ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ​ទូ​ទាំង​ស្រុក​តាំងគោក ត្រៀមខ្លួន​ជា​ស្រេច​ចូលរួម​អបអរសាទរ ថ្ងៃ​បើក​ការដ្ឋាន ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ

2 ខែ មុន

ខេត្តកំពង់ធំ ​៖ អនុវត្ត​តាម​ការ​អំពាវនាវ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា រដ្ឋបាល​ស្រុក​តាំងគោក​នៃ​ខេត្តកំពង់ធំ​ ព្រមទាំង​មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ​ទូ​ទាំង​ស្រុក​តាំងគោក…

ខេត្តកំពង់ធំ ​៖ អនុវត្ត​តាម​ការ​អំពាវនាវ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា រដ្ឋបាល​ស្រុក​តាំងគោក​នៃ​ខេត្តកំពង់ធំ​ ព្រមទាំង​មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ​ទូ​ទាំង​ស្រុក​តាំងគោក បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចូលរួម​អបអរសាទរ​ថ្ងៃ​បើក​ការដ្ឋាន «​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​» នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​៩៖០៩​នាទី​ព្រឹក​ ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ នឹង​ត្រូវ​បើក​ការដ្ឋាន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤ នៅ​វេលា​ម៉ោង​៩៖០៩​នាទី​ព្រឹក ដែល​ជា​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ធំធេង​សម្រាប់​ប្រជាជាតិ​កម្ពុជា​ ។
សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ចូលរួម​អបអរសាទរ​ចំពោះ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​នេះ​ឱ្យ​បាន​គ្រប់​គ្នា តាម​រយៈ​ការ​វាយ​ស្គរ គង ជួង ប៉ោត ឬ​វាយ​អ្វីមួយ​ដែល​បង្កើត​បាន​សំឡេង ​។

ក្រោយ​ទទួល​បានការ​ណែនាំ​ពី​លោក នួន ផា​រ័​ត្ន អភិបាលខេត្ត​កំពង់ធំ ដែល​បាន​ណែនាំ​ចំពោះ​កិច្ចការ​ដ៏​សំខាន់​នេះ​រួច​មក លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​តាំងគោក និង​សហការី​បាន​ចុះ​ផ្សព្វផ្សាយ​ដល់​អង្គភាព​សាធារណៈ វត្ត​អារាម​នានា ព្រមទាំង​ប្រជាពលរដ្ឋ​ទូ​ទាំង​ស្រុក​តាំងគោក រួម​សហការ​គ្នា​រៀបចំ​ទីធ្លា សម្ភារ​ឧបករណ៍ សម្រាប់​ការ​អបអរសាទរ​ថ្ងៃ​បើក​ការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ ធ្វើ​យ៉ាង​ឱ្យ​បាន​ស្រេចបាច់​មុន​ថ្ងៃ​បើក​ការដ្ឋាន​មក​ដល់​ ។

លោក​អភិបាលស្រុក ហាក់ ម៉ុង​ហួត មន្ត្រីរាជការ​ចំណុះ​ឱ្យ​រដ្ឋបាល​ស្រុក ក៏​ដូច​ជា​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ស្រុក​តាំងគោក សុទ្ធតែ​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​នេះ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា និង​ដែល​បន្ត​ជំរុញ​ការ​អនុវត្ត​ដោយ​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ឱ្យ​គម្រោង​នេះ​លេច​ចេញ​ជា​រូបរាង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ។

លោក​អភិបាលស្រុក​បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​វត្ត​អារាម​ទាំងឡាយ​ក្នុងស្រុក​តាំងគោក គឺ​មាន​វត្ត​អារាម​ចំនួន​២​វត្ត ដែល​នឹង​ត្រូវ​រៀបចំ​កម្មវិធី​ធំ​ក្នុង​ការ​អបអរសាទរ​ថ្ងៃ​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ គឺ​មាន​វត្ត​គុ​ហ​នគរ ស្ថិត​នៅ​ឃុំ​ពង្រ និង​វត្ត​ក្ដី​តា​ចិន ស្ថិត​នៅ​ឃុំ​ទ្រៀល​។ ក្រៅពី​នេះ នៅ​សាលាស្រុក​តាំងគោក ក៏​នឹង​រៀបចំ​កម្មវិធី​ធំ​ដំ​ដូច​នៅ​តាម​វត្ត​អារាម​ទាំង​២​នេះ​ដែរ​។

ព្រះ​តេ​ជោ​គុណ តន់ ពិសី ព្រះ​ចៅអធិការ​វត្ត​គុ​ហ​នគរ មាន​ថេរ​ដីកា​ថា នៅ​វេលា​ម៉ោង​៩៖០៩​នាទី ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤ ខាង​មុខ​នោះ ព្រះសង្ឃ​នៃ​វត្ត​គុ​ហ​នគរ​នឹង​ជួបជុំ​ជាមួយ​ពុទ្ធបរិស័ទ យុវជន សិស្សានុសិស្ស ប្រារព្ធ​ពិធី​អបអរសាទរ​ការ​បើក​ការដ្ឋាន «​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​» ដោយ​មានការ​វាយ​ស្គរ វាយ​រគាំង បំផុស​ចលនា​គាំទ្រ​គម្រោង​ព្រែកជីក​នេះ​ទាំងអស់​គ្នា ​។

ព្រះ​តេ​ជោ​គុណ ថៃ ប៊ុ​ន​ថេ​ន ព្រះ​ចៅអធិការ​វត្ត​ក្ដី​តា​ចិន មាន​ថេរ​ដីកា​ដែរ​ថា មក​ដល់​ពេល​នេះ ស្គរ រគាំង ទង់ជាតិ ទង់សាសនា ត្រូវ​បាន​រៀបចំ​តុ​ប​តាំង​ស្ទើរតែ​រួចរាល់​ហើយ ដើម្បី​ចូលរួម​ជាមួយ​ពុទ្ធបរិស័ទ យុវជន សិស្សានុសិស្ស ប្រារព្ធ​ពិធី​អបអរសាទរ​ការ​បើក​ការដ្ឋាន «​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​»​ ។

លោក​អភិបាលស្រុក ហាក់ ម៉ុង​ហួត ក៏​ដូច​ជា​ព្រះ​ចៅអធិការ​វត្ត​ទាំង​២​ខាងលើ គណៈកម្មការ​វត្ត ប្រជា​ពុទ្ធបរិស័ទ​ទាំងឡាយ បាន​បង្ហាញ​ក្ដី​រំពឹង​ទុក​ថា ព្រែកជីក​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដ៏​មហាសាល​ដល់​ប្រទេស​កម្ពុជា ជា​ពិសេស​វិស័យ​ដឹក​ជញ្ជូន ដូច​ជា កាត់​បន្ថយ​តម្លៃ​ដឹក​ជញ្ជូន កាត់​បន្ថយ​ពេលវេលា​និង​ចម្ងាយ ការ​ខូចខាត​ផ្លូវថ្នល់ ការ​កកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ ក៏​ដូច​ជា​កាត់​បន្ថយ​នីតិវិធី​សម្រាប់​នាវា និង​បែបបទ​ក្នុង​ការ​ឆ្លងកាត់​ទំនិញ​ពី​កម្ពុជា​ទៅ​សមុទ្រ ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស ការ​អភិវឌ្ឍ​ផែ​រណប​ថ្មី​ៗ​ជា​ច្រើន ការ​ពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយ​រំដោះ​ទឹកជំនន់​ក្នុង​រដូវវស្សា ជួយ​បង្កើន​ផល​ត្រី​ទឹកសាប​នៅ​តាម​ព្រែក អចលនទ្រព្យ និង​ការ​វិនិយោគ​ផ្សេង​ៗ​ ។

សូម​ជម្រាប​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នឹង​ត្រូវ​ត​ភ្ជាប់​ផ្លូវទឹក​រវាង​ទន្លេ​ទៅ​កាន់​សមុទ្រ​កម្ពុជា ដោយ​ឆ្លងកាត់​ខេត្តកណ្តាល តាកែវ កំពត និង​ខេត្ត​កែប ដែល​មាន​ប្រវែង​១៨០​គីឡូម៉ែត្រ គ្រោង​ចំណាយ​ទុន​សាងសង់​ប្រមាណ​១,៧០០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ គឺជា​គម្រោង​បម្រើ​ផលប្រយោជន៍​ជាតិ​ដ៏​ធំធេង ជា​ពិសេស​ផ្នែក​សេដ្ឋកិច្ច​-​សង្គម​នៅ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ