ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិននាំគ្នាជក់បារីក្នុងឡានតាក់សុីបំពាក់ហ្គាស បង្កការឆាបផ្ទុះលាន់ដូចគ្រា.ប់បែ.ក ឆេះរបួស៤​នាក់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិចិនចំនួន៣នាក់បានហៅរថយន្តរត់តាក់សុីម៉ាកឡិចសុិសRX-300

0:00
0:00

រាជធានី​ភ្នំពេញ ៖ ជនជាតិចិនចំនួន៣នាក់បានហៅរថយន្តរត់តាក់សុីម៉ាកឡិចសុិសRX-300 ១គ្រឿង ជិះចេញពីម្ដុំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ហើយខណៈពេលកំពុងជិះ ជនជាតិចិនបាននាំគ្នាជក់បារី ។

ចំណែកបុរសអ្នកបើកបររថយន្តដែលជាជនជាតិខ្មែរ បានហាមឃាត់មិនឲ្យជក់ទេខ្លាចឆេះ ព្រោះរថយន្តគាត់បំពាក់ប្រព័ន្ធប៊ិចហ្គាស មិនមែនប្រើសាំងតែមួយមុខទេ ប៉ុន្តែទោះជាហាមយ៉ាងណាក៏មិនស្ដាប់ដែរ ។

បន្តិចក្រោយមកក៏ស្រាប់តែបង្កឲ្យមានការឆាបភ្លើងបារីជាមួយហ្គាសផ្ទុះលាន់សូរដូចគ្រាប់បែក ហើយឆេះសន្ធោសន្ធៅ បណ្ដាលឲ្យរបួសធ្ងន់និងស្រាល៤នាក់ ក្នុងនោះមានបុរសដែលជាអ្នកបើកបររថយន្តជនជាតិខ្មែរម្នាក់ និងបុរសជនជាតិចិនចំនួន៣នាក់ ។

ហេតុការណ៍ខាងលើនោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ នៅត្រង់ចំណុចភ្លើងស្តុបមុខវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តតាក់សុី១គ្រឿងខាងលើនេះ ម៉ាកឡិចសុិសRX-300 ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AQ-9519 ជារថយន្តបំពាក់ប្រព័ន្ធប៊ិចហ្គាស ។ បុរសដែលជាអ្នកបើកបររថយន្តនិងបុរសជនជាតិចិន​៣​នាក់​ដែលជាភ្ញៀវ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។

បុរសអ្នកបើកបររថយន្តខាងលើបានប្រាប់ឲ្យនគរបាលដឹងថា គាត់ជាអ្នករត់តាក់សុី ហើយនៅមុនពេលជួបហេតុការណ៍មួយនេះ ជនជាតិចិន៣នាក់នោះបានហៅរថយន្តគាត់ជិះចេញពីម្ដុំអាកាស​យាន​ដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ។ ដោយបានចចារត្រូវរ៉ូវគ្នាក្នុងតម្លៃ៨០ដុល្លារអាមេរិក ហើយខណៈពេលកំពុងបើកបរធ្វើដំណើរ ស្រាប់តែជនជាតិចិន៣នាក់នោះ បាននាំគ្នាហូតបារីយកមកជក់ ឃើញដូច្នេះគាត់បានហាមឃាត់មិនឲ្យជក់បារីនៅក្នុងរថយន្តនោះទេ ។

បុរសនេះបានប្រាប់ឲ្យដឹងបន្ថែមទៀតថា រថយន្តបំពាក់ប្រព័ន្ធប៊ិចហ្គាស គាត់មានការបារម្ភខ្លាចឆាបឆេះ ប៉ុន្តែទោះបីជាខំហាមឃាត់យ៉ាងណា ក៏ជនជាតិចិនទាំងនោះមិនព្រមស្ដាប់ដែរ នៅតែនាំគ្នាជក់ដដែល ។ គាត់ក៏ចេះតែបើកទៅមុខធម្មតា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែឆាបបណ្ដាល ឲ្យផ្ទុះឆេះបែបនេះតែម្ដង ដោយពុំដឹងថាមានលេចហ្គាសនៅត្រង់កន្លែងណាមួយឡើយ ទើបឆេះបែបនេះ ។

អ្នកភូមិខាងលើបាននិយាយថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្ត១គ្រឿងនេះ បើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែផ្ទុះលាន់ដូចគ្រាប់បែកហើយឆាបឆេះតែម្ដង ។ ភ្លាមៗនោះបានឃើញមានមនុស្សប្រុសចំនួន៤នាក់រត់ចេញ ពីក្នុងរថយន្តដោយភ្លើងឆេះប្រកាច់ប្រកិន ហើយពួកគាត់បានយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ។ ដោយបានប្រើប្រាស់អស់១បំពង់ ទើបរលត់ទៅវិញទាំងភ្លើងដែលឆេះមនុស្សនិងឆេះរថយន្ត ប៉ុន្តែមនុស្សបានរងរបួសធ្ងន់ និងស្រាលទាំងអស់គ្នា ។

ក្រោយពេលកើតហេតុ ទាំងអ្នកបើកបររថយន្ត និងជនជាតិចិន៣នាក់ដែលជាភ្ញៀវជិះរថយន្តនោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពហុព្យាបាលមួយកន្លែងនៅម្ដុំថ្នល់បំបែកចោមចៅ ដើម្បីសង្រ្គោះ ។ ដោយឡែកនគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានចុះទៅអន្តរាគមន៍សម្រួលចរាចរនិងនាំយករថយន្តចេញពីផ្លូវទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំប្រគល់ជូនម្ចាស់នាំយកទៅធ្វើការជួសជុលនៅពេលក្រោយ ៕

បុរសជាអ្នកបើកបររថយន្តតាក់ស៊ីដែលរងរបួស

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ