ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនគ្រោងដំឡើងអាយុចូលនិវត្តន៍តាមច្បាប់ ដើម្បីបន្ធូរបន្ថយសម្ពាធប្រាក់សោធននិវត្តន៍

11 ខែ មុន

ប្រទេសចិន ៖ ប្រទេសចិនគ្រោងដំឡើងអាយុចូលនិវត្តន៍ តាមនីតិប្បញ្ញត្តិជាបណ្តើរៗ ដើម្បីអនុ​ញ្ញាត​

ប្រទេសចិន ៖ ប្រទេសចិនគ្រោងដំឡើងអាយុចូលនិវត្តន៍ តាមនីតិប្បញ្ញត្តិជាបណ្តើរៗ ដើម្បីអនុ​ញ្ញាត​ឱ្យប្រជាពលរដ្ឋធ្វើការបានយូរជាងមុន ដ្បិតប្រទេសសេដ្ឋកិច្ចធំលំដាប់ទី២ពិភពលោកមួយនេះ កំពុងតស៊ូដើម្បីបន្ធូរបន្ថយសម្ពាធកើនឡើងលើកញ្ចប់ថវិកាប្រាក់សោធននិវត្តន៍ ដោយខេត្តជាច្រើនកំពុងតែប្រឈមនឹងឱនភាពរួចហើយ។

យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters និង The Straits Times របស់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កំណែទម្រង់នេះជារឿងបន្ទាន់ ដោយអាយុសង្ឃឹមរស់បានកើនឡើងនៅក្នុងប្រទេសចិនរហូតដល់ ៧៨ឆ្នាំ នៅក្នុងឆ្នាំ ២០២១ បើធៀបនឹងប្រមាណ៤៤ឆ្នាំ នៅក្នុងឆ្នាំ ១៩៦០ ពោលគឺលើសសហរដ្ឋអាមេរិក ហើយរំពឹងថានឹងលើសពី៨០ឆ្នាំ នៅក្នុងឆ្នាំ ២០៥០។

សេចក្តីប្រកាសកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៤ បានកើតឡើងនៅក្នុងឯកសារគោលនយោបាយសំខាន់មួយ ដែលបានដាក់ចេញនូវផែនការធ្វើឱ្យប្រាកដប្រជានូវយុទ្ធសាស្រ្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងចំនួនប្រជាជនវ័យចំណាស់ និងការថយចុះអត្រាកំណើត ដែលបានធ្លាក់ចុះក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា នៅក្នុងឆ្នាំ ២០២៣ ហើយត្រូវបានគេមើលឃើញថានឹងធ្លាក់ចុះអស់ជាច្រើនទសវត្សរ៍បន្ថែមទៀត។

អាជ្ញាធរចិនបញ្ជាក់ថា «ស្របតាមគោលការណ៍នៃការចូលរួមដោយស្ម័គ្រចិត្តជាមួយនឹងភាព​បត់​បែន​សមស្រប យើងនឹងជំរុញការកែទម្រង់ ដើម្បីបង្កើនអាយុចូលនិវត្តន៍ជាបណ្តើរៗតាមលក្ខន្តិកៈប្រកបដោយការប្រុងប្រយ័ត្ន និងរបៀបរៀបរយបំផុត»។ អាជ្ញាធរក៏បានបន្ថែមទៀតថា កំណែទម្រង់ដែលបានរៀបរាប់នៅក្នុងឯកសារគោលនយោបាយនេះ ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៩។

គួរឱ្យដឹងថា អាយុចូលនិវត្តន៍នៅក្នុងប្រទេសចិនបច្ចុប្បន្នអាយុត្រឹម៦០ឆ្នាំ សម្រាប់បុរស ឬធៀបនឹងពី ៥ ទៅ ៦ឆ្នាំទាបជាងនេះ នៅក្នុងប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍ភាគច្រើន។ ចំណែកសម្រាប់ស្ត្រីបំពេញការងារប្រកបដោយវិជ្ជាជីវៈគឺនៅអាយុ៥៥ឆ្នាំ និង៥០ឆ្នាំ សម្រាប់ស្ត្រីបំពេញការងារនៅក្នុងរោងចក្រ។

អ្នកបង្កើតគោលនយោបាយប្រទេសចិន បានបញ្ជាក់អំឡុងពេលពីរឆ្នាំចុងក្រោយនេះថា ពួកគេមានគោលបំណងដំឡើងអាយុចូលនិវត្តន៍ ប៉ុន្តែការផ្លាស់ប្តូរនេះ នឹងក្លាយជាការផ្លាស់ប្តូរលើកដំបូង ដែលអ្នកធ្វើការអាចជ្រើសរើសបន្តការងាររបស់ពួកគេ។ អាជ្ញាធរសុខាភិបាលជាតិបានរំពឹងថា ក្រុមអ្នកដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ នឹងកើនឡើងពី២៨០លាននាក់ដល់ជាង៤០០លាននាក់ នៅឆ្នាំ ២០៣៥ ឬស្មើនឹងចំនួនប្រជាជនបច្ចុប្បន្នទាំងមូលនៃចក្រភពអង់គ្លេស និងសហរដ្ឋ​អាមេ​រិក​បូក​បញ្ចូលគ្នា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ