ទីក្រុងប្រ៊ុចសែល៖ ថ្ងៃនេះ ប្រទេសបែលហ្សិចចាប់ផ្ដើមពង្រឹងសន្តិសុខជាតិរបស់ខ្លួនដើម្បីការពារកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបដែលរៀបចំនៅទីក្រុងប្រ៊ុចសែល។ គេគិតថារបៀបវារៈសំខាន់នៃកិច្ចប្រជុំលើកនេះក៏រួមបញ្ចូលទាំងបញ្ហាហូរចូលនៃជនចំណាកស្រុកខុសច្បាប់ទៅសហភាពអឺរ៉ុប, បញ្ហាអ៊ុយក្រែន និងបញ្ហាមជ្ឈិមបូព៌ា។ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គីក៏កំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនេះផងដែរបន្ទាប់ពីលោកថ្លែងប្រាប់រដ្ឋសភាអំពីផែនការជ័យជម្នះកាលពីម្សិលមិញ។
គេរំពឹងថាសហភាពអឺរ៉ុបនឹងពិភាក្សាអំពីការដាក់ចេញវិធានការដើម្បីជួយអ៊ុយក្រែនតស៊ូរបស់ខ្លួននៅក្នុងសង្គ្រាម។ អឺរ៉ុបក៏នឹងអំពាវនាវឱ្យមានបទឈប់បាញ់នៅមជ្ឈិមបូព៌ាផងដែរនៅពេលសង្គ្រាមនៅហ្កាហ្សា និងលីបង់បន្តឆាបឆេះយ៉ាងក្ដៅគគុក។ សង្គ្រាមនេះស្រួលមិនស្រួលអាចនឹងផ្ទុះឡើងពេញតំបន់មជ្ឈិមបូព៌ានៅពេលអ៊ីស្រាអែលត្រៀមវាយប្រហារអ៊ីរ៉ង់។
ពាក់ព័ន្ធនឹងការហូរចូលនៃជនអន្តោប្រវេសន៍ និងអ្នកចំណាកស្រុកខុសច្បាប់ចូលសហភាពអឺរ៉ុបនោះ ប្រទេសប៉ូឡូញចង់អំពាវនាវឲ្យសហភាពអឺរ៉ុបចាត់វិធានការក្ដៅចំពោះប្រទេសរុស្ស៊ី និងបេឡារូស។ ប៉ូឡូញយល់ថាអ្នកទាំង២នេះហើយជាមេខ្លោងធំជាងគេដែលនិយាយពន្យុះឱ្យមានអ្នកចំណាកស្រុកចូលអឺរ៉ុបដើម្បីក្រឡុកស្ថានការណ៍នៅអឺរ៉ុបឱ្យមានភាពច្របូកច្របល់។
នៅក្នុងបញ្ហាអ៊ុយក្រែន លោកហ្សេឡិនស្គីនឹងប្រកាសអំពីផែនការជ័យជម្នះរបស់គាត់នៅក្នុងកិច្ចប្រជុំ។ លោកប្រមើលឃើញថាត្រឹមចុងឆ្នាំ២០២៥ អ៊ុយក្រែនអាចនឹងមានសន្តិភាពបើអនុវត្តទៅតាមផែនការនេះចាប់ពីពេលឥឡូវនេះទៅ។ គេដឹងថានៅក្នុងផែនការនោះមានចំណុចមួយនិយាយអំពីនិយាយអំពីការស្នើសុំឱ្យអង្គការណាតូទទួលយកអ៊ុយក្រែនជាសមាជិករបស់ខ្លួននៅឡើយសង្គ្រាមមិនទាន់ចប់នៅឡើយផង។ អគ្គលេខាធិការអង្គការណាតូ លោកម៉ាករ៉ាត់ (Mark Rutte) យល់ថានៅក្នុងកាលៈទេសៈនេះណាតូមិនអាចទទួលយកអ៊ុយក្រែនជាសមាជិករបស់ខ្លួនជាដាច់ខាត៕
ចែករំលែកព័តមាននេះ