នៅក្នុងចំណោមផ្លូវគមនាគមន៍ដែលមាននៅទូទាំងរាជធានីភ្នំពេញ មានផ្លូវដែលមានឈ្មោះជាមេដឹកនាំបរទេស ប្រហែលជាង ១០ ឯណោះ ដោយនៅក្នុងនោះ មានមេដឹកនាំចិន ឥណ្ឌា កូរ៉េខាងជើង បារាំង ឥណ្ឌូនេស៊ី និងបង់ក្លាដេសជាដើម ។ ផ្លូវទាំងនោះ ផ្លូវខ្លះត្រូវបានដាក់តាំងពីសម័យសង្គមរាស្ត្រនិយម ហើយផ្លូវខ្លះក៏ត្រូវបានបន្តដាក់ដោយរាជរដ្ឋាភិបាលនៅពេលបច្ចុប្បន្ន ។
ផ្លូវទាំងនោះរួមមាន ដូចជា មហាវិថី ស៊ី ជីនពីង ដែលក្រសួងសាធារណៈការ និងដឹកជញ្ជូនបានរៀបចំពិធីផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ និងមហាវិថីម៉ៅសេទុងជាដើម ។ ដោយឡែកឥណ្ឌា គឺមានដូចជាមហាវិថីនេរុហ៍, កូរ៉េខាងជើងមានមហាវិថី គីម អ៊ីលស៊ុង, ថ្នាក់ដឹកនាំបារាំង គឺមានមហាវិថីហ្សាដឺហ្គោល, មេដឹកនាំឥណ្ឌូនេស៊ីមានមហាវិថីសូកាណូ និងមហាវិថី អាលីអាឡាតាស់, ហើយក៏មានការឯកភាពគ្នាដាក់ឈ្មោះមេដឹកនាំបង់ក្លាដេសម្នាក់ផងដែរ ស្របពេលដែលនៅបង់ក្លាដេសគេបានយកព្រះនាមសម្តេចព្រះនរោត្តម សីហនុ ដាក់នៅលើមហាវិថីមួយនៅប្រទេសនេះផងដែរ ។
ក្រៅពីផ្លូវដែលមានឈ្មោះមេដឹកនាំបរទេសនៅរាជធានីក៏មានផ្លូវដែលដាក់ឈ្មោះប្រទេស និងទីក្រុងបរទេសផ្សេងទៀត ដែលរួមមាន ដូចជាផ្លូវហាណូយ ផ្លូវឆេកូ ផ្លូវ សហព័ន្ធរុស្ស៊ី ជាដើម ។
ពាក់ព័ន្ធនឹងយកយកផ្លូវនៅក្នុងស្រុកទៅដាក់ឈ្មោះបរទេសនេះ មានមតិរិះគន់ខ្លះកើតឡើង ជាពិសេសនៅក្រោយពេល ដែលកម្ពុជាបានសម្រេចដាក់ឈ្មោះកំណាត់ផ្លូវរបៀងប្រវែង៤៧,១០គីឡូម៉ែត្រថា ជាមហាវិថី ស៊ី ជីនពីង ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ការប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង គឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំដែលកើតចេញពីទំនាក់ទំនងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិនតាំងពីសម័យកាលមុនរហូតដល់ពេលបច្ចុប្បន្ន ជាពិសេសនោះ គឺពិធីបានប្រារព្ធឡើងចំខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន (១៩ កក្កដា ១៩៥៨ – ១៩ កក្កដា ២០២៤)៕
ចែករំលែកព័តមាននេះ