ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង៣០ឆ្នាំនៃលទ្ធិប្រជាធិបតេយ្យ ៖ ជីពចរនយោយបាយរបស់បក្សប្រឆាំងខ្សោយទៅៗ

5 ខែ មុន
  • ភ្នំពេញ

ទិដ្ឋភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​ការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់សម្គាល់ ចាប់តាំងពី​ប្រទេស​បាន​រៀបចំ​ការ​បោះ​ឆ្នោតជាតិ​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩៣ ដែល​សម្របសម្រួល​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា (UNTAC) រហូត​ដល់​ដំណើរការ​បោះ​ឆ្នោត​ចុង​ក្រោយ កាលពី​ឆ្នាំ​២០២៣កន្លង​ទៅ ។ ក្នុង​រយ​:​ពេល​ជាង​៣០​ឆ្នាំ នៃ​ដំណើរការ​នេះ…

ទិដ្ឋភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​ការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់សម្គាល់ ចាប់តាំងពី​ប្រទេស​បាន​រៀបចំ​ការ​បោះ​ឆ្នោតជាតិ​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩៣ ដែល​សម្របសម្រួល​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា (UNTAC) រហូត​ដល់​ដំណើរការ​បោះ​ឆ្នោត​ចុង​ក្រោយ កាលពី​ឆ្នាំ​២០២៣កន្លង​ទៅ ។

ក្នុង​រយ​:​ពេល​ជាង​៣០​ឆ្នាំ នៃ​ដំណើរការ​នេះ គណបក្សប្រឆាំង​បាន​កាន់តែ​រួម​តូច ហើយ​ជីពចរ​នយោបាយ​ហាក់​មាន​សភាព​ខ្សោយ​ទៅ​ៗ ។ ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ពេល​នោះ​ជា​ការ​បញ្ចប់​នៃ​ជម្លោះ​ស៊ី​វិល ដែល​អូស​បន្លាយ​ពេលវេលា និង​ការ​ចាប់ផ្តើម​ដំណើរ​របស់​កម្ពុជា​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ ហើយ​តួនាទី និង​ឥទ្ធិពល​របស់​គណបក្សប្រឆាំង​មានកា​រវិ​វ​ឌ្ឍ​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​រយៈពេល​ជា​ច្រើន​ទស្សវត្សរ៍​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​សក្ដានុពល​នយោបាយ​របស់​ប្រទេស ប៉ុន្តែ​ជោគវាសនា​របស់​គណបក្សប្រឆាំង គឺ​សិ្ថ​ត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់ ហើយ​កាន់តែ​ចុះ​ខ្សោយ ។

ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ៖ យុគសម័យ​មាស​របស់​គណបក្សប្រឆាំង
ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ជា​ពេលវេលា​ដ៏​មាន​អត្ថន័យ​សម្រាប់​កម្ពុជា ។ គណបក្សប្រឆាំង​ដែល​តំណាង​ដោយ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដឹកនាំ​ដោយ​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​ទទួល​អាសនៈ​ច្រើន​ជាងគេ នៅ​ក្នុង​រដ្ឋសភា​តែ​ថ្វី​ត្បិត​តែ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ទទួល​បាន​ភាព​ជោគជ័យ ក្នុង​ការ​បោះ​ឆ្នោត​ក៏​ដោយ​ក៏​ការ​រៀបចំ​ចែករំលែក​អំណាច​មួយ​ត្រូវ​បាន​សម្របសម្រួល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បណ្តាល​ឱ្យ​មាន​នាយក​រដ្ឋមន្ត្រី​ពីរ​ប្លែក​ពី​គេ នៅ​លើ​ពិភពលោក ។

ការ​សម្រុះសម្រួល​នៃ​នយោបាយ​បែប​នេះ គឺជា​ការ​កត់សម្គាល់​នៃ​ការ​ចាប់ផ្តើម​នូវ​ទំនាក់ទំនង​ដ៏​ស្មុគស្មាញ​រវាង​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​នៅ​កម្ពុជា ។

ការ​កើនឡើង និង​ការ​ដួល​រលំ​នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច
ពេញ​មួយ​ទសវត្សរ៍​១៩៩០ និង​ដើម​ទសវត្សរ៍​នៃ​ឆ្នាំ ២០០០ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នៅ​តែ​ជា​កម្លាំង​ប្រឆាំង​ដ៏​សំខាន់​របស់​ប្រទេស ប៉ុន្តែ​ទោះជា​យ៉ាងណា ការ​បែកបាក់​ផ្ទៃក្នុង និង​ការ​ចោទប្រកាន់​ពី​អំពើ​ពុក​រលួយ​បក្សពួក​និយម បាន​ធ្វើ​ឲ្យ​គណបក្ស​ចុះ​ខ្សោយ ។ នៅ​ពាក់កណ្តាល​ទស្សវត្សរ៍​ឆ្នាំ ២000 ឥទ្ធិពល​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ធ្លាក់​ចុះ ហើយ​គណបក្ស​ប្រជាជន​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្រួបបង្រួម​អំណាច​សឹងតែ​ពេញទំហឹង​នៅ​ពេល​នោះ ។ ភាព​ទន់ខ្សោយ​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​របស់​គណបក្សប្រឆាំង​ក្នុង​ការ​រក្សា​ភាព​ស្អិតរ​មួ​ត និង​ភាព​ពាក់ព័ន្ធ​នៅ​ក្នុង​ឆាកនយោបាយ​របស់​កម្ពុជា ។

នៅ​ក្នុង​ដំណើរ​ធ្លាក់​ចុះ​របស់​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច បាន​ធ្វើ​អោយ​មានការ​កកើត​គណបក្សប្រឆាំង​ផ្សេង​ទៀត គឺ​គណបក្ស​សម រ​ង្ស៊ី ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី និង គណបក្ស សិទ្ធិ​មនុស្ស​ដែល​ដឹកនាំ​ដោយ លោក កឹ​ម សុខា ។

ការ​កើតឡើង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP)
នៅ​ឆ្នាំ​២០១២ យុគសម័យ​ថ្មី​សម្រាប់​គណបក្សប្រឆាំង​បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស សម រ​ង្ស៊ី ដែល​បែក​ចេញពី​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច និង​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ដឹកនាំ​លោក កឹ​ម សុខា ។ ក្រោម​ការ​ដឹកនាំ​ដោយ​ឥស្សរៈជន​នយោបាយ សម រ​ង្ស៊ី និង​លោក កឹ​ម សុខា ដែល​សុទ្ធតែ​ធ្លាប់​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ប្រែប្រួល​និ​ន្ន​ការ​នយោបាយ​មក​ប្រឆាំង និង​ជា​សកម្មជន​សិទ្ធ​មនុស្ស​ផង​នោះ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ភាព​ទាក់ទាញ​យ៉ាង​ឆាប់រហ័ស​ក្នុង​ចំណោម​អ្នកបោះឆ្នោត​ដែល​ខកចិត្ត​នឹង​ការ​បរាជ័យ​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។

ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ ២០១៣ ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ផល​ច្រើន ដោយ​ទទួល​បាន ៥៥ អាសនៈ ក្នុង​ចំណោម​១២៣​អាសនៈ​ក្នុង​រដ្ឋសភា ។ ជោគជ័យ​នេះ​បាន​បង្ហាញ​ពី​សមត្ថភាព​របស់​បក្ស​ប្រឆាំង​ក្នុង​ការ​ប្រមូល​ការ​គាំទ្រ និង​ប្រជែង​ឈាន​ឆ្ពោះទៅ​រក​មាគ៌ា​នៃ​អំណាច ។ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នោះ ក៏​បាន​មើលឃើញ​ពី​ភាព​ចុះ​ខ្សោយ​របស់​ខ្លួន​ខ្លះ ហើយ​ក៏​បាន​សម្របសម្រួល​នយោបាយ ច្រើន ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ ។

ដំណាក់កាល​នៃ​ការ​តស៊ូ​នយោបាយ និង​ការ​រលំរលាយ​នៃ​គណបក្សប្រឆាំង​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧
ក្រោយ​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៣ ភាព​តានតឹង​ផ្នែក​នយោបាយ​នៅ​កម្ពុជា​កើនឡើង​ដោយ​បង្ហាញ​នូវ​ជំហរ​ដ៏​រឹង​មាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ។ ស្ថានភាព​គណបក្សប្រឆាំង​នៅ​ពេល​នោះ មាន​ភាព​ក្លាហាន ឈាន​ទៅ​ដល់​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ និង​ការ​ទាមទារ​ឱ្យ​មាន​កំណែ​ទម្រង់ការ​បោះ​ឆ្នោត​រហូត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​យល់ព្រម​ឆ្លើយ​តប​ដោយ​ការ​រួម​គ្នា​ជា​សម្បទាន និង​ការ​អនុវត្ត​គោលនយោបាយ​ក្តៅ​បំផុត ។ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ជំហរ​ធ្វើការ​រួម​គ្នា ដើម្បី​កំណែទម្រង់​ជាតិ ប៉ុន្តែ​ដំណាក់កាល​ល្អូកល្អើន​ខ្លី ហើយ​សង្គ្រាម​វោហា​ស័ព្ទ​បាន​កើត​ឡើងជា​ថ្មី​ចុង​ក្រោយ លោក សម រ​ង្ស៊ី ភៀសខ្លួន​ចេញ​ក្រៅប្រទេស​ហើយ​នៅ​ឆ្នាំ​២០១៧ លោក កឹ​ម សុខា ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ ហើយ​ក្រោយមក​នៅ​ឆ្នាំ​នោះ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​អំណាច​សាលក្រម​តុលាការ​កំពូល ។ ចំណាត់ការ​នេះ​បាន​ឈាន​ទៅ​ដល់​ការ​រលំរលាយ គណបក្សប្រឆាំង​ធំ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រជាជន​គ្រប់គ្រង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ ២០១៨ ដោយ​មិន​មានការ​ប្រកួតប្រជែង​ខ្លាំង​ដ៏​សាក​សម​ឡើយ ។

យុគសម័យ​មាស​របស់​គណបក្សកាន់អំណាច
ចាប់តាំងពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក​បរិយាកាស​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ស្ងប់ស្ងាត់​ទេ ដោយ​ក្រុម​អ្នកនយោបាយ​និរទេស​ខ្លួន​បន្ត​ប្រើប្រាស់​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​រស់​ដោយ​មូលនិធិ​ពី​ប​ច្ចឹ​ម​ប្រទេស ក្រឡុក​សភាពការណ៍​ផ្ទៃក្នុង ហើយ​គណបក្សប្រឆាំង​ថ្មី​មួយ​ចំនួន​នៅ​តែ​បន្ត​ចាប់កំណើត គ្រាន់តែ​ពន្លក​នៃ​គណបក្សប្រឆាំង​ទាំងនោះ​មិន​អាច​ដុះ​លូតលាស់​បាន​ល្អ​ឡើយ ។ អតីត​សមាជិក​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស ឬ​ប្រឈម​នឹង​ការ​ប្រឈម​ផ្លូវច្បាប់ ។

ទោះបីជា​មាន​ឧបសគ្គ​ទាំងនេះ​ក៏​ដោយ ក៏​ឥស្សរជន និង​សកម្មជន​គណបក្សប្រឆាំង​បាន​បន្ត​ជំរុញ​ឱ្យ​មាន​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ពី​បរទេស និង​ក្នុង​ប្រទេស ។ សហគមន៍​អន្តរជាតិ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​លុប​បំបាត់​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​មានការ​អំពាវនាវ​ឲ្យ​មានការ​ស្ដារ​ប្រព័ន្ធ​ពហុបក្ស​ឡើង​វិញ ។ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​យល់​ថា​អ្វី​ៗ​បង្ក​ឡើង​ដោយ​មេដឹកនាំ​ប្រឆាំង គឺជា​ទិដ្ឋភាព​ច្បាប់​ហើយ​មិនមែន​ជា​ការ​ជាន់ពន្លិច​ប្រជាធិបតេយ្យ​ដូចដែល​សហគមន៍​អន្តរជាតិ​ចោទប្រកាន់​ឡើយ ។ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គណបក្ស​ប្រជាជន​នៅ​តែ​បន្ត​ដឹកនាំ​យ៉ាង​រឹង​មាំ ។

ស្ថានភាព​របស់​គណបក្សប្រឆាំង​នៅ​ពេល​បច្ចុប្បន្ន
នៅ​ចំពោះ​មុខ​វិធានការ​តឹងរ៉ឹង​របស់​គណបក្សកាន់អំណាច​ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់​របស់​គណបក្ស​និង​អ្នកប្រឆាំង​នានា ជីប​ចរ​នៃ​ចលនា​ប្រឆាំង​នៅ​កម្ពុជា​នៅ​តែ​បន្ត​មាននៅ​ឡើយ ប៉ុន្តែ​មាន​សភាព​ខ្សោយ​ទៅ​ៗ ដែល​ពិបាក​នឹង​ប្រឈម និង​យកឈ្នះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់តែ​ពង្រឹង​ខ្លួន​ក្នុង​គ្រប់​របត់​នយោបាយ ។

ជីប​ចរ​នៃ​ចលនានយោបាយ​ប្រឆាំង​នៅ​សេសសល់ ហើយ​បាន​បន្តដំណើរ​ដល់​សព្វថ្ងៃ ។ ជីព​ចរ​នោះ គឺ​នៅ​សេសសល់​ដោយ​ក្រុម​អ្នកនយោបាយ​នៅ​ក្នុង​គណបក្ស​ភ្លើងទៀន ដែល​ជា​គណបក្ស​ធ្លាប់​បង្កើត​ឡើង​ដោយ​លោក សម រ​ង្ស៊ី ។ គណបក្ស​នេះ មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ច្បាប់​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​ក៏​ត្រូវ​សមាជិក​នៅ​ក្នុង​គណបក្ស​បែកចេញ​ជា​គណបក្ស​ជា​ច្រើន ប៉ុន្តែ​គណបក្ស​ដែល​លេចធ្លោរ​នោះ គឺ​គណបក្ស​ឆ​ន្ទះ​ខ្មែរ ដែល​អាច​ដណ្តើម​បាន​អ​សនៈ​ព្រឹទ្ធសភា​២​កៅអី​ផង​ដែរ ហើយ និង​គណបក្ស​កម្លាំង​ជាតិ ។ ពន្លក​នៃ​គណបក្សប្រឆាំង​ទាំង​ពីរ​នេះ​ក៏​នៅ​មិន​អាច​បង្រួម​សំឡេង​តែ​មួយ​បាន​នៅឡើយ ដោយ​គណបក្ស ឆ​ន្ទះ​ខ្មែរ​ហាក់ មាន​និន្នាការ​សម្របសម្រួល​ខ្លះ ដោយឡែក​គណបក្ស​កម្លាំង​ជាតិ គឺ​ហាក់​មាន​និន្នាការ​ប្រឆាំង​ខ្លាំង ។

មាគ៌ា​ឆ្ពោះទៅ​អនាគត
អនាគត​នៃ​នយោបាយ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​នៅ​តែ​មិន​ប្រាកដប្រជា ក្រោម​ការ​ក្តោប​ក្តាប់​អំណាច​យ៉ាង​តឹង​រឹង​របស់​គណបក្សកាន់អំណាច​ដែល​ពោរពេញ​ដោយ​អ្នក​ដែល​មានបទពិសោធន៍ និង​ការ​អប់រំ​ចម្រុះ​ដែល​អាច​ឲ្យ​គណបក្ស​នេះ​បន្ត​គូសវាស និង​កំណត់​នូវ​ជោគវាសនា​ក៏​ដូច​ជា​ខ្សែបន្ទាត់​នយោបាយ​ប្រកបដោយ​យុទ្ធសាស្ត្រ​ដ៏​ស៊ីជម្រៅ​ចាក់​ចំ​បញ្ហា ផ្ទៃក្នុង និង​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស ព្រមទាំង​មាន​ភាព​ធន​ហើយ​ប៉ិនប្រសព្វ ដើម្បី​ទប់​ក៏​ដូច​ជា​សម្របសម្រួល​នឹង​សំពាធ​នយោបាយ​ក្រៅប្រទេស​យ៉ាង​ប៉ិនប្រសព្វ ។

គណបក្សប្រឆាំង​ប្រសិនបើ​ចង់​ឲ្យ​ជីព​ចរ​នៃ​ជីវិត​នយោបាយ​របស់​ខ្លួន​អាច​បន្ត និង​មាន​ចលនា​ធំធាត់​មាន​សុខភាព​នយោបាយ​ប្រសើរ​ឡើង​វិញ​នោះ ចាំបាច់​ត្រូវ​តែ​មាន​ឆ​ន្ទះ​នៃ​ការ​សម្របសម្រួល ហើយ​រក​រូបមន្ត​ក៏​ដ៏​ជា​យុទ្ធសាស្ត្រ​នយោបាយ​មួយ​កណ្តាល​មួយ ជាមួយនឹង​គណបក្សកាន់អំណាច ដើម្បី​រក្សា​ជោគវាសនា​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​តែ​ទៅ​មុខ ហើយ​ប្រទេស​ជាតិ​នៅ​តែ​បន្ត​អភិ​វ​ឌ្ឈ​ន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ