ទាក់ទាញខ្លាំង! ឯកសណ្ឋានប្រពៃណីជម្រើសជាតិម៉ុងហ្គោលី ត្រៀមបង្ហាញនៅអូឡាំពិកក្រុងប៉ារីស
ប្រទេសម៉ុងហ្គោលី ៖ ខណៈពេលដែលពិភពលោកកំពុងតែរៀបចំត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍
ប្រទេសម៉ុងហ្គោលី ៖ ខណៈពេលដែលពិភពលោកកំពុងតែរៀបចំត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍
ប្រទេសម៉ុងហ្គោលី ៖ ខណៈពេលដែលពិភពលោកកំពុងតែរៀបចំត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នោះ បណ្តាប្រទេសទទួលសិទ្ធិប្រកួតប្រជែងកំពុងតែរៀបចំសម្រាប់ក្រុមអត្តពលិកជម្រើសជាតិរបស់ខ្លួន ជាពិសេសផ្តោតសំខាន់លើឯកសណ្ឋានសម្រាប់ពិធីបើក-បិទព្រឹត្តិការណ៍តែម្តង។
ដោយឡែក កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ មហាជនលើបណ្តាញទំនាក់ទំនងសង្គមជុំវិញពិភពលោក ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើឯកសណ្ឋានក្រុមអត្តពលិកជម្រើសជាតិម៉ុងហ្គោលី ហើយភាគច្រើនអ្នកបានឃើញ និងចែករំលែករូបភាពឯកសណ្ឋាននោះ បានលើកឡើងស្រដៀងគ្នាថា គឺជាឯកសណ្ឋានស្រស់ស្អាត ប្រណិតភាព និងទាក់ទាញបំផុតសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។
ឯកសណ្ឋានរបស់ក្រុមអត្តពលិកជម្រើសជាតិម៉ុងហ្គោលី ត្រូវបានរចនាឡើងដោយក្រុមហ៊ុនសំលៀកបំពាក់ដ៏ល្បីបំផុតរបស់ម៉ុងហ្គោលី ដែលមានឈ្មោះថា «Michel & Amazonka» សម្រាប់ពិធីបើក និងបិទព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំនេះ ហើយក៏ជាឆ្នាំទី ៣ ផងដែរ ដែលក្រុមហ៊ុនមួយនេះ ដើរតួជាអ្នករចនាម៉ូតឯកសណ្ឋានកីឡាអូឡាំពិកផ្លូវការរបស់ប្រទេសម៉ុងហ្គោលី។
តារាម៉ូដែលដ៏ល្បីរបស់ម៉ុងហ្គោលី Solongo-Uyanga និង Kio ជាមួយនឹងម៉ូដែល២រូបផ្សេងទៀត បានគ្រងឯកសណ្ឋានប្រពៃណីម៉ុងហ្គោលីចំនួន៤ម៉ូតផ្សេងគ្នា សម្រាប់ឈុតសំពត់វែងពណ៌ស ស្បែកជើងប្រពៃណី អាវពណ៌សជាមួយកអាវពណ៌ក្រម៉ៅដិត និងអាវកាក់ប៉ាក់ពណ៌ស និងខៀវរចនាបថម៉ុងហ្គោលីយ៉ាងស្រស់ស្អាត។ អត្តពលិកនារីក៏នឹងពាក់ក្រវិលពណ៌ក្រហមទម្លាក់ចុះ និងកាបូបប៉ាក់ពណ៌ខ្មៅជាមួយនឹងថ្នេរដេរដ៏ស្មុគស្មាញតែប្រណិតភាពខ្លាំង។ ទន្ទឹមនឹងជាមួយគ្នានោះ អត្តពលិកបុរសនឹងស្លៀកឈុតប្រពៃណីស្រដៀងគ្នា រួមជាមួយនឹងមួក និងស្បែកប្រពៃណីម៉ុងហ្គោលីផងដែរ។
អត្តន័យនីមួយៗនៃឯកសណ្ឋានម៉ុងហ្គោលីត្រូវបានបញ្ជាក់ថា ការគោរពដល់វប្បធម៌ម៉ុងហ្គោលី ជាមួយនឹងនិមិត្តសញ្ញាប៉ាក់ដូចជាព្រះច័ន្ទ ព្រះអាទិត្យ និងសត្វក្តាន់នៅក្នុងទេវកថាពីរឿងព្រេងប្រពៃណីដ៏ល្បី «Gua-Maral»។ Michel & Amazonka ដែលដឹកនាំដោយអ្នករចនាដ៏ល្បី Michel Choigaalaa និង Amazonka Choigaalaa បានសារភាពថា ឯកសណ្ឋាននីមួយៗ ត្រូវចំណាយពេលជាង២០ម៉ោងដើម្បីបង្កើតឡើង។
អ្នកប្រើប្រាស់បណ្តាញសង្គម Instagram និងជាពិសេសនៅក្នុងកម្មវិធី TikTok បានបង្ហាញចំណាប់អារម្មណ៍ ក៏ដូចជាភាពទាក់ភ្នែកសម្រាប់ឯកសណ្ឋានសម្រាប់ក្រុមអត្តពលិកម៉ុងហ្គោលី និងគ្រឿងតុបតែងលម្អផលិតយ៉ាងប្រុងប្រយ័ត្ន និងប្រណិតភាព។ បើទោះបីជាអ្នកប្រើប្រាស់បណ្តាញសង្គមទាំងនោះ មិនមែនជាជនជាតិម៉ុងហ្គោលីក៏ដោយ ក៏ឯកសណ្ឋានទាំងនេះ មើលទៅទាក់ទាញខ្លាំងណាស់ និងកោតសរសើរពីទឹកដៃរបស់អ្នករចនាមិនដាច់ពីមាត់ថែមទៀតផង។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយមានអត្តពលិកចំនួន ១០,៧១៤នាក់មកពីប្រជាជាតិចំនួន ២០៦ ជុំវិញពិភពលោក ចូលរួមប្រកួតប្រជែង ដោយមានកីឡា ៣២ប្រភេទលើវិញ្ញាសាសរុប ៣២៩វិញ្ញាសា។ មុនពេលព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកចូលមកដល់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤៕ (ប្រភព ៖ The Independent, HIGHXTAR. និង The Straits Times)
ចែករំលែកព័តមាននេះ