អភិបាលក្រុងប៉ារីសចុះហែលទន្លេសែនឱ្យដឹង សខ្មៅ មុនការប្រកួតអូឡាំពិកចូលមកដល់
ទីក្រុងប៉ារីស ៖ អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បានចុះហែលទឹកក្នុងទន្លេសែន (Seine)
ទីក្រុងប៉ារីស ៖ អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បានចុះហែលទឹកក្នុងទន្លេសែន (Seine)
ទីក្រុងប៉ារីស ៖ អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បានចុះហែលទឹកក្នុងទន្លេសែន (Seine) កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ តាមសន្យា និងជាអ្វីដែលលោកស្រីទន្ទឹងរង់ចាំយូរមកហើយ នៅក្នុងគោលបំណងបង្ហាញថា ទឹកទន្លេស្អាតគ្រប់គ្រាន់សម្រាប់រៀបចំការប្រកួតកីឡាហែលទឹកក្រៅសាល ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅចុងខែនេះ។
តាមប្រភពពីទូរទស្សន៍បារាំង France 24 បានឱ្យដឹងថា ៩ថ្ងៃមុនពិធីបើកព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ លោកស្រី Anne Hidalgo អាយុ៦៥ឆ្នាំ បង្ហាញភាពក្លាហានចុះហែលទឹកទន្លេសែននៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីបង្ហាញថា ទឹកទន្លេស្អាតគ្រប់គ្រាន់សម្រាប់រៀបចំកីឡាហែលទឹកក្រៅសាល។ លោកស្រី Hidalgo ដែលបានហែលតាមដងទន្លេដ៏ល្បីល្បាញរបស់ប្រទេសបារាំង នៅពេលមនុស្សរាប់រយនាក់ឈរមើលពីមាត់ទន្លេនោះ ដើម្បីបំពេញតាមការសន្យារបស់លោកស្រី កាលពីខែមករាកន្លងមក។ លោក Tony Estanguet ដែលជាប្រធានការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ក៏បានចូលរួមជាមួយលោកស្រី Hidalgo ផងដែរ។ ប៉ុន្តែលោកប្រធានាធិបតីបារាំង Emmanuel Macron ដែលបានសន្យាថានឹងចូលរួមការហែលទឹកសែនដែរនោះ ពុំត្រូវបានឃើញលេចវត្តមាននោះទេ។
ក្រោយបញ្ចប់ការហែលដោយជោគជ័យ លោកស្រី Hidalgo បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «ទឹកស្អាតណាស់។ ត្រជាក់បន្តិច ប៉ុន្តែមិនអាក្រក់នោះទេ។ ថ្ងៃនេះគឺជាថ្ងៃក្តីសុបិន និងជាទីបន្ទាល់ថា យើងសម្រេចបានការងារជាច្រើន ដោយយោងទៅលើផែនការហែលទឹករបស់ទីក្រុង ដែលបានដាក់ដំណើរការដំបូងក្នុងឆ្នាំ ២០១៥»។
បើទោះបីជាបានរដ្ឋាភិបាលបារាំងចំណាយប្រាក់ចំនួន ១.៤ពាន់លានអឺរ៉ូ នៅក្នុងការរៀបចំ ក៏ដូចជាព្យាបាលទឹកទន្លេសែន ដើម្បីការពារការលេចធ្លាយទឹកស្អុយចូលទៅក្នុងទន្លេ ត្រៀមសម្រាប់ការប្រកួតកីឡាអូឡាំពិកយ៉ាងណាក៏ដោយ ក៏ប៉ុន្តែទឹកទន្លេនេះ បានបរាជ័យម្តងហើយម្តងទៀតពីអ្នកជំនាញ នៅក្នុងការធ្វើតេស្តគុណភាពទឹកប្រចាំថ្ងៃ។ ក្តីបារម្ភកើតឡើងលើបញ្ហាលំហូរទឹក និងកម្រិតការបំពុលរបស់ទន្លសែនបានបន្តកើតមានផងដែរ។ ដើមឡើយ លោកស្រី Hidalgo គ្រោងហែលទឹកទន្លេសែនក្នុងខែមិថុនា ប៉ុន្តែត្រូវបានពន្យាពេលទៅវិញ ដោយសារតែអ្នកជំនាញរបស់ឃើញបាក់តេរី E.coli ខ្ពស់ជាងកម្រិតកង្វក់ដែលត្រូវបានអនុញ្ញាត១០ដងឯណោះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយមានអត្តពលិកចំនួន ១០,៧១៤នាក់ចូលរួមប្រកួតប្រជែង ដោយមានកីឡាចំនួន ៣២ប្រភេទ លើវិញ្ញាសាសរុបចំនួន ៣២៩វិញ្ញាសា មុនពេលព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកចូលមកដល់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤៕ (ប្រភព ៖ France 24)
ចែករំលែកព័តមាននេះ