ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់បាន​កំណត់​ទីតាំង​ចម្ការពោត​ដែល​ប្រទះ​ឃើញ​គ្រាប់​មីន​ ​

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ក្រោយ​ពី​ម្ចាស់​ចម្ការ​ប្រទះ​ឃើញ​គ្រាប់​មីន​ចំនួន​០៤​គ្រាប់ ដែល​ផុស​ចេញពី​ក្នុង​ដី​ចម្ការពោត ហើយ​ត្រូវ​មន្ត្រី​មូលដ្ឋាន និងមន្ត្រី​ជំនាញ​ស៊ី​ម៉ាក់ប្រើ​ឧ​បករ​ណ៍​ចុះ​រាវរក​មួយ​ប្រាវ​រួច​មក កាលពី​រសៀល​ថ្ងៃ​ទី១៨ ក​ក្ដ​ដា ពេល​នេះ ​មន្ត្រី​អង្គភាព​កំចាត់​មីន…

ខេត្តបាត់ដំបង​ ៖ ក្រោយ​ពី​ម្ចាស់​ចម្ការ​ប្រទះ​ឃើញ​គ្រាប់​មីន​ចំនួន​០៤​គ្រាប់ ដែល​ផុស​ចេញពី​ក្នុង​ដី​ចម្ការពោត ហើយ​ត្រូវ​មន្ត្រី​មូលដ្ឋាន និងមន្ត្រី​ជំនាញ​ស៊ី​ម៉ាក់ប្រើ​ឧ​បករ​ណ៍​ចុះ​រាវរក​មួយ​ប្រាវ​រួច​មក កាលពី​រសៀល​ថ្ងៃ​ទី១៨ ក​ក្ដ​ដា ពេល​នេះ ​មន្ត្រី​អង្គភាព​កំចាត់​មីន ​«​ស៊ី​ម៉ាក់​» បាន​កំណត់​ទីតាំង​នោះ​ថា ជា​តំបន់​ដែល​សង្ស័យ​នៅ​មាន​គ្រាប់​មីន ហើយនឹង​ត្រូវ​រៀប​គម្រោង​ចុះ​បោសសំអាត​នា​ពេល​ខាង​មុខ​នេះ​ ។ នេះ​បើ​តាម​ដំណឹង​ពី​លោក ស្រេង សុខា អភិបាលស្រុក​បាណ​ន់ នៅ​ព្រឹក​ថ្ងៃ​ទី ១៩ ក​ក្ដ​ដា​។

លោក ស្រេង សុខា អភិបាលស្រុក​បាណ​ន់ បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា នៅ​រសៀល​ថ្ងៃ​ទី១៨
ក​ក្កដា មន្ត្រី​មូលដ្ឋានឃុំ​ស្នឹង បាន​សហការ​ជាមួយ​មន្ត្រី​ស៊ី​ម៉ាក់ចុះ​ពិនិត្យ​ទីតាំង​ចម្ការពោត ដែល​គេ​ប្រទះ​គ្រាប់​មីន ហើយ​មន្ត្រី​ស៊ី​ម៉ាក់បាន​ប្រើប្រាស​ឧ​បករ​ណ៍​រាវរក​មួយ​ប្រាវ​ដែរ តែ​មិន​ទ​ទូល​បាន​លទ្ធផល​ជា​ថ្មី​ទេ​។ ប៉ុន្តែ​មន្ត្រី​អង្គភាព​ស៊ី​ម៉ាក់បាន​កំណត់​យ៉ាង​ជាក់លាក់​ថា ទីតាំង​ចម្ការពោត ឬ កន្លែង​ដទៃ​មួយ​ចំនួន​ទៀត​នៅ​ក្បែរ​ៗ​នោះ​ថា ជា​«​តំបន់​ត្រូវ​ប្រុង​ប្រយ័ត្ន ព្រោះ​គេ​សង្ស័យ​អាច​នៅ​មាន​គ្រាប់​មីន​»​។

ពោលមន្ត្រី​ជំនាញ​បាន​កំណត់​ថា តំបន់​ចម្ការពោត​នោះ​ជា «​ចម្ការ​មីន​»​។ លោក​អភិបាលស្រុក​រូប​នេះ បាន​បញ្ជាក់​ថា ក្រោយ​ពេល​មន្ត្រី​ជំនាញ បាន​ដាក់​តំបន់​ជា​«​ចម្ការ​មីន​» និង ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន អង្គភាព​កំចាត់​មីន​ស៊ី​ម៉ាក នឹង​រៀបចំ​គម្រោង​ចុះ​បោសសំអាត​មីន​តំបន់​នោះ ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដែល​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ។

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី ១៧ ក​ក្ក​​ដា ម្ចាស់​ចម្ការពោត ឈ្មោះ អឿ​ន ម៉ៅ បាន​ប្រទះ​ឃើញ​គ្រាប់​មីន​ប្រភេទ «72.A» ឬ​គេ​ហៅ​ថា «​មីន​សញ្ញា​លេខបូក​» ចំនួន​០៤​គ្រាប់ ដែល​ផុស​ចេញពី​ដី​ក្នុង​ចម្ការពោត​របស់​គាត់ ក្រោយ​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​នា​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​។ ចម្ការពោត​របស់​លោក​ម៉ៅ ដែល​ប្រទះ​ឃើញ​គ្រាប់​មីន​នោះ នៅ​ក្បែរ​ជើងភ្នំ​ចាក់​អង្កាម (​ជិត​ច្រកចូល​ល្អាង​ទូរ​) ស្ថិត​ក្នុងភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណ​ន់​។

បើ​តាម​លោក អឿ​ន ម៉ៅ ម្ចាស់​ចម្ការ​បាន​ប្រាប់​ថា គាត់​ធ្លាប់​ប្រទះ​ឃើញ​គ្រាប់​មីន​ប្រភេទ​នេះ​ជា​បន្តបន្ទាប់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បើ​សរុប​ទៅ​ឃើញ​ចំនួន​១១​គ្រាប់​ហើយ​។ កសិករ​រូប​នេះ​បាន​បញ្ជាក់​ថា ដីចម្ការ​របស់​គាត់​ធ្លាប់​យក​ជួល​ត្រាក់ទ័រ ឬ ប្រើប្រាស​គោ​យន្ត ភ្ជួរ​ដី​រាល់​ឆ្នាំ តែ​មិន​ធ្លាប់​កិន​គ្រាប់​មីន​ទាំងនោះ​ផ្ទុះ​ម្ដងណា​ទេ ធ្លាប់តែ​ដើរ​ប្រទះ​ឃើញ​អណ្ដែត​ឡើង​នៅ​លើ​ដីចម្ការ ក្រោយ​ពេល​ភ្ជួរ​រួប និង ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​ប្រទះ​ឃើញ​លើក​ចុង​ក្រោយ​នេះ គឺនៅ​ពេល​ភ្ជួរ ឬពេល​ចុះ​ដាំពោត​អត់​បាន​ប្រទះ​ឃើញ​ទេ លុះ​ពេល​មាន​ភ្លៀង​ធ្លាក់ ខណៈ​ពោត​ដុះ​បាន​មួយ​ចម្អាម​ពី​ដី​ទៅ​ហើយ ស្រាប់តែ​កូនប្រុស​គាត់​ដើរ​កាត់​ចម្ការ​ក៏​ប្រទះ​ឃើញ​តែ​ម្ដង​។ ប៉ុន្តែ​យ៉ាងណា ពេល​នេះ​ មន្ត្រី​ស៊ី​ម៉ាក​បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​រួច​ហើយ និង ត្រៀម​រៀប​គម្រោង​ចុះ​បោសសំអាត​គ្រាប់​មីន​នៅ​តំបន់​នោះ​ជា​ផ្លូវការ​ទៀត​ផង​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​អភិបាលស្រុក​បាណ​ន់​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ