ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់ត្រាថ្មី! ត្រឹម៩ខែដំបូង ជប៉ុនកើបចំណូលជិត៤០ពាន់លានដុល្លារពីភ្ញៀវទេសចរបរទេស

17 ម៉ោង មុន

ប្រទេសជប៉ុន ៖ ទិន្នន័យផ្លូវការ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានបង្ហាញថា ការចំណាយរបស់ភ្ញៀវទេសចរបរទេសក្នុងប្រទេសជប៉ុនក្នុងរយៈពេលត្រឹមតែ៩ខែដំបូងនៃឆ្នាំនេះ បានបំបែកកំណត់ត្រាប្រចាំឆ្នាំរបស់ខ្លួន។ នេះបង្ហាញពីថាមពលសេដ្ឋកិច្ចនៃការកើនឡើងដ៏សំខាន់បានមកពីវិស័យទេសចរណ៍…

ប្រទេសជប៉ុន ៖ ទិន្នន័យផ្លូវការ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានបង្ហាញថា ការចំណាយរបស់ភ្ញៀវទេសចរបរទេសក្នុងប្រទេសជប៉ុនក្នុងរយៈពេលត្រឹមតែ៩ខែដំបូងនៃឆ្នាំនេះ បានបំបែកកំណត់ត្រាប្រចាំឆ្នាំរបស់ខ្លួន។ នេះបង្ហាញពីថាមពលសេដ្ឋកិច្ចនៃការកើនឡើងដ៏សំខាន់បានមកពីវិស័យទេសចរណ៍ ដែលជំរុញដោយប្រាក់យ៉េនធ្លាកចុះ។

បើយោងតាមតួលេខបឋមពីអង្គភាពទេសចរណ៍ជាតិជប៉ុន ឬ JNTO បានបង្ហាញថា ភ្ញៀវទេសចរបរទេសបានចំណាយប្រាក់រហូតដល់ ៥.៨៦ទ្រីលានយ៉េន ស្មើនឹងជិត ៤០ពាន់លានដុល្លារអាមេរិក គិតត្រឹមដើមខែមករារហូតដល់បញ្ចប់ខែកញ្ញា ឆ្នាំនេះ បើធៀបនឹងចំនួន ៥.៣ទ្រីលានយ៉េន ស្មើនឹងជាង ៣៥ពាន់លានដុល្លារ សម្រាប់រយៈពេល១២ខែ កាលពីឆ្នាំមុន។

ការចំណាយលើវិស័យទេសចរណ៍ក្នុងប្រទេសជប៉ុន ត្រូវបានចាត់ថ្នាក់គឺជាម៉ាស៊ីនកើបប្រាក់ចំណូលជាតិដ៏សំខាន់ នឹងរំពឹងក្លាយជាវិស័យនាំចំណូលជាតិដ៏សំខាន់បំផុតទី២ របស់ប្រទេសជប៉ុន បន្ទាប់ពីវិស័យអេឡិចត្រូនិចកំពុងឈរនៅលេខ២ និងរថយន្តកំពុងឈរនៅលេខ១។

អ្នកទេសចរបរទេសម្នាក់ជាមធ្យមចំណាយប្រាក់ ២២៣,០០០យ៉េន ឬស្មើនឹង ១,៥០០ដុល្លារ ដោយផ្អែកលើទិន្នន័យពីខែកក្កដាដល់ខែកញ្ញា។ ភ្ញៀវទេសចរជនជាតិអ៊ីតាលីចំណាយច្រើនជាងគេ បន្ទាប់មកអេស្ប៉ាញ និងរុស្ស៊ី។ ទិន្នន័យរបស់ JNTO បានបង្ហាញថាក្នុងខែកញ្ញា ភ្ញៀវទេសចរបរទេសចំនួន ២.៨៧លាននាក់ធ្វើដំណើរមកកាន់ប្រទេសជប៉ុន ពោលធ្លាក់ចុះបន្តិចពីចំនួន ២.៩៣លាននាក់ កាលពីខែសីហា។ ការមកដល់របស់ភ្ញៀវទេសចរបរទេសបានបង្កើតកំណត់ត្រាប្រចាំខែថ្មី ចាប់តាំងពីខែកុម្ភៈ ដោយរួមទាំង ៣.២៩លាននាក់ក្នុងខែកក្កដា ដែលជាចំនួនខ្ពស់បំផុត។

គិតត្រឹម៩ខែដំបូង នៃឆ្នាំនេះ ភ្ញៀវទេសចរបរទេសចំនួន ២៦.៨៨លាននាក់បានមកកាន់ប្រទេសជប៉ុនរួចហើយ តួលេខនេះច្រើនជាងចំនួនសរុបសម្រាប់ឆ្នាំ ២០២៣ ហើយកំពុងបន្តដំណើរសម្រាប់ការបំបែកកំណត់ត្រាច្រើនបំផុត ៣១.៩លាននាក់ ដែលត្រូវបានកត់ត្រា កាលពីឆ្នាំ ២០១៩ ពោលមុនពេលផ្ទុះជំងឺកូវីដ-១៩ បង្កឱ្យមានការបិទព្រំដែនពិភពលោក៕ (ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ