ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាលប្រកាសឱ្យ​ប្រជាពលរដ្ឋ ​​បង្ការ​​បញ្ហា​សុខភាព​​​ ពាក់ព័ន្ធ​បរិភោគ​​​ផ្សិត​​ពុ.ល

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ណែនាំ​ប្រជាពលរដ្ឋអនុវត្ត​នូវ​វិធានការ​នានា ដើម្បី​បង្ការ​បញ្ហា​សុខភាព​បណ្តាល​មក​ពី​ការ​បរិភោគ​ផ្សិត​ពុល ព្រោះ​ក្នុង​ចំណោម​ផ្សិត​រាប់​ពាន់​ប្រភេទ មាន​ផ្សិត​ប្រហែល១០០​ប្រភេទ ដែល​ភាគច្រើន​បណ្តាល​ឲ្យ​ពុលនៅ​ពេល​បរិភោគ​។ សូមរំលឹកថា៖ សូម​ប្រយ័ត្ន​!…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ណែនាំ​ប្រជាពលរដ្ឋអនុវត្ត​នូវ​វិធានការ​នានា ដើម្បី​បង្ការ​បញ្ហា​សុខភាព​បណ្តាល​មក​ពី​ការ​បរិភោគ​ផ្សិត​ពុល ព្រោះ​ក្នុង​ចំណោម​ផ្សិត​រាប់​ពាន់​ប្រភេទ មាន​ផ្សិត​ប្រហែល១០០​ប្រភេទ ដែល​ភាគច្រើន​បណ្តាល​ឲ្យ​ពុលនៅ​ពេល​បរិភោគ​។ សូមរំលឹកថា៖ សូម​ប្រយ័ត្ន​! ខណៈ​ពលរដ្ឋ​១៧​នាក់​បាន​សង្គ្រោះ​​​បន្ទាន់ ​ក្រោយបរិភោគ​​​​ផ្សិត​​ម្យ៉ាង

ការ​ណែនាំ​របស់​ក្រសួងសុខាភិបាលបែប​នេះ​ បន្ទាប់​មាន​ករណី​ពុលផ្សិត​ចំនួន១៧​នាក់ (​ស្រី​៤​នាក់​) ដោយ​មាន​រោគ​សញ្ញា ចុកពោះ រាក ក្អួត នៅ​ភូមិ​ឡុំ ឃុំ​ប៉ក់​ញៃ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បន្ទាប់​ពី​បរិភោគ​ផ្សិត ដោយ​ត្រូវ​បាន​និង​កំពុង​ទទួល​ការ​ព្យាបាល យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ កាលពី​ថ្ងៃ​ទី​២១ កក្កដា​ ២០២៤។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រសួងសុខាភិបាល កាលពីថ្ងៃ​ទី​២៣ កក្កដា បាន​ឲ្យ​ដឹង​ថា ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត បាន​និង​កំពុង​សហការ​ជាមួយ​ក្រុម ការងារ​នៃ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​ផ្នែក​ពាក់ព័ន្ធ​ដោយ​ទទួល​ការ​ផ្តល់​យោបល់​បច្ចេកទេស​ពី នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល ធ្វើការ​អង្កេត​ស្រាវជ្រាវ​យ៉ាង​សកម្ម​លើ​ការ​កើតឡើង នូវ​ករណី​ពុល​នេះ និង​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ដែល​កើតហេតុ​ខាងលើ​។ ក្នុង ចំណោម​ផ្សិត​រាប់​ពាន់​ប្រភេទ មាន​ផ្សិត​ប្រហែល១០០​ប្រភេទ ដែល​ភាគច្រើន​បណ្តាល​ឱ្យ​ពុល នៅ​ពេល បរិភោគ​។

ក្រសួងសុខាភិបាល បញ្ជាក់​ថា «​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ អនុវត្ត​នូវ​វិធានការ ដូច​ខាងក្រោម ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​ចៀសវាង​បាន​នូវ​ការ​ពុលផ្សិត ដែល​អាច​ធ្វើ​ឱ្យ​គ្រោះ ថ្នាក់​រហូត​បាត់​បង់ជីវិត ដោយ​ត្រូវ​៖ មុន​នឹង​យក​ផ្សិត​មក​ចំអិន​ជា​ម្ហូបអាហារ​បរិភោគ ត្រូវ​ស្គាល់​ប្រាកដ​ថា ផ្សិត​នោះ​មិន​ពុល ឬ​សូម ស្វែងរក សាកសួរ​ចាស់ទុំ ដែល​ស្គាល់​ច្បាស់​ថា ផ្សិត​នោះ​ធ្លាប់​បរិភោគ​ដោយ​សុវត្ថិភាព​។ ចម្អិន​ផ្សិត​ដែល​មិន​ពុល​ឱ្យ​បាន​ត្រឹមត្រូវ និង​ឆ្អិន​ល្អ មុន​បរិភោគ​។​ប្រកាន់​អនាម័យ លាងដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត មុន​ចាប់​កាន់​អាហារ និង​ទទួល ទាន​ចំណីអាហារ​ដែល​មាន​អនាម័យ និង​សុវត្ថិ​ភាពល្អ​»​។

សូម​បញ្ជាក់​ថា រោគ​សញ្ញា​នៃ​ការ​ពុលផ្សិត អាច​កើត​ក្រោយ​ពី​បរិភោគ​រយៈពេល ២​ម៉ោង ទៅ ៦​ម៉ោង ឬ ច្រើន​ថ្ងៃ ដែល​មាន​ដូច​ជា ចុកពោះ រាក ក្អួត បែកញើស​រីក​ប្រ​ស្រី​ភ្នែក ដង្ហើមញាប់ ឬ​ពិបាក​ដកដង្ហើម​ឡះ​ឡះ រហូត​ដល់ អាច​ស្លាប់​ក្នុង​រយៈពេល​ណាមួយ ទៅ​តាម​ប្រភេទ​ផ្សិត​ពុល​ដែល​មាន​កម្រិត​ជាតិពុល​ខុស​ៗ​គ្នា​។ ជាតិពុល​ខ្លះ ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ តម្រងនោម ឬ​ថ្លើម ជួនកាល​ច្រើន​ថ្ងៃ ឬ​ច្រើន​ស​ប្តា​ហ៍​បន្ទាប់​ពី​បរិភោគ​។ អ្នក ពុល​ត្រូវ​ប្រញាប់​ស្វែងរក​ការ​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ដែល​នៅ​ជិត​លោក​អ្នក បំផុត ដោយ​ស្ថានភាព​អ្នក​ពុល​តម្រូវ​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាមដាន​ពី​គ្រូពេទ្យ​ជា​ចាំបាច់​។

ក្រសួងសុខាភិបាល បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​គ្រប់​រូប​អនុវត្ត​តាម​ការ​ណែនាំ​ខាងលើ និង បន្ត​ផ្សព្វផ្សាយ​សារ​អប់រំ​នេះ​ដល់​ក្រុម​គ្រួសារ ញាតិ​មិត្ត ដើម្បី​ចៀស​ផុត​ពី​ការ​ឈឺ គ្រោះថ្នាក់​ដល់​ជីវិត​ដោយ សារ​ការ​បរិភោគ​ផ្សិត​ពុល និង​សូម​មន្ត្រី​សុខាភិបាល អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​ផ្សព្វផ្សាយ និង​ធ្វើការ​ណែនាំ អប់រំ ការ​អនុវត្ត​វិធានការ​ខាងលើ ដល់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​របស់​ខ្លួន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ