ស្ថានភាពកម្ពស់ទឹកស្ទឹងបយ៉ាខាហ.ក់ឡើង ក្រោយមានភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃ
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយសារតែមេឃបង្អុរភ្លៀងទាំងព្រឹក
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយសារតែមេឃបង្អុរភ្លៀងទាំងព្រឹក
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយសារតែមេឃបង្អុរភ្លៀងទាំងព្រឹកទាំងល្ងាច ជាប់ៗ គ្នាអស់រយ:ពេលជាច្រើនថ្ងៃ ធ្វើឱ្យកំពស់ទឹកស្ទឹងហក់ឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្បែរៗ ដងស្ទឹងមានការព្រួយបារម្ភ។ ជាពិសេសម្ចាស់រមណីយដ្ឋានម្លប់សាវម៉ាវ និងរមណីយដ្ឋានចំការខ្នុរ ដែលនៅក្បែរមាត់ស្ទឹងក៏បានណែនាំឱ្យភ្ញៀវទេសចរ ដែលចូលទៅលេងទឹកស្ទឹងមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។
បើតាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានបង្ហើបឱ្យដឹងថា ៖ បន្ទាប់ពីផ្ទៃមេឃបង្អុរភ្លៀងទាំងយប់ទាំងថ្ងៃ ជារៀងរាល់ថ្ងៃ ធ្វើឱ្យកំពស់ទឹកស្ទឹងបយ៉ាខា កាន់តែហក់ខ្ពស់ឡើង ជាពិសេសគឺទឹកភ្លៀងហូរមកពីផ្នែកខាងលើនៃជួរដងភ្នំខៀវ ក្នុងទិសដៅពីត្បូងទៅជើង បានប្រមូលផ្តុំគ្នាហូរចូលស្ទឹង ធ្វើឱ្យផ្ទៃទឹកក្លាយទៅជាល្អក់កករ ហូរខ្មួលខ្មាញ់ ហើយឡើងខ្ពស់ជាងមុន។ ប្រភពបន្តទៀតថា រហូតមកដល់រសៀលថ្ងៃដដែលនេះ ផ្ទៃមេឃនៅតែបន្តធ្លាក់ភ្លៀងខ្លាំងដដែល មិនទាន់ឈប់ផ្អាកឡើយ រីឯកំពស់ទឹកស្ទឹងក៏កាន់តែខ្ពស់ឡើងជាងមុនៗ ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្បែរដងស្ទឹង នាំគ្នាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសទឹកស្ទឹងបយ៉ាខា បានធ្វើឱ្យជើងស្ពានយោលបុរាណ១កន្លែងដាច់ជើងក្រោម រសាត់អណ្តែតខូចខាត មិនអាចដើរឆ្លងកាត់បាន ធ្វើឱ្យម្នាក់ៗ ត្រៀមខ្លួនជាស្រេចចំពោះករណីគ្រោះទឹកជំនន់កើតឡើង។
បើតាមប្រភពពីលោក ញ៉ាវ សុគុន ម្ចាស់រមណីយដ្ឋានម្លប់សាវម៉ាវ បានឱ្យដឹងថា ៖ ជារៀងរាល់ឆ្នាំឱ្យតែមានភ្លៀងធ្លាក់ជោកជាំរាល់ថ្ងៃ គឺទឹកស្ទឹងបយ៉ាខា តែងតែហក់ឡើងគួរឱ្យកត់សម្គាល់ ហើយជាញយដង ទឹកស្ទឹងនេះ ក៏បានឡើងទៅដល់ខ្យុសរបស់ខ្លួន ហើយបានទាញនាំទៅតាមកម្លាំងទឹកអស់ជាច្រើន នៅពេលដែលភ្លេចខ្លួនចងខ្សែជាប់នឹងដើមឈើ។ លោកបន្តទៀតថា តែរហូតមកដល់ពេលនេះ លោកត្រៀមខ្លួនរួចជាស្រេច បើសិនជាទឹកហក់ឡើងនាពេលយប់ ឬថ្ងៃ គឺលោកនឹងប្រមូលសម្ភារ:សំខាន់ៗ ទុកនៅក្នុងផ្ទះ ដើម្បីកុំឱ្យទឹកអូសយកទៅតាមដូចសព្វមួយដងផងដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ អាជ្ញាធរមូលដ្ឋាន ក៏បានប្រុងប្រយ័ត្នជាស្រេចដែរ ដោយត្រៀមចុះជួយសង្គ្រោះដល់ប្រជាពលរដ្ឋទទួលរងគ្រោះនៅផ្នែកខាងក្រោម ជាពិសេសគឺភូមិជាច្រើននៅក្នុងឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលតែងតែទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា បើសិនជាមេឃនៅបន្តធ្លាក់ភ្លៀងបែបនេះ៤ទៅ៥ថ្ងៃទៀត អាចនឹងកើតមានករណីជំនន់ទឹកភ្លៀង។ ដូច្នេះសូមឱ្យប្រជាពលរដ្ឋរស់នៅក្បែរៗ ដងស្ទឹង មានការប្រុងប្រយ័ត្នខ្ពស់ ទាំងទ្រព្យសម្បត្តិ សម្ភារ: និងសុវត្ថិភាពកូនចៅរបស់ខ្លួនផងដែរ៕
ចែករំលែកព័តមាននេះ