ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ស្ទង់​មតិ៖ លោក​ស្រី​ហារីស​ប្រសើរ​ជាង​លោក​បៃដិន ហើយអាច​ត​ទល់​គ្នា​ជា​មួយ​លោក​ត្រាំ​បាន

1 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​បៃដិន​​កំពុង​ធ្វើ​ចត្តា​ឡីស័ក​នៅ​​ក្នុង​ផ្ទះ​របស់​លោក​​​ឯ​​​ទី​ក្រុង​ដឺឡាវែ (Delaware) បាន​ប្រកែក​ក​យ៉ាង​ដាច់​​អហង្ការ​​ថា​ទោះ​​ជា​យ៉ាង​ណា​ក្ដី លោក​​ទាន់​ចង់​​ដក​ខ្លួន​​ចេញ​ពី​បេក្ខ​ភាព​ប្រធានា​ធិបតី​នៅ​ពេល​នេះ​ទេ​។ ការ​ថ្លែង​ដូច្នេះ នៅ​ពេល​មន្ត្រី​ធំ​ៗ​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​​កាន់​តែ​ច្រើន​ឡើង​ៗ​ស្នើ​សុំ​ឱ្យ​លោក​ដក​ខ្លួន​ថយ​ដើម្បី​ផល​ប្រយោជន៍​បក្ស​។ ពួក​គេ​សំណូម​ពរ​បែប​នេះ​ដោយ​យោង​ទៅ​លើការ​ស្ទង់​មតិ​ចុង​ក្រោយ​​ដែល​បង្ហាញ​ថា​គណ​បក្ស​នឹង​ចាញ់​ឆ្នោត​នៅ​អាណត្តិ​ថ្មី​បើ​លោក​បៃដិន​បន្ត​ឈរ​ឈ្មោះ​។ ​មិន​ត្រឹម​តែ​ចាញ់​ឆ្នោត​ប្រធានា​ធិបតី​ទេ សូម្បី​តែ​តំណែង​ប្រធាន​រដ្ឋ​សភា…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​បៃដិន​​កំពុង​ធ្វើ​ចត្តា​ឡីស័ក​នៅ​​ក្នុង​ផ្ទះ​របស់​លោក​​​ឯ​​​ទី​ក្រុង​ដឺឡាវែ (Delaware) បាន​ប្រកែក​ក​យ៉ាង​ដាច់​​អហង្ការ​​ថា​ទោះ​​ជា​យ៉ាង​ណា​ក្ដី លោក​​ទាន់​ចង់​​ដក​ខ្លួន​​ចេញ​ពី​បេក្ខ​ភាព​ប្រធានា​ធិបតី​នៅ​ពេល​នេះ​ទេ​។ ការ​ថ្លែង​ដូច្នេះ នៅ​ពេល​មន្ត្រី​ធំ​ៗ​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​​កាន់​តែ​ច្រើន​ឡើង​ៗ​ស្នើ​សុំ​ឱ្យ​លោក​ដក​ខ្លួន​ថយ​ដើម្បី​ផល​ប្រយោជន៍​បក្ស​។

ពួក​គេ​សំណូម​ពរ​បែប​នេះ​ដោយ​យោង​ទៅ​លើការ​ស្ទង់​មតិ​ចុង​ក្រោយ​​ដែល​បង្ហាញ​ថា​គណ​បក្ស​នឹង​ចាញ់​ឆ្នោត​នៅ​អាណត្តិ​ថ្មី​បើ​លោក​បៃដិន​បន្ត​ឈរ​ឈ្មោះ​។ ​មិន​ត្រឹម​តែ​ចាញ់​ឆ្នោត​ប្រធានា​ធិបតី​ទេ សូម្បី​តែ​តំណែង​ប្រធាន​រដ្ឋ​សភា ឬ​ព្រឹទ្ធ​សភា​ក៏​មិន​បាន​ផង​។ ផ្ទុយ​ទៅ​វិញ លោក​បៃដិន​នៅ​តែ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា​លោក​នឹង​ទទួល​ជ័យ​ជម្នះ​​នៅ​ទី​បញ្ចប់​។

​​សមាជិក​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​ច្រើន​ជាង​១០%​បាន​ប្រកាស​ជា​ចំហ​​​ថា​លោក​​គួរ​ដក​ខ្លួន​ថយបន្ទាប់​ពី​លោក​ធ្វើ​មិន​បាន​ល្អ​​នៅ​ពេល​ឡើង​វេទិកា​ត​ទល់​មតិ​គ្នា​ជា​មួយ​លោក​ត្រាំ​កាល​ពី​ចុង​ខែ​មិថុនា​។ វេទិកា​​នោះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​លោក​បៃដិន​មាន​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ​ទាំង​កាយ​សម្ប​ទា និង​សតិ​បញ្ញា​​។ លោក​និយាយ​ភ្លេច​ភ្លាំង​ច្រើន​។ ចំណែក​ជើង​របស់​គាត់​រាង​​​ញ័រ​ៗ។

កាល​ពី​យប់​មិញ លោក​បៃដិន​ប្រកាន់​គោល​ជំហរ​ដដែល​។ លោក​ថា​លោក​នឹង​ចុះឃោសនា​បោះ​ឆ្នោត​ឆាប់​ៗ​នេះ។ ​អ្នក​តំណាង​រាស្ត្រ​ និង​សមាជិក​ព្រឹទ្ធ​សភា​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​​៣២​រូប​ស្នើ​សុំ​ឱ្យ​លោក​បៃដិន​​បិទបញ្ចប់​ការ​ឃោស​នា​ត្រឹម​នេះ​ចុះ​​។ បក្ស​ប្រជា​ធិប​តេយ្យ​បារម្ភ​ថា​បក្ស​សាធារណរដ្ឋ​អាច​នឹង​ដណ្ដើម​បាន​​តំណែង​ប្រធានា​ធិបតី តំណែង​ប្រធាន​​​រដ្ឋ​សភា និងតំណែង​ប្រធាន​​ព្រឹទ្ធ​សភា​​មក​គ្រប់​គ្រង​តែ​ម្នាក់​ឯង​។ ​

លោក​ស្រី​ណាន់​ស៊ី ផេឡូស៊ី ​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិ​ពល​នៅ​ក្នុង​គណ​បក្ស​ប្រជា​ធិបតេយ្យ។ ​ថ្វី​ដ្បិត​លោក​ស្រី​មិន​ទាន់​អំពាវ​នាវ​ជា​ចំហ​ឱ្យ​​លោក​បៃដិន​ដក​ខ្លួន​ថយ​ ប៉ុន្តែ​លោក​ស្រី​បាន​និយាយ​ទូរ​ស័ព្ទ​ជា​លក្ខណៈ​ឯក​ជន​ថា​លោក​បៃដិន​​មិន​អាច​ឈ្នះ​ឆ្នោត​ទេ​​បើ​​​យោងទៅ​តាម​លទ្ធ​ផល​ស្ទង់​មតិ​​​​។ បើ​មើល​​ពី​សម្បក​ក្រៅ​ លោក​បៃដិន​​នៅ​តែ​មិន​ទាន់អស់​ចិត្ត​អំពី​រឿង​នេះ​ទាល់​តែ​សោះ​។​​ ប៉ុន្តែ​ប្រភព​ដែល​ដឹង​រឿង​លោក​ច្បាស់​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​លោក​ក៏​កំពុង​ពិចារណា​ថា​នឹង​ដក​ខ្លួន​ថយ​ផង​ដែរ​។​​

មន្ត្រី​បក្ស​ប្រជា​ធិបតេយ្យ​ជឿ​ជាក់​ថា​លោ​កបៃដិន​គង់​តែ​ដក​ខ្លួន​ថយ​នៅ​ទី​បំផុត​ គ្រាន់​តែ​យូរ​ ឬ​ឆាប់​តែប៉ុណ្ណោះ​។​ ប៉ុន្តែ​​​បើ​គាត់​សំកុក​យូរ​ពេក​​នឹង​​ធ្វើ​ឱ្យ​ខាត​ផល​​ប្រយោជន៍​របស់​គណ​​បក្ស​ខ្លួន​ឯង​ទៅ​វិញ​ទេ​។ នៅសល់​តែ​​បី​ខែ​កន្លះ​ទៀត​ប៉ុណ្ណោះ ថ្ងៃ​បោះ​ឆ្នោត​នឹង​ចូ​លមក​ដល់​​។ លោក​ស្រី​​ជែន​ អូម៉ាលី ឌីឡុន (Jen O’Malley Dillon) ​ជា​ប្រធាន​ក្រុម​ឃោសនា​របស់​លោក​បៃដិន​ទទួល​​ស្គាល់​ថា​លោ​កបៃដិន​ប្រឈម​នឹង​បញ្ហា​ច្រើន​ណាស់​នៅ​ក្នុង​ការ​ស្រវា​យក​តំណែង​ប្រធានា​ធិបតី​នៅ​អា​ណត្តិ​ថ្មី​នោះ​​​។

ប៉ុន្តែ​កម្រិត​គាំទ្រ​ចំពោះ​រូប​លោក​មិន​ទាន់​ថយ​ចុះ​ខ្លាំង​ពេក​ទេ​។ លោក​ស្រី​​ទទួល​ស្គាល់​ថា​លោក​បៃដិន​មាន​អាយុ​​ច្រើន​ក៏​ពិត​មែន​​។ ប៉ុន្តែ​មិន​ទាន់​​ចាស់​ទ្រុឌ​ទ្រោម​ខ្លាំង​ដល់​ថ្នាក់​ធ្វើ​ការ​លែង​កើត​នោះ​ទេ។​ ម៉្យាង​ទៀត​ លោក​ស្រី​យល់​ថា​គួរ​តែ​ឱ្យ​គាត់​ឈរ​ឈ្មោះ​ទៅ​ក្រែង​លោ​គាត់​​ឈ្នះ​ឆ្នោត​។​ ថ្វី​ដ្បិត​លទ្ធ​ផល​ស្ទង់​មតិ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​បង្ហាញ​ថា​លោក​ត្រាំ និង​លោ​កបៃដិន​ទទួល​បាន​សំឡេង​គាំទ្រ​មិន​លើស​លស់​គ្នា​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​ក្រុម​អ្នក​រៀប​​ចំ​យុទ្ធ​សាស្ត្រ​ឃោសនា​របស់​គណ​បក្ស​ទាំង​២​សុទ្ធ​តែ​និយាយ​ដូច​ៗ​គ្នា​ថា​លោក​បៃដឹន​កាន់​តែ​បាត់​បង់​​ឱកាស​​ក្នុ​ងការ​ដណ្ដើ​ម​សន្លឹក​ឆ្នោត​នៅ​ក្នុ​ងរដ្ឋ​ធំ​ៗ​ភាគ​ច្រើន​​​។

​ឧប​មា​ថា​ទៅ​ថ្ងៃ​មុខ ​​​​លោក​បៃដិន​សម្រេច​ចិត្ត​ដក​ខ្លួន​ថយ​, ​​អ្នក​ដែល​ស័ក្ដិ​សម​នឹង​ឈរ​ឈ្មោះ​​ជំនួស​មាន​តែ​​​លោក​ស្រី​ហារីស​ដែល​ជា​អនុ​ប្រធានា​ធិបតី​អាមេរិក​​សព្វ​ថ្ងៃ​​។ លទ្ធ​ផល​ស្ទង់​មតិ​របស់​រ៉យ​ទ័រ​បង្ហាញ​ថា​​​​បើ​លោក​ស្រី​ហារីស​ឈរ​ឈ្មោះ​គ្រាន់​បើ​ជាង​លោក​បៃដិន​ ហើយ​អាច​នឹង​ស៊ី​សង​គ្នា​ជា​មួយ​លោក​ត្រាំ​បាន​​។ នៅ​ល្ងាច​នេះ​តប​តាម​សំណើ​របស់​ទី​ប្រឹក្សា​លោក​បៃដិន​​ លោក​ស្រី​ហារីស​ត្រៀម​​​ឡើង​ថ្លែង​សុន្ទរ​កថា​ទៅ​កាន់​​​ម្ចាស់​ឥណ​ទាន​ដែល​​ប្រមូល​ថវិកា​ចូល​ក្នុង​​មូល​និធិ​ឃោសនា​​​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ