ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​ចិន ៖ ៦៦​ឆ្នាំ​មកនេះ កម្ពុជា​-​ចិន តែងតែ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​គ្រប់​កាលៈទេសៈ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​គូសបញ្ជាក់​ថា ក្នុង​រយៈពេល​៦៦​ឆ្នាំ​កន្លង​មកនេះ ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​គូសបញ្ជាក់​ថា ក្នុង​រយៈពេល​៦៦​ឆ្នាំ​កន្លង​មកនេះ ប្រទេស​កម្ពុជា និង​ចិន តែងតែ​ជួយ​គាំទ្រ​គ្នា​គ្រប់​កាលៈទេសៈ ហើយ​គោរព​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា បង្កើត​បានជា​គំរូ​មួយ នៃ​ទំនាក់ទំនង​អន្តរជាតិ ។

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប លើក​ទី​៦៦ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ចិន នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ នេះ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​រ៉េ​ស៊ី​ដង់ ឯកឧត្តម Wang Wenbin បាន​លើក​ឡើង​ថា ទំនាក់ទំនង​ដ៏​ល្អ រវាង​កម្ពុជា និង​ចិន បាន​នាំ​មក​នូវ​ផលប្រយោជន៍​ជា​ច្រើន សម្រាប់​ប្រជាជន នៃ​ប្រទេស​យើង​ទាំង​ពីរ ។

ឯកឧត្តម​បញ្ជាក់​ថា ៖ «​ប្រទេស​កម្ពុជា ជា​មិត្ត​ល្អ មិត្តភក្តិ​ពិតប្រាកដ​របស់​ចិន ហើយ​ចិន នឹង​បន្ត​ជួយ​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង​ប្រទេស​យើង​ទាំង​ពីរ កាន់តែ​រឹង​មាំ​មួយ​កម្រិត​ថែម​ទៀត​» ។

ចំណែក​ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​៦៦​ឆ្នាំ​កន្លង​មកនេះ ទំនាក់ទំនង​ការទូត នៃ​ប្រទេស​កម្ពុជា​-​ចិន មានការ​រីក​ចម្រើន និង​ទទួល​បាន​ផ្លែផ្កា​ជា​បន្តបន្ទាប់​។ ចិន​ជា​ដៃគូ​វិនិយោគ​អន្តរជាតិ​ធំ​ជាងគេ​នៅ​កម្ពុជា​។ ចិន​បាន​ជួយ​កម្ពុជា លើ​វិស័យ​ពាណិជ្ជកម្ម វប្បធម៌ ដឹក​ជញ្ជូន អប់រំ​ជាដើម ។

ឯកឧត្តម​បញ្ជាក់​ថា ៖ «​ក្នុង​នាម​មិត្ត​ដែកថែប កម្ពុជា​បន្ត​ប្រកាន់​ភ្ជាប់ នូវ​គោលនយោបាយ​ចិន​តែ​មួយ ព្រមទាំង​គាំទ្រ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ និង​គំនិត​ផ្តួចផ្តើម​នានា​របស់​ចិន ដែល​ផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ពីរ និង​សកលលោក​» ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម សុខ ឥ​សាន សមាជិក​អចិន្ត្រៃយ៍​ព្រឹទ្ធសភា និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​ដែរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​កម្ពុជា ក្នុង​រយៈពេល​៦៦​ឆ្នាំ​មកនេះ ។

ឯកឧត្តម​បញ្ជាក់​ថា ៖ «​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ចិន​៦៦​ឆ្នាំ​មកនេះ ត្រូវ​បាន​ពង្រឹងពង្រីក​ឥត​ឈប់​ឈរ​ដោយ​ថ្នាក់ដឹកនាំ នៃ​ប្រទេស​យើង​ទាំង​ពីរ បាន​ឈាន​ដល់​ចំណុច​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ជា​មិត្ត​ដែកថែប រហូត​ក្លាយជា​មិត្ត​មិត្ត​ត្បូង​ពេជ្រ​ថែម​ទៀត​។ ទំនាក់ទំនង​កម្ពុជា​-​ចិន មិន​អាច​មាន​អ្នក​ណា​មក​បំបែក​បាន​ឡើយ​។ ក្រោម​ការ​ជួយ​គាំទ្រ​ពី​មិត្ត​ចិន ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន​ដោយ​រក្សា​បាន​កំណើន​ខ្ពស់​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ទោះបីជា​យើង​ឆ្លងកាត់​វិបត្តិ​កូ​វី​ដ​-១៩ និង​វិបត្តិ​សកលលោក ក៏​ដោយ​» ។

ក្នុង​ឱកាស​នោះ​ដែរ លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បង្ហាញ​ការ​ជឿជាក់​ថា តាម​រយៈ​ទំនាក់ទំនង​ដ៏​ល្អ​នេះ ថ្នាក់ដឹកនាំ​ចិន ជា​ពិសេស​ឯកអគ្គរដ្ឋទូត​ចិន​ថ្មី នឹង​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរ​ចិន មក​លេង​កម្ពុជា កាន់តែ​ច្រើន ។

លោកស្រី បន្ថែម​ថា ៖ «​កម្ពុជា​-​ចិន នឹង​កាន់តែ​មាន​ភាព​ស្និត​ស្នាល​ថែម​ទៀត ហើយ​ខ្ញុំ​ជឿជាក់​ថា ភ្ញៀវ​ទេសចរ​ចិន និង​មក​កម្ពុជា​ច្រើន​ឡើង​វិញ ដូច​មុន​ជួប​វិបត្តិ​កូ​វី​ដ​-១៩ សូម​ជូនពរ​ឱ្យ​ទំនាក់ទំនង​ប្រទេស​យើង​កាន់តែ​រឹង​មាំ​» ។

គួរ​រម្លឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​រៀបចំ ពិធី ជប់លៀង ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦៦ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន និង​កម្ពុជា និង​ពិធី​ទទួល​ស្វាគមន៍​ការ​មក​ដល់​របស់​ឯកអគ្គរដ្ឋទូត Wang Wenbin អគ្គរដ្ឋទូត​ចិន​ថ្មី ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។

សូម​ជម្រាប​ថា ពិធី​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​រ៉េ​ស៊ី​ដង់ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្តេច​មហារដ្ឋ​សភាធិបតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​,​ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិបញ្ញត្តិ សមាជិក​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​បណ្តា​ក្រសួង​ស្ថាប័ន​នានា តំណាង​សង្គម​ស៊ី​វិល និង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​នាក់​ផង​ដែរ ។

កម្ពុជា​-​ចិន បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​១៩៥៨ ដោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ​ព្រះ​បរម​រតន​កោដ្ឋ ជាមួយនឹង​ថ្នាក់ដឹកនាំ​របស់​ប្រទេស​ចិន​ជំនាន់​នោះ​។ ហើយ​បន្ត​ពូន​ជ្រំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​បន្តវេន​មក​ដល់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជាមួយ​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​ក្រោយ​នេះ ដែល​មាន​ឯកឧត្តម ស៊ី ជី​ន​ភីង ជា​ប្រធានាធិបតី​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ