គ្រោះធម្មជាតិទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុត ជាប្រវត្តិសាស្ត្រ៣០ឆ្នាំចុងក្រោយ វាយប្រហារខេត្តត្រាតភាគខាងកើតប្រទេសថៃ ដោយធ្វើឱ្យផ្លូវ Sukhumvitដ៏ល្បី ប្រែក្លាយពីផ្លូវហាយវេ ទៅជាទន្លេ ។ យ៉ាងណាក៏ដោយ ពលរដ្ឋខ្មែរក្នុងខេត្តកោះកុង, បាត់ដំបង និងពោធិ៍សាត់ ដែលនៅជាប់ខេត្តមួយនេះ សូមបង្កើនការប្រុងប្រយ័ត្ន ។

ឈានមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃធំៗ ទាំង Bangkok Post, The Nation រួមទាំង Trat TVផ្ទាល់ កំពុងធ្វើបច្ចុប្បន្នភាព ជាបន្តបន្ទាប់ផ្តោតសំខាន់ទៅលើព្រឹត្តការណ៍ទឹកជំនន់នៅខេត្តត្រាត បន្ទាប់ពីគ្រោះមហន្តរាយ ធម្មជាតិសារនេះ ត្រូវបានប្រជាជនខេត្តភាគខាងកើតប្រទេសថៃអះអាងថា ពួកគេខកខានជួបប្រទះនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរបែបនេះអស់រយៈពេល៣០ឆ្នាំមកហើយ។

ភ្លៀងធ្លាក់ជោកជាំជាប់គ្នារយៈពេលជាង៣ថ្ងៃ ក្នុងកម្រិត៤៤ម.ម ដែលចាប់ផ្តើមតាំងតែពីព្រឹកថ្ងៃទី១៩ ខែកក្កដា អូសបន្លាយរហូតមកដល់យប់ថ្ងៃទី២១ កក្កដា នាំឲ្យកើតមានទឹកជំនន់ហក់ឡើងយ៉ាងគំហុកនាព្រឹកព្រលឹមថ្ងៃអាទិត្យ ជន់លិចតំបន់ជាច្រើនទូទាំងខេត្ត ជាពិសេសផ្លូវ Sukhumvit ដែលតភ្ជាប់ពីស្រុក Khao Saming និងស្រុក Muang និង ក្រុងត្រាត។

ផ្លូវទាំងធំ ទាំងតូច ក្នុងតំបន់ដែលជន់លិចខ្លាំង បានប្រែទៅជាទន្លេ ខណៈដែលវត្តមានយានយន្ត ត្រូវជំនួសមកវិញដោយទូក និងកាណូត ដើម្បីធ្វើដំណើរ ដឹកជញ្ជូនមនុស្សសត្វ និងទ្រព្យសម្បត្តិនានាទៅកាន់ទីទួលមានសុវត្ថិភាព។ ឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ សាលាក្រុងត្រាត បានដាក់ពង្រាយកងម្លាំង និងចាត់វិធាការបន្ទាន់នានា ។

លោក Surasak Phutiphut អភិបាលក្រុងត្រាត បានឱ្យដឹងថា មជ្ឈមណ្ឌលឆ្លើយតបគ្រោះអាសន្នត្រូវបានបង្កើតឡើងជាបណ្តោះអាសន្ននៅជាន់ទី១ក្នុងអគារការិយាល័យក្រុង ដើម្បីជួយអ្នកស្រុកដែលរងផលប៉ះពាល់ ២៤លើ២៤ម៉ោង។

អ្នកស្រុកប្រាប់ថា ពួកគេទទួលបានការព្រមានភ្លាមៗពីទឹកជំនន់ដែលនឹងអាចកើតមាន បន្ទាប់ពីមន្ទីរធនធានទឹកខេត្តត្រាត សម្រេចចិត្ត បើកទ្វារបញ្ចេញទឹកពីអាងស្តុកក្នុងតំបន់ ព្រោះតែកម្ពស់ទឹកក្នុងអាងលើសពីកម្រិតសុវត្ថិភាពជិត៤ម៉ែត្រ។

លោក Thamrongsak Nakrawong ប្រធានធាធនធានទឹកខេត្តត្រាត បង្ហើបថា ដោយសារស្ថានការណ៍មិនស្រួល យើងត្រូវតែ សម្រុកបង្ហូរទឹកចេញពីអាងស្តុកទឹកដែលមានសភាពទ្រុឌទ្រោម ដើម្បីការពារវិនាសកម្មធ្ងន់ធ្ងរជាងនេះ។ ការបញ្ចេញទឹកជាបន្ទាន់នេះ បានអាចបង្កឱ្យជន់លិចដល់សហគមន៍ក្នុងស្រុក Khao Saming និង Muang ។

គិតមកដល់ព្រឹក៩ព្រឹកថ្ងៃច័ន្ទ ទី២២ កក្តដា ក្រោយពីកើតមានទឹកជំនន់ក្នុងរយៈពេល១៧ម៉ោង ស្ថានភាពទឹកជំនន់ក្នុងក្រុងត្រាត បានចាប់ផ្តើមស្រកបន្តិចម្តងៗ ប៉ុន្តែទឹកនៅតែបន្តបង្ហូរចេញពីអាងស្តុកទឹកព្រោះតែបរិមាណទឹកក្នុងផ្ទៃអាងនៅតែច្រើន។ ចាប់តាំងពីព្រឹកព្រលឹមមក ប្រជាពលរដ្ឋមកពីគ្រប់ទិសទីបាននាំគ្នាធ្វើដំណើរត្រឡប់ទៅផ្ទះពួកគេវិញ ដោយដើរលុយទឹក ព្រោះតែរថយន្តគ្រប់ប្រភេទនៅតែមិនអាចបើកឆ្លងកាត់បាន ដើម្បីនាំយករបស់របរ អាហារ និងភេសជ្ជៈទៅជូនសាច់ញាតិរបស់ពួកគេដែលជាប់គាំងដោយទឹក ជំនន់កាលពីយប់មិញ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋខេត្តត្រាត រួមទាំងបណ្តាខេត្តជាប់ឈូងសមុទ្រថៃ នៅតែបន្តរងការព្រមានឱ្យប្រុងប្រយ័ត្ន ដោយសារតែការព្យាករណ៍អាកាសធាតុបង្ហាញថា ខ្យល់មូសុងនិរតីកម្រិតមធ្យមនៅតែបោកបក់នៅតំបន់សមុទ្រ រួមទាំងព្យុះត្រូពិច “PRAPIROON” ដែលកំពុងបោកបក់លើកោះហៃណាន និងផ្នែកខាងលើសមុទ្រចិនខាងត្បូង នឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងបង្ករជាទឹកជំនន់នៅភាគខាងជើង ភាគឦសាន ជាពិសេសគឺភាគខាងកើតប្រទេសថៃ៕











ចែករំលែកព័តមាននេះ