ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំងជាច្រើននៅក្រុងប៉ារីសបានបិទតាំងពីម្សិលមិញ រហូតដល់ថ្ងៃបើកអូឡាំពិកឆ្នាំ២០២៤

1 ខែ មុន

ប្រទេសបារាំង ៖ កម្លាំងប៉ូលិសទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ បាន

ប្រទេសបារាំង ៖ កម្លាំងប៉ូលិសទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ បានចាប់ផ្តើមដាក់របាំង និងរបងដែកបិទទីតាំងជាច្រើននៅកណ្តាលទីក្រុង ក៏ដូចជារារាំងប្រជាជន និងអ្នកទេសចរចូលទៅកាន់តំបន់ក្បែរមាត់ទន្លេសែន (Seine) ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងដាក់ខែលការពារដ៏រឹងមាំ មុនពេលពិធីបើកកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅថ្ងៃទី២៦ ខែកក្កដា សប្តាហ៍ក្រោយ។

ប្រភពពីទូរទស្សន៍បារាំង France 24 និងទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ បានឱ្យដឹងថា ប្រសិនបើនរណាម្នាក់ចង់ចូល ឬឆ្លងកាត់របាំងការពារតាមដងទន្លេសែន ដែលមានប្រវែងរាប់គីឡូម៉ែត្រ នឹងត្រូវការលេខកូដ QR ពិសេស។ របាំងដែកបង្កើតឡើងពិសេសត្រូវបានធ្លាក់ពាសពេញកណ្តាលទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅ ជាមួយការចាប់ផ្តើមបង្កើតបរិវេណការពារប្រឆាំងនឹងអំពើភេរវកម្មកីឡាអូឡាំពិក។ ច្រាំងទន្លេសែន ដែលត្រូវបានបិទប្រវែងរាប់គីឡូម៉ែត្រ ដើម្បីហាមឃាត់អ្នកក្រុងប៉ារីស និងអ្នកទេសចរដែលគ្មានកូដ QR ចេញចូល ដែលត្រូវបានបញ្ចូលក្នុងទូរស័ព្ទដៃ និងបោះពុម្ពលើក្រដាស។

ការបិទការធ្វើដំណើរនេះ មិនសូវទទួលបានការរិះគន់ខ្លាំងនោះទេ ដោយសារតែអាជ្ញាធរបានប្រកាសអំពីប្រព័ន្ធលេខកូដ QR កាលពីឆ្នាំមុន ហើយបានជួបជាមួយអ្នករស់នៅក្នុងតំបន់អស់រយៈពេលជាច្រើនខែ ដើម្បីពន្យល់អំពីការរឹតបន្តឹងទាំងនោះ ប៉ុន្តែទោះយ៉ាងណាមិនមែនគ្រប់គ្នាសុទ្ធតែបានដឹងនោះទេ។ បរិវេណការពារត្រូវបានដាក់នៅព្រឹកថ្ងៃទី១៨ ខែកក្កដា កន្លងទៅ ហើយនឹងបន្តរហូតដល់ថ្ងៃពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក។

ជាករណីលើកលែងមួយ ទីក្រុងប៉ារីសបានសម្រេចចិត្តរៀបចំពិធីបើកនៅមាត់ទន្លេ ជាជាងនៅក្នុងកីឡដ្ឋាន ដូចជាទីក្រុងម្ចាស់ផ្ទះព្រឹត្តិការណ៍មុនៗ។ ដូច្នេះការការពារត្រូវចំណាយទាំងថវិកា និងចំនួនកងកម្លាំងចម្រុះច្រើនជាងការរៀបចំក្នុងកីឡដ្ឋាន។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយមានអត្តពលិកចំនួន ១០,៧១៤នាក់មកពីប្រជាជាតិចំនួន ២០៦ ជុំវិញពិភពលោក ចូលរួមប្រកួតប្រជែង ដោយមានកីឡា ៣២ប្រភេទលើវិញ្ញាសាសរុប ៣២៩វិញ្ញាសា។ មុនពេលព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកចូលមកដល់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ