ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​! រក​ឃើញ ថ្នាំ​បង្ការ ចាក់​២​ដង​ក្នុង​១​ឆ្នាំ មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ​អេ​ដស៍​១០០%

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​សាទរ​ចំពោះ​ការ​រក​ឃើញ​វិធី​បង្ការ​ការពារ​ឆ្លង​ថ្មី តាម​រយៈ​ការ​ចាក់​ថ្នាំ​បង្ការ​ការពារ​២​ដង​ក្នុង​១​ឆ្នាំ ដែល​ថ្នាំ​បង្ការ​នេះ មាន​ប្រសិទ្ធភាព​១០០%…

រាជធានី​ភ្នំពេញ ៖ ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​សាទរ​ចំពោះ​ការ​រក​ឃើញ​វិធី​បង្ការ​ការពារ​ឆ្លង​ថ្មី តាម​រយៈ​ការ​ចាក់​ថ្នាំ​បង្ការ​ការពារ​២​ដង​ក្នុង​១​ឆ្នាំ ដែល​ថ្នាំ​បង្ការ​នេះ មាន​ប្រសិទ្ធភាព​១០០% ប្រឆាំង​នឹង​មេរោគ​អេ​ដស៍ ។

បើ​តាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បានអោយ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ ទេស​រដ្ឋមន្ត្រី អៀង មូលី បាន​ចូលរួម​សន្និសីទ​ពិភពលោក ស្តី​អំពី​អេ​ដស៍ ឆ្នាំ​២០២៤ (AIDS 2024) នៅ​ទីក្រុង​មុ​យ​និ​ច សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ ។

សន្និសីទ​នេះ ជា​វេទិកា​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​គេ​រំពឹង​ថា មាន​អ្នកចូលរួម​ប្រមាណ​១​ម៉ឺន​នាក់​។ នេះ​ជា​វេទិកា​ដែល​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ តំណាង​សហគមន៍​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ប្រជាជន​គន្លឹះ អ្នក​ផ្តល់​សេវា​បង្ការ​ការពារ​ព្យាបាល​ថែទាំ​ជំងឺអេដស៍ អ្នក​រៀបចំ​គោលនយោបាយ អ្នក​ផ្តល់​ជំនួយ អង្គការក្រៅរដ្ឋាភិបាល តំណាង​សង្គម​ស៊ី​វិល អង្គការ​អន្តរជាតិ និង​អ្នកតំណាង​រដ្ឋាភិបាល​ផ្លាស់​ប្តូ​រមតិ​គ្នា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​មេរោគ​អេ​ដស៍ ។

ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​សាទរ​ចំពោះ​ការ​រក​ឃើញ​វិធី​បង្ការ​ការពារ​ឆ្លង​ថ្មី តាម​រយៈ​ការ​ចាក់​ថ្នាំ​បង្ការ​ការពារ​២​ដង ក្នុង​១​ឆ្នាំ (Twice-Yearly HIV Prevention Injection) ប្រកបដោយ​ប្រសិទ្ធភាព​១០០% ប្រឆាំង​នឹង​មេរោគ​អេ​ដស៍ ដែល​បាន​ប្រកាស​ឡើង​ដោយ​លោកស្រី Sharon Lewin ប្រធាន​អង្គការ​អេ​ដស៍​អន្តរជាតិ (International AIDS Society) ក្នុង​ឱកាស​បើក​សន្និសីទ​ពិភពលោក ឆ្នាំ​២០២៤ (AIDS 2024) កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤ ។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​បញ្ជាក់​ថា នេះ​ជា​ក្តី​សង្ឃឹម​ដ៏​ធំធេង​មួយ​សម្រាប់​មនុស្សជាតិ ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​អេ​ដស៍ ។

ជាមួយ​គ្នា​នេះ ទេស​រដ្ឋមន្ត្រី អៀង មូលី ស្នើ​ដល់​សហគមន៍​អ្នក​វិទ្យាសាស្ត្រ ឲ្យ​បន្ត​យកចិត្តទុកដាក់​ស្រាវជ្រាវ​គ្រប់​ជ្រុងជ្រោយ​បន្ថែម​ទៀត ដើម្បី​ឲ្យ​វិធី​បង្ការ​ការពារ​ថ្មី​នេះ អាច​យក​ទៅ​ប្រើប្រាស់​បាន​នៅ​គ្រប់​ទីកន្លែង ក្នុង​ពិភពលោក​រួម​ទាំង​នៅ​កម្ពុជា និង​ស្នើ​ឲ្យ​អ្នក​ផលិត​រិះរក​មធ្យោបាយ​ផលិត ដោយ​តម្លៃ​ថោក​សមរម្យ ដើម្បី​អាច​ឱ្យ​ប្រជាជន នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​លទ្ធភាព​ទិញ​យក​ទៅ​ការពារ​ខ្លួន​បាន​ផង ៕