ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ក្រុង​តូច-​ធំ​នៅ​វៀតណាម​ខាង​ជើង​ត្រូវ​ទឹក​លិច​លង់​យ៉ាង​ខ្លាំង​ដោយ​សារ​ខ្យល់​ព្យុះ​ព្រះ​ពិរុណ

1 ខែ មុន

ទី​ក្រុង​ហាណូយ៖ ​នៅ​ខែ​វស្សា​ឆ្នាំ​នេះ ខ្យល់​ព្យុះ​​សម្រុក​វាយ​ប្រហារ​តំបន់​អាស៊ី​អាគ្នេយ៍​។ ​​ខ្យល់​ព្យុះ​ចំនួន​២​​កំពុង​បោក​បក់​ទៅ​​លើ​ប្រទេស​វៀតណាម​ និង​ហ្វ៊ីលីពីន​​​​បណ្ដាល​ឱ្យ​មាន​ភ្លៀង​ ផ្គរ​ រន្ទះ និង​រលក​សមុទ្រ​ខ្ពស់​ៗ​។ ​​ប្រទេស​វៀតណាម​​​ខាង​ជើង​​កំពុង​រង​គ្រោះ​យ៉ាង​ដំណំ​ដោយ​សារ​ការ​វាយ​ប្រហារ​ឥត​បន្ធូរ​ដៃ​របស់​ខ្យល់​ព្យុះ​ឈ្មោះ​ព្រះ​ពិរុណ​ដែល​ជា​ព្រះ​នាម​របស់​ទេវតា​មួយ​អង្គ​នៅ​ក្នុង​រឿង​​​ទេវ​កថា​របស់​​ឥណ្ឌា​​។ ចាប់​​តាំង​ពី​ក្បាល​ព្រលប់​ថ្ងៃ​អង្គារ​រហូត​មក​ដល់​​​ក្បា​ល​ព្រលប់​ថ្ងៃ​ពុធ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​…

ទី​ក្រុង​ហាណូយ៖ ​នៅ​ខែ​វស្សា​ឆ្នាំ​នេះ ខ្យល់​ព្យុះ​​សម្រុក​វាយ​ប្រហារ​តំបន់​អាស៊ី​អាគ្នេយ៍​។ ​​ខ្យល់​ព្យុះ​ចំនួន​២​​កំពុង​បោក​បក់​ទៅ​​លើ​ប្រទេស​វៀតណាម​ និង​ហ្វ៊ីលីពីន​​​​បណ្ដាល​ឱ្យ​មាន​ភ្លៀង​ ផ្គរ​ រន្ទះ និង​រលក​សមុទ្រ​ខ្ពស់​ៗ​។ ​​ប្រទេស​វៀតណាម​​​ខាង​ជើង​​កំពុង​រង​គ្រោះ​យ៉ាង​ដំណំ​ដោយ​សារ​ការ​វាយ​ប្រហារ​ឥត​បន្ធូរ​ដៃ​របស់​ខ្យល់​ព្យុះ​ឈ្មោះ​ព្រះ​ពិរុណ​ដែល​ជា​ព្រះ​នាម​របស់​ទេវតា​មួយ​អង្គ​នៅ​ក្នុង​រឿង​​​ទេវ​កថា​របស់​​ឥណ្ឌា​​។

ចាប់​​តាំង​ពី​ក្បាល​ព្រលប់​ថ្ងៃ​អង្គារ​រហូត​មក​ដល់​​​ក្បា​ល​ព្រលប់​ថ្ងៃ​ពុធ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​បង្ក​ជា​ទឹកជំនន់​លិច​តំបន់​ជា​ច្រើន​។ ​​ដង​វិថី​នានា​នៅ​ទូទាំង​ទី​ក្រុង​ហាណូយ​​កំពុង​លិច​លង់​យ៉ាង​ខ្លាំង​​​។ ផ្ទះ​ល្វែង​ជា​ច្រើន​ត្រូវ​ទឹក​លិច​គ្មាន​សល់​។ នៅ​សង្កាត់​​ឈឿង​មី (​Chương Mỹ), ហយ​ឌឹក (Hoài Đức) និង​ថាញ់​ជី (Thanh Trì) មាន​ទឹក​ជំនន់​​យ៉ាង​ល្ហ​ល្ហាច និង​​បង្ខំ​ឱ្យ​​ប្រជា​ជន​ជម្លៀស​ខ្លួន​ជា​ប្រញាប់​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់​។ ចំណែក​ការ​ធ្វើ​ដំណើរ​តាម​ឡាន​-ម៉ូតូ​​ត្រូវ​ជាប់​គាំង​នៅ​១​កន្លែង​តែ​ម្ដង​​។​

ភូមិ​​១​​​នៅ​ទី​ក្រុង​សួន​ម៉ៃ (Xuan Mai) ត្រូវ​ទឹក​ជំនន់​ហ៊ុម​ព័ទ្ធ​ជុំ​វិញ​យ៉ាង​ជិត​ឈឹង​ ហាក់​ដូច​ជា​ត្រូវ​កាត់​ផ្ដាច់​ទាំង​ស្រុង​ពី​តំបន់​ដទៃ​ទៀត​។ គិត​ត្រឹម​ម៉ោង​៦​ព្រឹក​ថ្ងៃ​ពុធ​ ទឹក​នៅ​ទន្លេ​បួយ​ (Bui) ហក់​ឡើង​ដល់​កម្ពស់​៦,៧៥​ម៉ែត្រ​។ អ្នក​រស់​នៅ​ម្ដុំ​ៗ​នោះ​គ្មាន​​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​ជិះ​ទូក​​តែ​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​ដំណើរ​​ឆ្លង​ពី​កន្លែង​១​​ទៅ​កន្លែង​​១​​​ទៀត​។ បើ​មិន​អីចឹង​ទេ​គ្មាន​ជម្រើស​ផ្សេង​ទេ​។ បើ​ទុក​ជា​ចង់​ជិះ​ឡាន​ និង​ម៉ូតូ​រឹត​តែ​គ្រោះ​ថ្នាក់​​ជាង​នេះ​ទៅ​ទៀត​ព្រោះ​​​​​ទឹក​​ជំនន់​​ហក់​ឡើង​ដល់​កម្ពស់​ជាង១​​ម៉ែត្រ​។​

អាជ្ញាធរ​​​បាន​បញ្ជូន​ទាហាន​ជា​ច្រើន​កង​ឯក​ភាព​ដើម្បី​ជួយ​សម្រួល​ការ​លំបាក​របស់​ប្រជា​ជន​។ ពួក​គេ​ជួយ​ដឹក​ជញ្ជូន​មនុស្ស​ចាស់​ជរា​ចេញ​​ពី​ផ្ទះ​ដែល​ត្រូវ​ទឹក​លិច​​ទៅ​​កាន់​ទី​កន្លែង​សុវត្ថិ​ភាព​។ ភូមិ​បួយ​សា​ (Bui Xa) ​ដែល​មាន​មនុស្ស​រស់​នៅ​​​ជាង​៥​រយ​នាក់​ ចែក​ចេញ​ជា​១២០​​ខ្នង​ផ្ទះ​។ ទី​នេះ​ក៏​រង​ការ​លិច​លង់​សម្បើម​ណាស់​ដែរ​។ ​​អ្នក​រស់​នៅ​ផ្ទះ​ល្វែង​រង​គ្រោះ​ខ្លាំង​​ជាង​គេ​​​។ អ្នក​ខ្លះ​ត្រូវ​រើ​ឥវ៉ាន់​ឡើង​ទៅ​លើ​ឡៅ​តឿ​ដើម្បី​ដាំ​បាយ​ និង​ចម្អិន​អាការ​នៅ​លើ​នោះបន្ទាប់​​ពី​ទឹក​​លិច​​ផ្ទះ​ជាន់​ក្រោម​អស់​រលីង​។​

ថ្វី​ដ្បិត​ខ្យល់​ព្យុះ​ព្រះ​ពិរុណ​ចាប់​ផ្ដើម​ថម​ថយ​កម្លាំង​បោក​បក់​បន្តិច​​វិញ​នៅ​ពេល​​ទៅ​ដល់​​មាត់​សមុទ្រ​ខេត្ត​ក្វាង​និញ​ ប៉ុន្តែ​ឥទ្ធិ​ពល​របស់​វា​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ទូទាំង​វៀតណាម​ខាង​ជើង​។ សម្រាប់​អ្នក​រស់​នៅ​តំបន់​ព្រៃ​ភ្នំ​ ឬ​ជន​បទ​ស្រុក​ស្រែ​ចម្ការ​ជា​រឿង​ធម្ម​តា​​ទេ​ព្រោះ​ឆាក​ជីវិត​របស់​ពួកគាត់​ហាក់​ដូច​ជា​ជោគ​ជាំ​នឹង​ស្ថាន​ភាព​បែប​នេះ​​ទៅ​ហើយ​។ ប៉ុន្តែ​សម្រាប់​អ្នក​​​រស់​នៅ​ទី​ក្រុង​ ករណី​ទឹក​ជំនន់​លិច​លង់​ដល់​ថ្នាក់​​ធ្វើ​ដំណើរ​លែង​កើត​បែប​នេះ​វា​ជាករណី​ពិបាក​​នឹង​ទទួល​យក​។​​​

​យើង​ងាក​ចេញ​ពី​ទុក្ខ​វេទ​នា​នៅ​ប្រទេស​​​វៀតណាម​​ដើម្បី​​ទៅ​មើល​ស្ថាន​ភាព​នៅ​​ប្រទេស​ហ្វ៊ីលីពីន​វិញ​ម្ដង​។ ហ្វ៊ីលីពីន​ក៏​កំពុង​រង​គ្រោះ​យ៉ាង​ដំណំ​ផង​ដែរ​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​ខ្យល់​ព្យុះ​ឈ្មោះ​ហ្គេមី (Gaemi)។ រដ្ឋ​ធានី​​ម៉ានីឡា​ និង​ទី​ក្រុង​ក្បែរ​ៗ​នោះ​​កំពុង​រង​ការ​លិច​លង់​យ៉ាង​ខ្លាំង​។ អាជ្ញាធរ​សម្រេច​ចិត្ត​បិទ​ទ្វារ​សាលា​រៀន​ និ​ងលុប​ចោល​ជើង​ហោះ​ហើរ​ជា​ច្រើន​ខ្សែ​។

​អាជ្ញាធរ​ប្រកាស​ដាក់​តំបន់​រង​គ្រោះ​នៅ​ក្នុ​ង​គ្រាអាសន្ន​​។ តាម​ពិត​ខ្យល់​ព្យុះ​​​មិន​បាន​បោក​បក់​ទៅ​លើ​ដី​គោក​របស់​ហ្វ៊ីលីពីន​​ដោយ​ផ្ទាល់​ទេ​។ ក៏​ប៉ុន្តែ​​ឥទ្ធិ​ពល​របស់​វា​បាន​បង្ក​​ជា​ភ្លៀង​ធ្លាក់​ខ្លាំង និង​ការ​បាក់​ដី​ជា​ច្រើន​កន្លែង​។ មនុស្ស​យ៉ាង​តិច​១២​នាក់​បាន​ស្លាប់​ និង​ជាង​៦​សែន​នាក់​ត្រូវ​ចាក​ចោល​ផ្ទះ​សម្បែង​របស់​ខ្លួន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដោយ​សារ​ខ្យល់​ព្យុះ​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ការីណា (Carina)​។ ​រហូត​មក​ដល់​ពេល​នេះ កន្លែង​ខ្លះ​នៅ​តែ​មាន​ទឹក​លិច​ដល់​ត្រឹម​ក​​​​មនុស្ស​ចាស់​នៅ​ឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ