ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សារ​ពិសេស​ផ្ញើ​ជូន​ជនរួមជាតិ ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV (​កម្ពុជា ឡាវ វៀតណាម​) ។ ការ​ចេញ​ថ្លែង​សារ​ពិសេស​របស់​សម្តេច​តេ​ជោ ធ្វើ​ឡើង​ក្រោយ​មានការ​ជជែក​គ្នា​ច្រើន​លើ​បញ្ហា​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា មិន​អាច​អត់ឱន​ឱ្យ​បាន​នោះ​ឡើយ ចំពោះ​ជន​មូល​បង្កាច់​រឿង​ពិត នៃ​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​។ អ្នក​បំភ្លៃ​រឿង CLV នេះ សម្រាប់​អ្នក​នៅ​ក្នុងស្រុក​ត្រូវ​ប្រឈម​នឹង​ច្បាប់​។ ចំពោះ​អ្នក​នៅ​ក្រៅ​ស្រុក​ត្រូវ​ដឹង​ថា ទ​ង្វើ​នេះ​ធ្វើ​ឱ្យ​អ្នក​នៅ​ក្នុងស្រុក​ប្រឈម​នឹង​ច្បាប់ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា មូលហេតុ​ដែល​សម្តេច​ចេញ​មុខ​បកស្រាយ​លើ​រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ព្រោះ​សម្តេច​ជ្រួតជ្រាប​រឿង​នេះ​ច្បាស់ ហើយ​សម្តេច​ផ្ទាល់​ជា​អ្នក​ផ្តួចផ្តើម​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិការ​នេះ​តាំងពីរ​ឆ្នាំ​១៩៩៩​។ អ្នក​ដែល​និយាយ​ថា​គំនិត​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ ផ្តើម​ដោយ​វៀតណាម​តាំងពី​ឆ្នាំ​១៩៩៥ ជា​ការ​លើក​ឡើង​ដោយ​គ្មាន​ភស្តុ​តាង និង​គ្មាន​ការ​អៀនខ្មាស់ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បបួល​លោក ជេ​ម សុខ ស្បថ​ចំពោះ​សម្តី​ដែល​បាន​លើក​ឡើង​ថា តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ ផ្តួចផ្តើម​គំនិត​ដោយ​វៀតណាម​។ សម្តេច​តេ​ជោ​បាន​ថ្លែង​ថា តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ គឺ​ផ្តួចផ្តើម​ឡើង​ផ្ទាល់​ដោយ​សម្តេច​។ ដំបូង​គឺ​សម្តេច​ស្នើ​សុំ​ការ​គាំទ្រ​ពី​ឡាវ បន្ទាប់​មក​ទៅ​ស្នើការ​គាំទ្រ​ពី​វៀតណាម​។ បច្ចុប្បន្ន​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​រូប គឺ​ឡាវ និង​វៀតណាម ដែល​សម្តេច​ស្នើ​ឱ្យ​មានការ​គាំទ្រ​នោះ បាន​ទទួលមរណភាព​អស់ហើយ ។

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា គំនិត​បង្កើត​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ ដោយសារ​តែ​តំបន់​នេះ​ទាំង​កម្ពុជា ឡាវ និង​វៀតណាម ជា​តំបន់​មាន​ស្ថានភាព​ក្រីក្រ​ជាងគេ​។ សម្រាប់​កម្ពុជា​វិញ នៅ​ចុង​សតវត្សរ៍​ទី​២០ ឆ្លង​ចូល​២១ ខេត្តមណ្ឌលគិរី រតនគិរី មិន​មាន​ផ្លូវ​ទៅ​ដល់​នោះ​ទេ គឺ​ត្រូវ​ស្នើ​សុំ​វៀតណាម ឆ្លង​ចូល​។

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ទៀត​ថា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ ធ្វើ​ឱ្យ​ខេត្ត​ភាគ​ឦសាន​របស់​កម្ពុជា ត្រូវ​បាន​ត​ភ្ជាប់​ផ្នែក​សេដ្ឋកិច្ច ដែល​ត្រូវការ​សំខាន់​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន​ផ្លូវ អគ្គិសនី ទេសចរណ៍ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​។ មុន​ពេល​អគ្គិសនី​កម្ពុជា​ទៅ​ដល់ នៅ​ខេត្តមណ្ឌលគិរី រតនគិរី និង​ក្រចេះ ត្រូវ​ទទួល​ភ្លើង​ពី​វៀតណាម​។ រីឯ​ខេត្តស្ទឹងត្រែង ពឹងពាក់​ភ្លើង​ពី​វៀតណាម​។ កិច្ចសហ​ប្រតិ​បត្តិការ​នេះ បាន​ផ្តល់​ផលប្រយោជន៍​ជា​ច្រើន បើ​ធៀប​ជាមួយ​វៀតណាម និង​ឡាវ តាម​រយៈ​ការ​ផ្គត់ផ្គង់​អគ្គិសនី ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​សមុទ្រ​ខាង​ទឹកដី​វៀតណាម​ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ បាន​ជួយ​ដល់​កិច្ច​សន្តិសុខ​ជាតិ រួម​មាន​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ការ​រត់ពន្ធ​ឈើ និង​ទប់ស្កាត់​ចលនា​ប្រដាប់​អាវុធ​ផង​ដែរ ពោល​គឺ​ទប់ស្កាត់​ជម្រក​របស់​ក្រុម​ជនខិលខូច​។ កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ បាន​ផ្តល់​កិច្ចសហការ​ផ្នែក​អប់រំ បណ្តុះបណ្តាល​ធនធានមនុស្ស និង​ផ្នែក​សុខាភិបាល​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ កាលពី​ពេល​មុន​ពលរដ្ឋ​កម្ពុជា​ក្នុង​ខេត្ត​ទាំង​៤ បាន​ទទួល​សេវា​សុខាភិបាល​ជា​ច្រើន​ពី​ខាង​ឡាវ និង​វៀតណាម ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា កិច្ចប្រជុំ​កំពូល​ដំបូង​នៃ​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ធ្វើ​ឡើង​នៅ​វៀង​ច័ន្ទ ប្រទេស​ឡាវ ក្នុង​ឆ្នាំ​១៩៩៩​។ លើក​ទី​២ នៅ​ឆ្នាំ​២០០២ នៅ​ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម​។ ក្នុង​កិច្ចប្រជុំ​លើក​ទី​២​នោះ​ហើយ មេដឹកនាំ​ប្រទេស​ទាំង​៣ បាន​ឯកភាព​គ្នា​កំណត់​ខេត្ត​ត្រូវ​ដាក់​បញ្ចូល​ក្នុង​កិច្ច​សហប្រតិបត្តិការ​។​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ បាន​ផ្តល់​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ទាំង​ភាគី​កម្ពុជា ឡាវ និង​វៀតណាម​ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ទទួល​បានការ​ផ្គត់ផ្គង់​អគ្គិសនី​ពី​ឡាវ ហើយ​ឡាវ ទទួល​បានការ​ផ្គត់ផ្គង់​អំបិល​ពី​កម្ពុជា​។​អធិបតេយ្យ​នៃ​ប្រទេស​នីមួយ​ៗ​មានការ​បោះបង្គោល​ព្រំដែន​ច្បាស់លាស់​ជាមួយ​គ្នា​។ សម្តេច​តេ​ជោ​សង្ឃឹមថា រាជរដ្ឋាភិបាល​អាច​សាងសង់​ផ្លូវ​ក្នុង​ខេត្តរតនគិរី ពី​ក្រុង​បាន​លុង ទៅ​ដល់​កន្ទុយ​នាគ ប្រវែង ៦៦​គីឡូម៉ែត្រ បាន​ឆាប់​។ សម្តេច​តេ​ជោ បាន​ថ្លែង​ថា សម្តេច​ចង់ទៅ​ឈរ​នៅ​តំបន់​កន្ទុយ​នាគ ដែល​ជា​ចំណុចប្រសព្វ​គ្នា​នៃ​ព្រំដែន​កម្ពុជា ឡាវ និង​វៀតណាម​ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ មិន​មាន​កិច្ចព្រមព្រៀង​ណាមួយ នាំ​ឱ្យ​បាត់បង់អធិប​តេយ្យភាព​ជាតិ​នោះ​ឡើយ​។ ខេត្ត​ទាំង​៤​របស់​កម្ពុជា​នៅ​ភាគ​ឦសាន បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​អស់ហើយ ដែល​ធ្វើ​ឱ្យ​ខេត្ត​ទាំងនេះ​មិន​កាត់​ផ្តាច់​ពី​គ្នា​នោះ​ឡើយ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​តុលាការ​ដាក់ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​បុគ្គល​អុជអាល​រឿង​នេះ ហើយ​គ្មាន​ការ​បន្ធូរ​បន្ថយទោស​នោះ​ឡើយ​ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ មាន​កិច្ចព្រមព្រៀង ​ចំនួន​៥​រួម​មាន​ ៖
១- កិច្ចព្រមព្រៀង​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​។
២- កិច្ចព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​ផ្លាស់​ប្តូរ​ទំនិញ និង​សេវា
៣- កិច្ចព្រមព្រៀង​ ស្តី​ពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​រវាង​កម្ពុជា និង​វៀតណាម
៤- អនុស្សា​រណៈ​យោគយល់​គ្នា​ ស្តី​ពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​រវាង​កម្ពុជា និង​ឡាវ
៥- អនុស្សា​រណៈ​យោគយល់​គ្នា​ ស្តី​ពី​ការ​ដឹក​ជញ្ជូន​ផ្លូវគោក​រវាង​កម្ពុជា ឡាវ និង​វៀតណាម​ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ផ្ទុយ​គ្នា​ស្រឡះ​ពី​កិច្ចព្រមព្រៀង​រវាង​ទណ្ឌិត​ក្បត់ជាតិ សម រ​ង្ស៊ី ជាមួយ​កុក​(​ស​)​។ កម្ពុជា គ្មាន​ជនជាតិភាគតិច​ដេ​ហ្គា និង​មាន​មេដឹកនាំ​ជា​កុក​(​ស​)​នោះ​ទេ​។ ក្នុង​ឋានៈ​ជា​មេដឹកនាំ​ប្រទេស​ពេល​ទៅ​ដល់​ប្រទេស​ណា ក៏​តែង​មានការ​រៀបចំ​ដាក់​តាំង​ទង់ជាតិ​។ សម្តេច​បញ្ជាក់​ត្រង់​ចំណុច ដើម្បី​បំភ្លឺ​តប​នឹង​ការ​បង្ហោះ​មួយ​ចំនួន​បង្ហាញ​ទង់ជាតិ​វៀតណាម នៅ​ពេល​ប្រមុខរដ្ឋ​វៀតណាម​ទស្សនកិច្ច​នៅ​កម្ពុជា ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់​ទុក​ការ​បង្ហោះ​នោះ ជា​ចេតនា​បង្ករឿង​។​ទោះបី​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​ផ្លាស់​ប្តូរ តែ​សម្តេច​មិន​ទាន់​អស់​ឥទ្ធិពល ពី​នយោបាយ​នៅ​ក្នុង​ប្រទេស​នោះ​ទេ​។ សម្តេច​តេ​ជោ​បាន​ថ្លែង​ថា រចនាសម្ព័ន្ធ​នៃ​ការ​គ្រប់គ្រង​អំណាច​រដ្ឋ គឺ​ព្រះមហាក្សត្រ​ទី​១ ប្រធាន​ព្រឹទ្ធសភា​ទី​២ ប្រធានរដ្ឋសភា​ទី​៣ និង​នាយក​រដ្ឋមន្ត្រី​ទី​៤ ប៉ុន្តែ​អំណាច​លើ​នាយក​រដ្ឋមន្ត្រី​។ សម្តេច​មិន​អនុញ្ញាត​ឱ្យ​មានការ​បង្កចលាចល​ណាមួយ ពី​ក្រុម​បង្ក​ការ​ញុះញង់​នោះ​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ