ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នា​ពេល​ខ្លី​ខាង​មុខ ​ស្ទឹង​ត្រែង​ នឹង​ក្លាយជា​តំបន់​ផ្កា​រីក​ស្រស់​ឆើតឆាយ ឬ​ City Flower

1 ខែ មុន

ខេត្តស្ទឹងត្រែង ៖ ថ្នាក់ដឹកនាំ នៃ​ដែនដី​រដ្ឋបាល​នាល​ខេត្តស្ទឹងត្រែង នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ បាន​បំផុស​ចលនា​ស្ដារ​ដាំ​ដើមឈើ​និង​ចែក​កូន​ឈើជូន​ប្រជាពលរដ្ឋ ស្ថាប័ន​អង្គភាព សាលារៀន…

ខេត្តស្ទឹងត្រែង ៖ ថ្នាក់ដឹកនាំ នៃ​ដែនដី​រដ្ឋបាល​នាល​ខេត្តស្ទឹងត្រែង នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ បាន​បំផុស​ចលនា​ស្ដារ​ដាំ​ដើមឈើ​និង​ចែក​កូន​ឈើជូន​ប្រជាពលរដ្ឋ ស្ថាប័ន​អង្គភាព សាលារៀន វត្ត​អារាម ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា ៩ កក្កដា នៅ​ក្នុង​បរិវេណ (​អនុ​វិទ្យាល័យ​ព្រះបាទ​) ភូមិ​កាំ​ង​ដីស សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ។

យោង​របាយការណ៍​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង បង្ហាញ​ថា មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត រួម​នឹង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​បណ្តុះ​កូន​ឈើ​ចម្រុះ ១​ម៉ឺន ១​ពាន់​ដើម ក្នុង​នោះ​រួម​មាន ៖ កូន​ឈើ​ក្រ​ញូ​ង ៤​ពាន់​ដើម កូន​ឈើ​ក្ងោក ៣,៥០០​ដើម ឈើ​បេង ២,៥០០​ដើម ឈើ​ធ្នុង ៣០០​ដើម ឈើ​នាងនួន​៣៥០​ដើម កូន​ឈើ​ព្រីង ៣០០​ដើម និង​កូន​ឈើ​លឿង​រាជ ៥០​ដើម គឺ​សម្រាប់​ដាំ និង​ចែក​ជូន​ប្រជាពលរដ្ឋ និង​ស្ថាប័ន​ផ្សេង​ៗ​ទៀត ដាំ​តាម​ទី​សាធារណៈ​វត្ត​អារាម សាលារៀន រួម​ទាំង​សួនច្បារ ផង​ដែរ ។

លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​លើក​ឡើង​ថា ពិធីបុណ្យ​រុក្ខទិវា តែងតែ​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ ដើម្បី​ធ្វើការ​ស្ដារ និង​ដាំ​ដុះ​ព្រៃឈើ​ឡើង​វិញ ។ ជាក់ស្ដែង​ចាប់ពី​ឆ្នាំ​២០០៤ រហូត​ដល់​ឆ្នាំ​២០២៣ ខេត្តស្ទឹងត្រែង បាន​ប្រារព្ធ​បុណ្យ​រុក្ខទិវា និង​ធ្វើការ​បណ្តុះ​កូន​ឈើ​ចែក​ជូន​ប្រជាពលរដ្ឋ និង​ស្ថាប័ន​ផ្សេង​ៗ យក​ទៅ​ធ្វើការ​ដាំ​ដុះ​ជា​រៀង​រាល់​ឆ្នាំ ។

លោក​បន្ត​ថា នៅ​ឆ្នាំ​២០២៤​នេះ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​ខេត្តស្ទឹងត្រែង បុណ្យ​រុក្ខទិវា ៩ កក្កដា គឺ​បាន​រៀបចំ​ដាំ​ដើមឈើ​ប្លែក​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ដោយ​ឆ្នាំ​នេះ​ភាគច្រើន យើង​ដាំ​ដើម​ក្ងោក នៅ​តាម​ដងផ្លូវ ព្រោះ​ជា​រុក្ខជាតិ​មាន​ផ្កា​ព៌​ណ​ក្រហម ស្រស់​ឆើតឆាយ ដើម្បី​លំអរ​ក្រុង​ស្ទឹង​ត្រែង​របស់​យើង ។

លោក​បាន​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត និង​រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង ក៏​ដូច​ជា​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត មាន​មហិច្ឆតា​ចង់​ប្រែក្លាយ​ខេត្តស្ទឹងត្រែង​ទាំងមូល ពិសេស​ក្រុង​ស្ទឹង​ត្រែង ឱ្យ​ក្លាយជា​តំបន់​ផ្កា​រីក​ស្រស់​ឆើតឆាយ ឬ​ជា (City Flower) នា​ថ្ងៃ​អនាគត ក្នុង​គោលបំណង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ មក​ទស្សនា​ខេត្តស្ទឹងត្រែង ឲ្យ​បាន​ច្រើន​ទ្វេ​ឡើង ។

លោក សរ សុ​ពុ​ត្រា អភិបាល​ខេត្តស្ទឹងត្រែង​បាន​ថ្លែង កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អាជ្ញាធរ​ក្រុង​ និងមន្ត្រី​ពាក់ព័ន្ធ ដែល​បាន​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា ៩ កក្កដា ឆ្នាំ​២០២៤ នេះ​ឡើង ក្នុង​គោលបំណង​ចូលរួម​ចំណែក​យ៉ាង​សកម្ម ក្នុង​ការ​អភិវឌ្ឍ អភិរក្ស​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា ដែល​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​របស់​កម្ពុជា ​។

លោក​អភិបាល​ខេត្តស្ទឹងត្រែង បាន​ជំរុញ​ដល់​ស្ថាប័នរដ្ឋ​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត អង្គភាព​កម្លាំងប្រដាប់អាវុធ វត្តអារាម និង​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូ​ទាំង​ខេត្តស្ទឹងត្រែង សូម​ចាប់ដៃ​ទាំងអស់​គ្នា ផ្តើម​ចេញពី​យើង​ទាំងអស់​គ្នា ចូលរួម​ដាំ​ដើមឈើ​ឲ្យ​បាន​ច្រើន ដើម្បី​បង្កា​ស្ថានភាព​គ្រោះ​ធម្មជាតិ​ផ្សេង​ៗ ការ​បំរែបំរួល​អាកាសធាតុ កាត់​បន្ថយ​នូវ​គ្រោះ​ធម្មជាតិ​ផ្សេង​ៗ ផ្តល់​នូវ​ភាព​បៃតង និង​បរិយាកាស​ស្រស់បំព្រង ផង​ដែរ ​។

លោក​អភិបាលខេត្ត​ ក៏​បាន​ជំរុញ​បន្ថែមឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​អនុវត្ត​គោលការណ៍ គូ​ស្វាមី​ភា​រិ​យា​ថ្មី ១​គូ​ដាំ​ដើមឈើ​១​ដើម និង​ប្រជាពលរដ្ឋ​មួយ​រូប ដាំ​ដើមឈើ​១​ដើម មិនតែប៉ុណ្ណោះ យើង​ក៏​ត្រូវ​នាំ​គ្នា​ចូលរួម​ទប់ស្កាត់​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​គ្រប់​ទម្រង់ និង​គ្រប់​រូបភាព​ឱ្យ​ខាង​តែ​បាន​ដាច់ខាត​ ៕