រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីប្រមាថចំពោះអង្គព្រះមហាក្សត្រ នៅចំណុចស្តុបអាងទឹកអូឡាំពិក សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល០៨និង០០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ។
ជនសង្សយ័ មានឈ្មោះ អ៊ុក ភក្តី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន ពិនិត្យឃើញមានផ្ទុកសារធាតុញៀន) ។
យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា កាលពីវេលាម៉ោងប្រហែល០៨ព្រឹកថ្ងៃទី១៥ កក្កដា ជនសង្ស័យឈ្មោះ អ៊ុក ភក្តី ភេទប្រុស អាយុ៤០ឆ្នាំ បានចេញពីផ្ទះ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូស៊េរីចាស់០១គ្រឿង មិនចាំម៉ាក ឈប់ស្តុប នៅចំណុចអាងទឹកអូឡាំពិក សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (កន្លែងកើតហេតុ) បានធ្វើសកម្មភាពយកលុយក្រដាស៥០០រៀល លើកឡើងលើរួចយកស្បែកជើងវាយលើក្រដាសប្រាក់៥០០រៀល និងប្រមាថចំពោះអង្គព្រះមហាក្សត្រនៅចំណុចកើតហេតុខាងលើ ដោយមូលហេតុ ខឹងព្រះមហាក្សត្រ មិនបានដោះស្រាយបញ្ហាឲ្យខ្លួនរួច ក៏ជិះគេចខ្លួនចេញទៅសំងំក្នុងផ្ទះ លុះមកដល់វេលាម៉ោង១៨និង០០នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យខាងលើបានស្រែកឡូឡា តាមផ្លូវនៅចំណុចផ្លូវ២១៧ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ កំពុងល្បាតក្បែរនោះ ក៏ធ្វើការឃាត់ខ្លួនសាកសួរតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

ចែករំលែកព័តមាននេះ