រាជធានីភ្នំពេញ ៖ ដោយសារអាកាសធាតុអំណោយផល អ្នកនាំពាក្យក្រសួងការពារជាតិ បានបង្ហាញសង្ឃឹមថា នឹងទទួលបានដំណឹងអំពីឧទ្ធម្ភាគចក្រ ដែលបាត់ខ្លួននៅជួរភ្នំក្រវ៉ាញ ក្នុងពេលដ៏ខ្លីខាងមុខ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា តាំងពីម្សិលមិញ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ និងអំណោយផល ជាហេតុធ្វើឱ្យលោក សង្ឃឹមថា នឹងទទួលបានដំណឹងអំពីឧទ្ធម្ភាគចក្របាត់ខ្លួន ក្នុងពេលដ៏ខ្លីខាងមុខ ។
យោងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើកឡើងថា តាំងពីម្សិលមិញរហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផលដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តមបានបញ្ជាក់ងថា ៖ «នៅថ្ងៃនេះ កងកម្លាំងចម្រុះ បានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដែលយើងសង្ឃឹមថា នឹងទទួលបានដំណឹងអំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ» ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ដែលបានខិតខំយ៉ាងសកម្មមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងយោធិន២នាក់ ដែលបានបាត់ដំណឹង ក្នុងរយៈពេល១០ថ្ងៃមកនេះ ទោះបីជាមានបញ្ហាអាកាសធាតុ និងភូមិសាស្ត្រលំបាកក៏ដោយ និងសូមជូនពរកងកម្លាំងទាំងអស់គ្នាមានសុវត្ថិភាព និងទទួលបានជោគជ័យ ៕
ចែករំលែកព័តមាននេះ