ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ស្ទាវ​២​នាក់ ក្នុង​ចំណោម​គ្នា​៥​នាក់ ក្រោយ​គប់​ដុំ​ថ្ម និង​បា.ញ់​ចំពាមកៅស៊ូ​ចូល​ភោជនីយដ្ឋាន​មួយ​កន្លែង រំសាយ​គំនុំ​ចាស់

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ ជន​ស្ទាវ​២​នាក់ ក្នុង​ចំណោម​គ្នា​៥​នាក់ ធ្លាប់​មាន​ទំនាស់​គ្នា​ជាមួយ​បុគ្គលិក​ភោជនីយដ្ឋាន​មួយ​កន្លែង កាលពី​ពេល​កន្លង​មក ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ ដោយ​មានកាំបិត ដុំ​ថ្ម និង​ចំពាមកៅស៊ូ…

រាជធានី​ភ្នំពេញ ៖ ជន​ស្ទាវ​២​នាក់ ក្នុង​ចំណោម​គ្នា​៥​នាក់ ធ្លាប់​មាន​ទំនាស់​គ្នា​ជាមួយ​បុគ្គលិក​ភោជនីយដ្ឋាន​មួយ​កន្លែង កាលពី​ពេល​កន្លង​មក ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ ដោយ​មានកាំបិត ដុំ​ថ្ម និង​ចំពាមកៅស៊ូ ទៅ​រករឿង​ស្រែក​ឡូឡា​ជេរ​ម្ដាយ (​ជេរ​ម្រ៉ា​យ​) នៅ​មុខ​ភោជនីយដ្ឋាន​រយៈពេល​២​ថ្ងៃ ជាប់​ៗ​គ្នា​។ មិនតែប៉ុណ្ណោះ ខណៈ​អត់​មាន​អ្នក​តបត ស្រាប់តែ​ជនសង្ស័យ​ខាងលើ បាន​គប់​ដុំ​ថ្ម និង​បាញ់​ចំពាមកៅស៊ូ ចូល​ក្នុង​ភោជនីយដ្ឋាន ដើម្បី​រំសាយ​គំនុំ​ចាស់ បណ្ដាល​ឲ្យ​ត្រូវ​ចំ​កំភួនជើង​ស្ដាំ​ម្ចាស់​ហាង រង​របួស​ហើម​ជាំ ថែម​ទៀត​ផង​។ បន្ទាប់​មក ក៏​ត្រូវ​ជន​រង​គ្រោះ​ខាងលើ​បាន​ប្តឹង និង​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ និង​នគរបាល​ប៉ុស្តិ៍​ស្ពានថ្ម ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​២​នាក់ រីឯ​៣​នាក់​ទៀត រត់គេច​ខ្លួន​បាត់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ភោជនីយដ្ឋាន «​រាជ​នី​សម្រស់​ព្រែក​ជ្រៃ​» ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ រួម​មាន ៖
១. ឈ្មោះ នឿ​ន ណា​ក់ អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ
២. ឈ្មោះ កាន សា អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ។
អ្នក​ទាំង​២​នេះ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​កើតហេតុ​ខាងលើ ។ រីឯ​បក្ខពួក​៣​នាក់​ទៀត កំពុង​រត់គេច​ខ្លួន ។
ដោយឡែក​បុរស​រង​គ្រោះ​ឈ្មោះ មឿ​ន សា​ខន អាយុ​៣៦​ឆ្នាំ ម្ចាស់​ភោជនីយដ្ឋាន​រាជ​នី​សម្រស់​ព្រែក​ជ្រៃ និង​ស្នាក់​នៅ​ក្នុង​ភោជនីយដ្ឋាន​នោះ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ ខណៈ​បុរស​រង​គ្រោះ និង​បុគ្គលិក កំពុង​តែ​ធ្វើ​ម្ហូប​ឱ្យ​ភ្ញៀវ​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​ខ្លួន ស្រាប់តែ​ជនសង្ស័យ​ទាំង​៥​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ចំនួន​០២​គ្រឿង ។ ដោយ​១​គ្រឿង ស៊េរី​ឆ្នាំ​២០២៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 1KR-2355 និង​១​គ្រឿង​ទៀត មិន​ចាំ​ស៊េរី​ឆ្នាំ និង​ស្លាក​លេខ ទៅ​ស្រែក​ឡូឡា​អុកឡុក ជេរ​បញ្ចោ​នៅ​ខាង​មុខ​ភោជនីយដ្ឋាន ។ បន្ទាប់​មក​បាន​ប្រើ​ចំពាមកៅស៊ូ​បាញ់ និង​គប់​ដុំ​ថ្ម ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន​ចំនួន​០២​ដុំ​ថ្ម បណ្តាល​ឱ្យ​ខ្ទាត​បំណែក​ដុំ​ថ្ម ត្រូវ​ចំ​កំភួនជើង​ខាងស្តាំ​ជន​រង​គ្រោះ រង​របួស​ហើម​ជាំ រួច​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ។

នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ទៀត​ថា លុះដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែកក្កដា ជនសង្ស័យ​ចំនួន​០២​នាក់ បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៤​ខាងលើ ទៅ​ឈប់​នៅ​មុខ​ភោជនីយដ្ឋាន​ម្ដងទៀត ។ បាន​ស្រែក​ឡូឡា​អុកឡុក​ជេរ​ម្រ៉ា​យ និង​ស្រែ​កថា «​បើ​អ្ហែង​ខ្លាំង អ្ហែង​ចេញ​មក​» ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ ដែល​កំពុង​ហូប​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន រួច​ក្រុម​ជនសង្ស័យ ក៏​បាន​ជិះ​ម៉ូតូ​ចាកចេញ​ទៅ​បាត់ ។ រហូត​ដល់​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ក្រុម​ជនសង្ស័យ​ដដែល​នេះ​មាន​គ្នា​ចំនួន​០៥​នាក់ បាន​ជិះ​ម៉ូតូ​០២​គ្រឿង​ខាងលើ ប្រដាប់​ដោយ​កាំបិត​ផ្គាក់ ទៅ​ឈប់​នៅ​ខាង​មុខ​ភោជនីយដ្ឋាន​នោះ​ទៀត ។ រួច​បោយ​ដៃ ហៅ​ឱ្យ​ជន​រង​គ្រោះ និង​បុគ្គលិក​ចេញពី​ហាង តែ​ខណៈនោះ ពុំ​មាន​នរណា​ហ៊ាន​ចេញ​ទៅ​ឡើយ បន្ទាប់​មក​ក្រុម​ជនសង្ស័យ ក៏​បាន​ជិះ​ម៉ូតូ​ចាកចេញ​ទៅ​បាត់​អស់ ។

នគរបាល​រូប​នោះ បាន​បញ្ជាក់​ប្រាប់​ថា លុះ​១០​នាទី​ក្រោយមក ក្រុម​ជនសង្ស័យ​ខាងលើ បាន​ត្រលប់​ទៅ​ធ្វើ​សកម្មភាព​ម្តងទៀត ដោយ​ប្រើ​ចំពាម​បាញ់ ទៅ​លើ​ជន​រង​គ្រោះ និង​បុគ្គលិក ប៉ុន្តែ​បាញ់​អត់​ត្រូវ គឺ​ត្រូវ​ចំ​ដែក​គ្រោងទ្វារ​បណ្តាល​ឱ្យ​ទ្រុត រួច​ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​វិញ​បាត់ ។ រហូត​ដល់​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​១​គ្រឿង ទៅ​កន្លែង​លក់​បាយ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ពី​ភោជនីយដ្ឋាន​របស់​ខ្លួន ។ ក៏​បាន​ប្រទះ​ឃើញ​យុវជន​ម្នាក់​ឈ្មោះ ឆ​ន មក​រា អាយុ​១៩​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០២៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 1KR-2355 ទៅ​ទិញ​បាយ​ឆា នៅ​កន្លែង​លក់​បាយ​នៅ​ទីនោះ​ដែរ ។

នគរបាល​បាន​ប្រាប់​បន្ថែម​ថា ខណៈនោះ​ដោយសារ​តែ​ស្គាល់​ម៉ូតូ ម៉ាក​ខាងលើ ថា​ជា​ម៉ូតូ​ដែល​បាន​ជិះ​ទៅ​ធ្វើ​សកម្មភាព​អុកឡុក​ភោជនីយដ្ឋាន​របស់​ខ្លួន ជន​រង​គ្រោះ ក៏​បាន​ឃាត់​ឈ្មោះ ឆ​ន មក​រា យក​ទៅ​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ស្ពានថ្ម ធ្វើការ​សួ​នាំ ។ ទើប​ដឹង​ថា ឈ្មោះ ឆ​ន មក​រា គ្រាន់តែ​ខ្ចី​ម៉ូតូ​ម៉ូ​នេះ​ពី​ជនសង្ស័យ​ម្នាក់​ឈ្មោះ ណា​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ដើម្បី​មក​ទិញ​បាយ​ឆា​ហូប​ប៉ុណ្ណោះ ។ ហើយ​នគរបាល​ក៏​បាន​នាំ​ឈ្មោះ ឆ​ន មក​រា ទៅ​ចង្អុលបង្ហាញ​បន្ទប់​ជួល​របស់​ឈ្មោះ ណា​ង ស្ថិត​នៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ។ លុះ​ពេល​ទៅ​ដល់​អត់​ឃើញ​ឈ្មោះ​ណា​ង​នោះ​ទេ ប៉ុន្តែ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ឈ្មោះ នឿ​ន ណា​ក់ និង​ឈ្មោះ កាន សា កំពុង​នៅ​ទីនោះ​ក៏​បាន​ឃាត់ខ្លួន​នាំ​យក​ទៅ​ធ្វើការ​សាកសួរ នៅ​ប៉ុស្តិ៍​ស្ពានថ្ម​តែ​ម្ដង ។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ បាន​សារភាព​ប្រាប់​នគរបាល​ប៉ុស្តិ៍​ស្ពានថ្ម​ដោយ​ខ្លី​ថា «​ពួក​ខ្លួន​ពិតជា​បាន​ជិះ​ម៉ូតូ​ម៉ាក​ខាងលើ ទៅ​ធ្វើ​សកម្មភាព​គប់​ដុំ​ថ្ម និង​ប្រើ​ចំពាមកៅស៊ូ​បាញ់​ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន​នោះ​ពិតប្រាកដ​មែន មូលហេតុ​ដោយសារ​កន្លង​មក​ពួក​ខ្លួន​ធ្លាប់​មាន​ទំនាស់​ជាមួយ​បុគ្គលិក ក្នុង​ភោជនីយដ្ឋាន​ខាងលើ​នោះ​» ។

ក្រោយមក​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្ដឹង ហើយ​នគរបាល​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​ច្បាប់ ព្រមទាំង​បន្ត​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន ជនសង្ស័យ​ដែល​កំពុង​រត់គេច​ខ្លួន​៣​នាក់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ