រាជធានីភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាល កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍន៍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ។

ការបង្ហាញជំហររបស់ថ្នាក់ដឹកនាំត្រីភាគី កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ខណៈដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំនាយករដ្ឋមន្ត្រីបីប្រទេស (កម្ពុជា-ឡាវ-វៀតណាម) ដោយមានការចូលរួមពីឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសាមគ្គីភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងបី។ សម្តេចបវរធិបតីបានកត់សម្គាល់ពីវឌ្ឍនភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងបី នាពេលកន្លងមក និងដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត ដើម្បីឱ្យសម្រេចបាននូវទំហំពាណិជ្ជកម្ម៧០០លានដុល្លារអាមេរិក នៅឆ្នាំ២០៣០ ជាមួយប្រទេសឡាវ និងទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារអាមេរិក ជាមួយប្រទេសវៀតណាម នាពេលខាងមុខ។

ទន្ទឹមនេះ សម្តេចបវរធិបតីបានជំរុញប្រទេសទាំងបីបន្តការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងការតភ្ជាប់កាន់តែទូលំទូលាយ តាមរយៈហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន វប្បធម៌ ទេសចរណ៍ ថាមពលអគ្គីសនី ។ល។ សម្តេចបវរធិបតីក៏បានជំរុញក្រុមការងារបច្ចេកទេសពន្លឿនការកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ ។
ក្នុងជំនួបនោះដែរ ប្រមុខរដ្ឋាភិបាលទាំងបី បានសង្កត់ធ្ងន់លើសារសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ ក៏ដូចជាការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។

ប្រមុខរដ្ឋាភិបាលទាំងបីបានបន្តជំរុញកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត, ការផ្លាស់ប្តូរព័ត៌មានក្នុងយន្តការការបរទេស, ការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ និងការផ្សារភ្ជាប់រវាងអ្នកដឹកនាំជំនាន់ក្រោយ ។ កិច្ចប្រជុំក៏បន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសន្តិសុខមិនប្រពៃណី។
ក្នុងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគ, វៀតណាមបានបង្ហាញការត្រៀមខ្លួនក្នុងការបន្តជំរុញវិនិយោគថែមទៀតនៅកម្ពុជា។ ប្រមុខរដ្ឋាភិបាលទាំងបី ក៏បានបន្តជំរុញការតភ្ជាប់រវាងប្រទេសទាំងបី រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការដឹកជញ្ជូន ថាមពលអគ្គីសនី និងការអប់រំនិងបណ្តុះបណ្តាល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនិមួយៗ និងលើកកម្ពស់ទេសចរណ៍ «ប្រទេសបី-គោលដៅមួយ» ៕
ចែករំលែកព័តមាននេះ