាវី នៅដំណាក់កាលនគរបាលយុត្តិធម៌។ បន្តពង្រឹងការអនុវត្តច្បាប់ ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី បទបញ្ជាផ្ទៃក្នុង នៃគណៈមេធាវី និងសេចក្តីសម្រេចផ្សេងៗរបស់គណៈមេធាវី ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ទន្ទឹមនោះ ត្រូវបន្តពិនិត្យ និងការពារមេធាវីនៅក្នុងការប្រកបវិជ្ជាជីវៈ ស្របតាមច្បាប់ជាធរមាន។ បន្តពិនិត្យ តាមដាន និងមានវិធានការម៉ឺងម៉ាត់ចំពោះមេធាវី ក្នុងការអនុវត្តវិជ្ជាជីវៈ ដែលមិនគោរពតាមច្បាប់ និងវិធានវិជ្ជាជីវៈមេធាវី និងសិក្សាឡើងវិញ អំពីយន្តការដាក់ទណ្ឌកម្មវិន័យរបស់ក្រុមប្រឹក្សាគណៈមេធាវី និងបន្តចាត់វិធានការតាមផ្លូវច្បាប់ចំពោះជន ដែលប្រកបវិជ្ជាជីវៈមេធាវីខុសច្បាប់ ។
លោកបានបញ្ជាក់ថា អ្វីដែលសំខាន់នោះ ត្រូវបន្តពង្រឹងកិច្ចការពារក្តីជូនជនក្រីក្រ និងការងារប្រតិភូគណៈមេធាវីនៅទូទាំងប្រទេស និងអនុវត្តគោលនយោបាយលេខ០៩៨/សសគម/២១ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការពិគ្រោះយោបល់និងការពារក្តីជូនជនក្រីក្រ ដោយឥតគិតកម្រៃ និងបន្តអនុវត្តគម្រោងមេធាវីដល់មូលដ្ឋាន និងបន្តផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង និងការទទួលស្គាល់តួនាទីរបស់មេធាវីក្នុងសង្គម ទាំងលើឆាកជាតិនិងអន្តរជាតិ។ បន្តពង្រឹងគុណភាព សមត្ថភាព និងជំនាញដល់មេធាវី តាមរយៈការបណ្តុះបណ្តាលជាប្រចាំ សិក្ខាសាលា ទស្សនកិច្ចសិក្សា ទាំងក្នុងនិងក្រៅប្រទេស ដើម្បីឆ្លើយតបនឹងការ វិវឌ្ឍសង្គម សេដ្ឋកិច្ច និងចរន្តនៃសាកលភាវូបនីយកម្ម ជាពិសេសត្រូវចេះប្រើឧបករណ៍បច្ចេកវិទ្យា ដើម្បីដើរឱ្យទាន់នូវការរីកនៃបច្ចេកវិទ្យា ហើយយកចំណេះដឹងនេះមកប្រើប្រាស់ជាឧត្តមប្រយោជន៍នៃកិច្ចការងារមេធាវីរបស់ខ្លួន ។
លោក លី ចាន់តុលា បានរំលឹកថា ដើម្បីសម្រេចបានកិច្ចការសំខាន់ៗខាងលើ គណៈមេធាវី ត្រូវតែយកចិត្តទុកដាក់លើការងារពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងវិជ្ជាជីវៈមេធាវីឱ្យបានកាន់តែប្រសើរឡើង រួមទាំងការ អនុវត្តគោលនយោបាយ និងសកម្មភាពផ្សេងៗទៀត ដែលដាក់ចេញដោយថ្នាក់ដឹកនាំគណៈមេធាវីអាណត្តិថ្មី ។
លោក លី ចាន់តុលា ក៏បានស្នើសុំសហភាតាត្រូវខិតខំបង្កើនសមត្ថភាពរបស់ខ្លួន ចាប់យកជំនាញច្បាស់លាស់ក្នុងវិស័យច្បាប់ណាមួយ និងត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធាននិងសីលធម៌វិជ្ជាជីវៈសេចក្តីថ្លៃថ្នូរ ទាំងក្នុងពេលប្រកបវិជ្ជាជីវៈ ទាំងនៅក្រៅពេលប្រកបវិជ្ជាជីវៈ ពីព្រោះសមត្ថភាព សីលធម៌វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ គឺជាសរសរស្តម្ភយ៉ាងរឹងមាំសម្រាប់លើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈរបស់មេធាវីម្នាក់ៗ ៕
ចែករំលែកព័តមាននេះ