(ចិន)៖ Hillary Yip កើតឆ្នាំ២០០៤ ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនមួយដែលមានឈ្មោះថា Minor Mynas នាងត្រូវបានគេចាត់ទុកថាជា CEO ក្មេងបំផុតម្នាក់ក្នុងប្រទេសចិន និងក្នុងពិភពលោកពេលកាន់តំណែងដ៏សំខាន់នេះនៅអាយុ ១២ឆ្នាំ។

កើតក្នុងទីក្រុងហុងកុង ប្រទេសចិន តាំងពីតូចមក Hillary Yip ជាក្មេងឆ្លាតវៃ ដោយសារនាងអាចនិយាយភាសាចិនកាតាំង ភាសាអង់គ្លេស និងការទំនាក់ទំនងជាមូលដ្ឋានជាភាសាបារាំងបានយ៉ាងល្អ។ ថ្វីបើនាងទទួលបានលទ្ធផលល្អក្នុងការសិក្សានៅសាលាក៏ដោយ ក៏នាងត្រូវបានមិត្តរួមថ្នាក់សើចចំអក ហើយថែមទាំងនៅដាច់ដោយឡែកពីគេ ដោយសារតែនាងពិបាកក្នុងការរៀន និងទំនាក់ទំនងជាភាសាចិនកុកងឺ។

ព្រោះតស៊ូនឹងការរៀនភាសាចិនកុកងឺ នាងកើតមានគំនិតបង្កើតកម្មវិធីភាសា កាលនាងមានអាយុ ១០ឆ្នាំ។ Hillary Yip បច្ចុប្បន្នអាយុ២០ឆ្នាំ បានចែករំលែកថា បទពិសោធន៍លំបាកក្នុងការតស៊ូជាមួយនឹងការរៀនភាសាចិនកុកងឺ នាងបានបង្កើតកម្មវិធីមួយដើម្បីជួយកុមារឱ្យរៀនភាសាចិន បានកាន់តែប្រសើរ ហើយពុំចាំបាច់ចំណាយថវិការៀនភាសាចិនកុកងឺនេះ។

នាងបានបន្តថា កាលនៅសាលាបឋមសិក្សា នាងបានចំណាយពេលមួយឆ្នាំសិក្សា ស្រាវជ្រាវ រុករក ស្ទង់មតិ សរសេរកូដ ដើម្បីបង្កើតកម្មវិធី Minor Mynas ។ ឪពុកម្តាយរបស់នាងក៏បានវិនិយោគលើកម្មវិធីសិក្សារបស់កូនស្រី ដោយមានគោលបំណងជួយនាងឱ្យមានបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងការចូលរួមក្នុងការចាប់ផ្តើមអាជីវកម្ម និងទទួលបានបទពិសោធន៍ពីការស្វែងរកអ្វីដែលមិនស្គាល់។ ភាពជាសហគ្រិនអាចផ្តល់ឱ្យកូនស្រីរបស់ពួកគេនូវបរិយាកាសសិក្សាពិសេស។

បន្ទាប់ពីជាងមួយឆ្នាំ និងការខិតខំប្រឹងប្រែងជាច្រើន កម្មវិធីដែលបង្កើតឡើង ត្រូវបានគេហៅថា Minor Mynas ។ Minor Mynas គឺជា កម្មវិធីអនឡាញដែលជួយកុមារ និងក្មេងជំទង់អាយុពី៦ ទៅ ១៦ ឆ្នាំរៀនភាសាតាមរយៈការជជែកតាមអ៊ីនធឺណិតដោយការហៅជាវីដេអូជាមួយមិត្តភក្តិដែលមានអាយុដូចគ្នា។ Hillary Yip បាននិយាយថា តាមរយៈការសន្ទនាទល់មុខគ្នា កុមារអាចរៀនភាសាបានលឿន និងមានប្រសិទ្ធភាពជាងមុន ដោយហេតុនេះជួយលុបបំបាត់ឧបសគ្គភាសាបរទេស។

ទោះបីជាឪពុករបស់ Hillary Yip ក៏ធ្វើការក្នុងផ្នែកកុំព្យូទ័រក៏ដោយ គាត់ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះលេខកូដដែលកូនស្រីរបស់គាត់បានសរសេរ។ គាត់មិនបានរកឃើញកំហុសបច្ចេកទេសទេ ហើយផែនការអាជីវកម្មរបស់នាងក៏មិនស្រដៀងនឹងការគិតរបស់សិស្សបឋមសិក្សាដែរ។

ឪពុកនាង បានចុះឈ្មោះនាងដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងសហគ្រិនវ័យក្មេងរបស់ AIA Global ២០១៥ អ្នកដែលចូលរួមក្នុងការប្រលងនេះសុទ្ធតែជាសិស្សវិទ្យាល័យ និងសកលវិទ្យាល័យ។ ទោះបីជានាងមានអាយុត្រឹមតែ ១១ឆ្នាំក៏ដោយ ប៉ុន្តែ Hillary Yip បានយកឈ្នះពានសហគ្រិនវ័យក្មេង ហើយចាប់ពីពេលនោះមក កម្មវិធី Minor Mynas ត្រូវបានដាក់ឱ្យអនុវត្ត ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីមហាសេដ្ឋីបច្ចេកវិទ្យា។

នៅពេលមានអាយុ១២ ឆ្នាំ កុមារីរូបនេះបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាមួយ ហើយបានក្លាយជា CEO វ័យក្មេងបំផុតនៅក្នុងប្រទេសចិន និងពិភពលោក។
នៅឆ្នាំ២០១៦ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាបឋមសិក្សា នាងបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាមួយដើម្បីអភិវឌ្ឍកម្មវិធី Minor Mynas ។ កុមារីរូបនេះ បានក្លាយជា CEO របស់ក្រុមហ៊ុននៅពេលគាត់មានអាយុ ១២ឆ្នាំ។ ទោះបីជានាងបើកក្រុមហ៊ុន និងអភិវឌ្ឍកម្មវិធីយ៉ាងសកម្មក៏ដោយ ក៏នាងបន្តសិក្សានៅសាលាឯកទេសក្នុងទីក្រុងហុងកុង។ យ៉ាងណាមិញ ដោយសារតែការសិក្សា និងធ្វើការច្រើន ធ្វើឲ្យគ្មានពេលសម្រាក ទើបនាងសម្រេចចិត្តសុំឪពុកម្តាយ ទុកពេលឲ្យនាងឈប់រៀន មកស្វ័យសិក្សានៅផ្ទះ ហើយផ្តោតលើមុខជំនួញ។

កម្មវិធី Minor Mynas បច្ចុប្បន្នមាននៅក្នុងជាង ៦០ប្រទេសជុំវិញពិភពលោក ដែលទាក់ទាញអ្នកប្រើប្រាស់រាប់លាននាក់។ នាយកប្រតិបត្តិនារីវ័យក្មេងរូបនេះបានចែករំលែកថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ Minor Mynas គឺប្រហែល ១០លានយន់ ក្នុងមួយឆ្នាំ (ប្រមាណជាង១លានដុល្លារ)។

ការកែលម្អជាបន្តបន្ទាប់ ដើម្បីធានាសុវត្ថិភាព កម្មវិធី Minor Mynas ក៏បន្ថែមគណនីមេផងដែរ។ នេះមិនត្រឹមតែអនុញ្ញាតឱ្យឪពុកម្តាយរបស់សិស្សមើលខ្លឹមសារជជែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់សារឯកជនរវាងក្មេងស្រី និងក្មេងប្រុសអាយុលើសពី ១២ឆ្នាំផងដែរ។ ឪពុកម្តាយ ឬសិស្សត្រូវចំណាយតែ ២.៩៩ដុល្លារ ក្នុងមួយខែដើម្បីប្រើមុខងារជជែកជាក្រុម និងមុខងារផ្ញើសារឯកជន។
នាយកប្រតិបត្តិនារីវ័យក្មេងរូបនេះបានសារភាពថា នៅពេលដែលនាងចាប់ផ្តើមដំណើរចាប់ផ្តើមអាជីវកម្មរបស់នាង នាងបានដឹងថាការរៀនអ្វីថ្មីៗ និងទំនាក់ទំនងជាមួយកុមារ គឺជាអ្វីមួយដែលអាចជួយនាងបង្កើតឥទ្ធិពលសង្គមយ៉ាងសំខាន់។

ក្រឡេកទៅមើលដំណើរសហគ្រិនភាពរបស់គាត់ បន្ថែមពីការជួយណែនាំពីអ្នកណែនាំ នាយកប្រតិបត្តិវ័យក្មេងរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំដឹងគុណឪពុកម្តាយជាខ្លាំង មិនថាខ្ញុំឈប់រៀន ឬបើកអាជីវកម្មផ្ទាល់ខ្លួនទេ ឪពុកម្តាយខ្ញុំតែងតែនៅជាមួយខ្ញុំ។ ការគាំទ្រនិងទំនុកចិត្តដ៏អស្ចារ្យបំផុត»។
ទើបតែមានអាយុ ២០ឆ្នាំ ខណៈដែលមិត្តភ័ក្តិរបស់នាងនៅតែរីករាយជាមួយថ្ងៃសិក្សានៅសកលវិទ្យាល័យ Hillary Yip មិនត្រឹមតែជោគជ័យក្នុងមុខជំនួញប៉ុណ្ណោះទេ ក្មេងស្រីរូបនេះក៏បានក្លាយជាវាគ្មិនដ៏ល្បីល្បាញនៅក្នុងព្រឹត្តិការណ៍ជាច្រើនដែលរៀបចំដោយ HSBC, TEDx និង Microsoft ។ ជាពិសេសនៅឆ្នាំ ២០២០ នៅពេលដែលនាងមានអាយុត្រឹមតែ ១៦ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ Hillary Yip ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ នៅពេលដែលនាងបានក្លាយជាវាគ្មិនសំខាន់នៅវេទិកាស្ត្រីសកលនៅទីក្រុងឌូបៃ។

ជាក់ស្តែង សមិទ្ធិផលជិត១០ឆ្នាំ នៃការប្រែក្លាយគំនិតរបស់ក្មេងស្រីអាយុ១០ឆ្នាំ ឱ្យក្លាយជាការពិត ពិតជាធ្វើឱ្យមនុស្សជាច្រើនកោតសរសើរ។ ក្នុងវ័យ ២០ឆ្នាំ ភាពជោគជ័យរបស់ Hillary Yip គឺជាក្តីសុបិនរបស់យុវជនជាច្រើនជុំវិញពិភពលោក៕ ប្រភព៖ shesightmag/ knowinsiders

ចែករំលែកព័តមាននេះ