ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធ​ច្រើន​គ្រាប់ ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ក្នុង​ចំណោម​២​នាក់ និង​គ្រឿងញៀ.ន​ជិត​៩​គីឡូក្រាម នៅ​ស្រុក​ស្វាយ​ទាប

1 ខែ មុន

ខេត្តស្វាយរៀង ៖ មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ក្នុង​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ម្នាក់ ដឹក​ជញ្ជូន​គ្រឿងញៀន ឆ្លង​ដែន​ដោយ​ខុសច្បាប់ ទម្ងន់​ជិត​០៩​គីឡូក្រាម ក្នុងភូមិ​សាស្ដ្រ​ស្រុក​ស្វាយ​ទាប ។…

ខេត្តស្វាយរៀង ៖ មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ក្នុង​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ម្នាក់ ដឹក​ជញ្ជូន​គ្រឿងញៀន ឆ្លង​ដែន​ដោយ​ខុសច្បាប់ ទម្ងន់​ជិត​០៩​គីឡូក្រាម ក្នុងភូមិ​សាស្ដ្រ​ស្រុក​ស្វាយ​ទាប ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់ ក្នុង​ចំណោម​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគ​បាល​ខេត្តស្វាយរៀង ធ្វើការ​ឃាត់ខ្លួន រួម​ទាំង​រឹបអូស​បាន​គ្រឿងញៀន ទម្ងន់​ជិត​៩​គីឡូក្រាម នៅ​ភូមិសាស្ត្រ​ទឹកដី​ស្រុក​ស្វាយ​ទាប ។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ម្សិលមិញ​នេះ​ថា ការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​វៀតណាម​ខាងលើ​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន លោក​ឧត្តមសេនីយ៍ត្រី ប៉ាន់ ស៊ី​រ៉ូ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រំដែន និង​លោក​វរសេនីយ៍ទោ គង់ សា​គុន ស្នងការ​រង​ទទួល​ដឹកនាំ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦១១ ព្រមទាំង​មានការ​សម្របសម្រួល​ផ្ទាល់​ពី​លោក​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ត​ថា នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៦១-១៦២ ស្ថិត​ក្នុងភូមិ​អូ​តា​មោ ឃុំ​មនោ​រម្យ ស្រុក ស្វាយ​ទាប ខេត្តស្វាយរៀង កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​តំបន់​ព្រំដែន ព្រៃ​តា​អី​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦១១ បាន​ចេញ​ល្បាត​នៅ​តាម​បន្ទាត់​ខ្សែក្រវាត់​ព្រំដែន​។ ខណៈ​កំពុង​ចេញ​ល្បាត​ចំណុច​ខាងលើ ក៏​បាន​ជួប​មុខសញ្ញា​សង្ស័យ​ជនជាតិ​វៀតណាម ចំនួន​០២​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច ក៏​បាន​ហៅ​ឱ្យ​ឈប់ ដើម្បី​ត្រួតពិនិត្យ​កញ្ចប់​កេស​អីវ៉ាន់ ដែល​ជនសង្ស័យ​ដឹក​តាម​ម៉ូតូ ពេល​នោះ​ជនសង្ស័យ​ដឹងខ្លួន ក៏​ផ្តួល​ម៉ូតូ និង​កញ្ចប់​អីវ៉ាន់​ចោល រួច​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ទឹកដី​ប្រទេស​វៀតណាម នៅ​ពេល​កម្លាំង​ដេញ​តាម​ជនសង្ស័យ​នោះ ជនសង្ស័យ​ក៏​បាន​ដក​អាវុធ​ខ្លី បាញ់​ស​ម្ដៅ​មក​លើ​សមត្ថកិច្ច​ជា​ច្រើន​គ្រាប់ តែ​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​មក​លើ​កម្លាំង​យើង​នោះ​ទេ ។

សមត្ថកិច្ច បាន​បញ្ជាក់​ថា នៅ​ពេល​ត្រួតពិនិត្យ​កេស​អីវ៉ាន់ ដែល​ជនសង្ស័យ​ទម្លាក់​ចោល​នោះ សមត្ថកិច្ច​បាន​ឆែក​ក្នុង​កេស ឃើញ​មាន​វត្ថុ​តាង​មួយ​ចំនួន រួម​មាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ជា​ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន ចំនួន​០៩​កញ្ចប់ ទម្ងន់​សុទ្ធ ៨៨៦៣,៧៣​ក្រាម (៨​គីឡូ​៨៦៣.៧៣​ក្រាម​), បង់​អាវុធ​ខ្លី​០១ មាន​គ្រាប់​០៤​គ្រាប់​, សំបក​ផ្ទុះ​០៣ ម៉ូតូ​០២​គ្រឿង និង​អត្តសញ្ញាណប័ណ្ណ​ជនជាតិ​វៀតណាម ០១​សន្លឹក ។

តាម​រយៈ​កិច្ច​សហប្រតិបត្តិការ នៃ​ការ​បញ្ជូន​ព័ត៌មាន​ពី​សមត្ថកិច្ច​កម្ពុជា បាន​ទាន់​ពេលវេលា នៅ​វេលា​ម៉ោង​០៧​ព្រឹក​ក្នុង​ថ្ងៃ​ដដែល សមត្ថកិច្ច​វៀតណាម បាន​បន្ត​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​បាន​ម្នាក់ នៅ​ក្នុង​ទឹកដី​ប្រទេស​វៀតណាម រីឯ​បក្ខពួក​ម្នាក់​ទៀត​កំពុង​រត់គេច​ខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ