ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនងខ្លះ​អាង​ពាក់​ស័ក្តិ​៤​កន្លះ​ហើយ​​ទើប​លេប​យក​លុយ​ថ្លៃ​ដី​ពលរដ្ឋ

2 ខែ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ​ ៖ អស់​រយ​:​ពេល​ច្រើន​ថ្ងៃ​មក​ហើយ​ ដែលប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រស់នៅ​ក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​ នៅ​រសៀល​ថ្ងៃ​​ទី​១៩ ​ខែកក្កដា ​ឆ្នាំ​២០២៤​ បាន​បន្ត​ប្រមូលគ្នា​តវ៉ា​នៅ​មុខ​ផ្លូវ​ចូល​កន្លែង​សាងសង់​រោងចក្រ​សុំ​ឲ្យ​ថៅកែ​ចិន​…

​ខេត្តកំពង់ស្ពឺ​ ៖ អស់​រយ​:​ពេល​ច្រើន​ថ្ងៃ​មក​ហើយ​ ដែលប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រស់នៅ​ក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​ នៅ​រសៀល​ថ្ងៃ​​ទី​១៩ ​ខែកក្កដា ​ឆ្នាំ​២០២៤​ បាន​បន្ត​ប្រមូលគ្នា​តវ៉ា​នៅ​មុខ​ផ្លូវ​ចូល​កន្លែង​សាងសង់​រោងចក្រ​សុំ​ឲ្យ​ថៅកែ​ចិន​ និង​លោក អុ​ី លាង​អេ​ង បើក​លុយ​ថ្លៃ​ទិញ​ដី​ឲ្យ​ពួក​គាត់​។​ ពេល​នេះ​ ពលរដ្ឋ​ស្នើ​សុំ​ឲ្យ​លោក​ឧត្តម​ស​នី​យ​ឯកអគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​សំភារ​:​បច្ចេកទេស​ក្រសួងការពារជាតិ​ ជួយ​អន្តរាគមន៍​រឿង​លោក​វរសេនីយ៍ទោ អុ​ី លាង​អេ​ង មាន​បំណង​ចង់​ស៊ីដាច់​លុយ​ថ្លៃ​ដី​ពួក​គាត់​ដែល​បាន​លក់​ឲ្យ​ថៅកែ​ចិន​សាងសង់​រោងចក្រ​នេះ​ផង ​។

ប្រជាពលរដ្ឋបាន​និយាយ​ឲ្យ​ដឹង​ថា​ ការ​មក​ប្រមូលផ្ដុំ​គ្នា​នេះ​ក្នុង​គោលបំណង​ស្នើ​សុំ​ឲ្យ​ថៅកែ​ជន​ជាតិ​ចិន និង​លោក អុ​ី លាង​អេ​ង បើក​លុយ​ថ្លៃ​ដី​របស់​ពួក​គាត់​តាម​ការ​សន្យា និង​គ្រប់​ចំនួន​។ ព្រោះ​ពេល​នេះ​លុយ​ថ្លៃ​ដី​របស់​ពួក​គាត់​ដែល​ឈ្មោះ អុ​ី លាង​អេ​ង បើក​ពី​ថៅកែ​ជនជាតិ​ចិន​បាន​ហើយ ប៉ុន្តែ​មិន​បើក​លុយ​នោះ​មក​ឲ្យ​ពួក​គាត់​ជា​ម្ចាស់​ដី​ស្របច្បាប់​តាម​ការ​សន្យា​ឡើយ ហើយ​ប្លង់​ក៏​រត់ការ​ផ្ទេរ​ឈ្មោះ​ទៅ​ក្រុមហ៊ុន​ជិត​អស់ហើយ​ដែរ​ ។

ពលរដ្ឋ​ឈ្មោះ ណាំ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស ​អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រាំង​អំបិល ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​និយាយ​ឱ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា បានជា​ប្រជាពលរដ្ឋ ប្រមូលផ្តុំ​គ្នា​មក​ធ្វើការ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ជា​លើក​ទី​៣​នេះ គឺ​ដើម្បី​ទាម​លុយ​របស់​ពួក​គាត់​ចំនួន​៦៣​គ្រួសារ ដែល​អ្នកទិញ​ដី​ពី​គាត់់ ប្រមូល​ទាំង​ប្លង់​ដី​ដោយ​សន្យា​ថា​ក្នុង​ខែមិថុនា​កន្លង​ទៅ​នេះ ប្រគល់​លុយ​គ្រប់​ចំនួន ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤​នេះ​ហើយ​ពួក​គាត់​មិន​ទាន់​ទទួល​បាន​លុយ​គ្រប់​ចំនួន​នៅឡើយ​ទេ​។ ហេតុ​ដូច្នេះ ទើប​ពួក​គាត់​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​ដើម្បី​ទាមទារ​លុយ​របស់​គាត់​គ្រប់​ចំនួន​គឺ​ចប់​រឿង​ហើយ​។

ជាក់ស្ដែង​ កាលពី​អំឡុង​ពួក​គាត់​នាំ​គ្នា​តវ៉ា​អាជ្ញាធរ​ស្រុក​សំរោង​ទង​បាន​ប្រាប់​ថា​នៅ​ថ្ងៃ​ទី១៩ កក្កដា​ នេះ ​ឲ្យ​ទៅ​ធ្វើការ​ជួបជុំ​គ្នា​ជាមួយ​ភាគី​លោក​អ៊ី​ លាង​អេ​ង ដើម្បី​រក​ដំណោះស្រាយ​ក៏​ប៉ុន្តែ​តំណាង​ប្រជាពលរដ្ឋ ​និង​ពលរដ្ឋ​បាន​ទៅ​ដល់​សាលាឃុំ តែ​ភាគី​លក់​អ៊ី​លាង​អេ​ង​ពុំ​បាន​ចូលខ្លួន​មក​ដោះស្រាយ​ឡើយ​។

លោកតា នូ សុខ​ស៊ី​ន អាយុ​៧៤​ឆ្នាំ រស់​នៅ​ក្នុងភូមិ​បាក់ ចិញ្ចៀន ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង បាន​លើក​ឡើង​ថា គាត់​មាន​ដី​តែ​មួយ​កន្លែង​នឹង​ទេ ហើយ​បាន​លក់ គេ​យក​ប្លង់​ទៅ​ហើយ​។​ពេល​នេះ​ជនជាតិ​ចិន​បាន​សាងសង់​អគារ​រោងចក្រ​យ៉ាង​ធំ ប៉ុន្តែ​គាត់​មិន​ទាន់​ទទួល​បាន​លុយ​គ្រប់​ចំនួន​នៅឡើយ​ទេ​ ។ គាត់​មិនដឹង​ថា តើ​លុយ​ដែល​មិន​ទាន់​ទទួល​បាន​គ្រប់​ចំនួន​នេះ ថៅកែ​ជនជាតិ​ចិន​មិន​ទាន់​ប្រគល់​ឱ្យ ឬ មួយ​ក៏​អ្នក​ណាមួយ​មិន​ប្រគល់​ឱ្យ​គាត់​នោះ​ទេ​។ លុយ​របស់​គាត់​ដែល​នៅ​សល់​នោះ​ជាង​២​ម៉ឺន​ដុល្លារ ប្រ​សិន​បើ​មិន​មាន​ដំណោះស្រាយ​ណាមួយ​ជូន​ប្រជាពលរដ្ឋ ទេ​នោះ ពួក​គាត់​នឹង​បន្ត​តវ៉ា​នៅ​ការដ្ឋាន​នេះ ដើម្បី​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ យក​តែ​លុយ​គាត់​គ្រប់​ចំនួន​តែ​ប៉ុណ្ណោះ​។

ដោយឡែក ស្ត្រី​វ័យ​ចំណាស់​ឈ្មោះភួង ស្រី​ម៉ៅ អាយុ​៦៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ពួក​គាត់​ជា​ម្ចាស់​ដី សុំ​ឱ្យ​ថៅកែ​ជនជាតិ​ចិន និង​លោក​អុ​ី លាង​អេ​ង ប្រគល់​លុយ​ថ្លៃ​ដី​ដែល​ទិញ​ពី​ពួក​គាត់​ជា​ប្រជាពលរដ្ឋ ប្រគល់​មក​ឱ្យ​គ្រប់​ចំនួន​តាម​ការ​សន្យា​គឺ​មិន​មានរឿង​អ្វី​កើតឡើង​នោះ​ទេ​។ លុយ​របស់​គាត់​ដែល​គេ​ត្រូវ​ប្រគល់​នោះ នៅ​ប្រហែល​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត​។ ប្រសិនបើ​មិន​មាន​ដំណោះស្រាយ យក​លុយ​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ គ្រប់​ចំនួន​ទេ​នោះ​ពួក​គាត់ នឹង​បន្ត​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​នៅ​មុខ​រោងចក្រ​នេះ ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ដំណោះស្រាយ​។

ប្រជាពលរដ្ឋ សូម​ធ្វើការ​សំណូមពរ​ដល់ អស់លោក អាជ្ញាធរ ឃុំ ស្រុក ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​នានា និង​សូម​ឲ្យ​លោក ចៅ ភារ​រឹ​ទ្ឋ អគ្គនាយក នៃ​អ​គ្ក​នាយកដ្ឋាន​សំភារ​:​បច្ចេកទេស​រួម​ទាំង​ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ជា​ពិសេស សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ និង​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ម្ចាស់​ដី​ទាំង​៦៣​គ្រួសារ ដែល​លោក​វត​សេនីយ៍​ទោ អុ​ី លាង​អេ​ង អត្ត​លេខ 186454 មុខងារ ជំនួយការ អង្គភាព អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិមិន​ទាន់​ប្រគល់​លុយ​គ្រប់ នៅ​ក្នុងភូមិ​អូរ​ក្រាំង​អំបិល និង​ភូមិ​បាក់​ចិញ្ចៀន ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ផង ព្រោះ​ពេល​នេះ​លោក អុ​ី លាង​អេ​ង ជា​មន្ត្រី​យោធា​រូប​នេះ យក​លុយ​ពី​ជនជាតិ​ចិន​គ្រប់​ហើយ មិន​ព្រម​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ គ្រប់​ចំនួន​ឡើយ ។ បើ​សរុប​ជាង​៦០​គ្រួសារ​នេះ នៅ​សល់​លុយ​ជាង​២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៀត ហើយ​រោងចក្រ​សាងសង់​ជិត​រួចរាល់​ហើយ​។

បើ​យោង​តាម​ប្រភព​ដែល​ស្និត​ជាមួយ​ភាគី​ខាង​រោងចក្រ​បាន​បង្ហើប​ប្រាប់​ថា លុយ​២​លាន​១៧​មុ​ឺ​ន​ដុល្លារ​គឺ​ខាង​ថៅកែ​រោងចក្រ​បាន​បើក​ទៅ​ឲ្យ​លោក​អុ​ី លាង​អេ​ង អស់ ហើយ​។ ក៏​ប៉ុន្តែ​មិនដឹង​ថា​មាន​មូលហេតុ​អ្វី​នោះ​ទេ ទើប​លោក​អុ​ី លាង​អេ​ង​មិន​ព្រម​បើក​ជូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ ។

ពាក់ព័ន្ធ​និង​ប្រភព​ខាងលើ​នេះ​ដែរ​ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​ពន្យល់​បកស្រាយ​ពី​លោក​អ៊ី​លាង​អេ​ង​បាន​ឡើយ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ