ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសបានចុះប្រតិបត្តិការបង្ក្រាបទីតាំង លួចលក់ប្រេងម៉ាស៊ីនលាយ ក្លែងក្លាយមួយកន្លែង ដេប៉ូយីហោ« ហេង សុខជា» ដែលដាក់តាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដានេះ យោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន P.K.I និងក្រុមហ៊ុន Siam Kubota Corporation ។
ក្នុងកិច្ចប្រតិបត្តិការបានដឹកនាំសម្របសម្រួលនីតិវិធីពីលោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សហការពីកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ម្ចាស់តំណាងសិទ្ធិផ្ដាច់មុខនាំចូល ។
ក្នុងពេលចុះឆែកឆេរ សមត្ថកិច្ចរកឃើញប្រេងម៉ាស៊ីន សម្រេចរឹបអូសដកហូតជាបណ្ដោះអាសន្ន រួមមាន ៖ -ប្រេងរំអិលម៉ាក NOVA 2T (1L) ចំនួន ៤៩១កំប៉ុង និង NOVA 2T (0,5L) ចំនួន៧៧១កំប៉ុង (សរុប NOVA 2T ចំនួន ១,២៦២ កំប៉ុង)។ -ប្រេងរំអិលម៉ាក់ TRA CHANG (3L) ចំនួន២៨០៨ TRA CHANG (6L) ចំនួន២៧៨ ប៊ីដុង (សរុបប្រេងរំអិលម៉ាក TRA CHANG ចំនួន ៣,០៨៦ ប៊ីដុង ) ក្រោយបញ្ចប់ប្រតិបត្ដិការ រយៈពេល៣ម៉ោង សម្រេចបញ្ជូនសម្ភារៈទាំងអស់យកទៅរក្សាទុកនៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺបណ្ដោះអាសន្ន និងដំណើរការនីតិវិធីលើទីតាំងឈ្មោះ ហេង សុខជា សាកសួរតាមនីតិវិធីច្បាប់ ។
ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋជាបន្ទុកនៃការខាតបង់ធំបំផុត ក្នុងការប្រើប្រាស់ផលិតផលក្លែងក្លាយពិសេសករណីអាហារ គឺប្រាកដណាស់ប៉ះពាល់សុខភាពជាចម្បង សូមមានគុណធម៌ និងបញ្ឍប់ការកេងចំណញដោយទុច្ចរិតបែបនេះ ៕
ចែករំលែកព័តមាននេះ