តើប្រទេសណាពូកែបង្កើតកូនមនុស្សជាងគេ? ធនាគារពិភពលោកបានអះអាងថា ចំនួនប្រជាជនសរុបរបស់ពិភពលោកបានកើនឡើងពី ៧,៩៥ ពាន់លាននៅឆ្នាំ២០២២ ដល់ ៨,០២ ពាន់លាននៅឆ្នាំ២០២៣ ដោយចំនួនប្រជាជនរស់នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកនៅតែបន្តកើនឡើង ខណៈដែលប្រទេសធំទីពីរបានជួបប្រទះការធ្លាក់ចុះជាលើកដំបូងរបស់ខ្លួន ។
១.ប្រទេសឥណ្ឌា
នៅឆ្នាំ២០២៤ ប្រទេសឥណ្ឌា បានយកឈ្នះប្រទេសចិនចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោក ដោយមានចំនួនប្រមាណជា ១,៤៤ ពាន់លាននាក់ ។ ចំនួនប្រជាជនរបស់ប្រទេសនេះបានកើនឡើងជិត១១% ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣ និងប្រហែល៣៥% ចាប់តាំងពីឆ្នាំ ២០០០ ។
អត្រានៃការមានកូនរបស់ប្រជាជនឥណ្ឌាស្ថិតនៅកម្រិត ២.០ ដែលបង្ហាញថា ជាមធ្យម ស្ត្រីម្នាក់ៗបង្កើតបានកូនពីរនាក់ក្នុងអំឡុងពេលបន្តពូជរបស់ខ្លួន ។ តួលេខនេះ តំណាងឱ្យការថយចុះធៀបនឹងឆ្នាំមុន ដែលបង្ហាញពីការរួមចំណែកបន្តដល់កំណើនប្រជាជន។ សក្ដានុពលចំនួនប្រជាជនរបស់ឥណ្ឌា ត្រូវបានបង្កើតឡើងដោយកត្តាជាច្រើន រួមទាំងឥទ្ធិពលប្រវត្តិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច និងឥទ្ធិពលទាក់ទងនឹងគោលនយោបាយ ។ បញ្ហានគរូបនីយកម្ម ការកែលម្អការថែទាំសុខភាព វឌ្ឍនភាពក្នុងវិស័យកសិកម្ម និងបទដ្ឋានសង្គម-វប្បធម៌ជុំវិញទំហំគ្រួសារ និងតួនាទីយេនឌ័រ សុទ្ធតែរួមចំណែកដល់និន្នាការប្រជាសាស្ត្ររបស់ប្រទេសនេះ ។
២.ប្រទេសចិន
ចិនពីមុនជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក ប៉ុន្តែដោយសារតែអត្រាកំណើនប្រជាជនរបស់ប្រទេសចិនត្រូវគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយសារសំពាធសេដ្ឋកិច្ច និងសង្គម បាននាំឲ្យចំនួនពលរដ្ឋធ្លាក់ចុះរហូតដល់រដ្ឋាភិបាលលុបចោលច្បាប់កូនតែមួយចោល ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ចិននៅតែមិនទាន់អាចស្តារនៃការធ្លាក់ចុះប្រជាសាស្ត្ររបស់ខ្លួនបាននៅឡើយ ។ ប្រទេសចិននៅពេលសព្វថ្ងៃនេះបានឈរនៅលំដាប់ទី២ ដែលមានប្រជាជនច្រើនជាងគេបំផុតប្រមាណជា ១,៤២ ពាន់លាននាក់ ។
៣.សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតទី៣ នៅលើពិភពលោកប្រមាណ៣៤១ លាននាក់ ។ ប្រទេសនេះមានការកើនឡើងជិត៦% នៃចំនួនប្រជាជនពីឆ្នាំ ២០១៣ ដល់២០២៣ ។ អត្រានៃការមានកូននៅសហរដ្ឋអាមេរិកគឺ ១,៦៦ ដែលបង្ហាញថាជាមធ្យម ស្ត្រីម្នាក់ៗមានកូនប្រហែល ១,៦៦ ក្នុងអំឡុងពេលបន្តពូជរបស់ស្ត្រី ។
៤.ប្រទេសឥណ្ឌូនេស៊ី
ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទីបួន នៅលើពិភពលោក។ គិតត្រឹមឆ្នាំ ២០២៣ ចំនួនប្រជាជននៃប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់ ២៧៩ លាននាក់ ដែលឆ្លុះបញ្ចាំងពីការកើនឡើងគួរឱ្យកត់សម្គាល់ ។ ប្រជាជនឥណ្ឌូនេស៊ីបានកើនឡើង ៩,៦% ចន្លោះឆ្នាំ ២០១៣ និង ២០២៣ ។ តាមភូមិសាស្ត្រ ឥណ្ឌូនេស៊ីមានប្រជុំកោះចម្រុះដែលលាតសន្ធឹងលើផ្ទៃដី ១.៨១១.៥៧០ គីឡូម៉ែត្រការ៉េ។ ថ្វីបើមានទឹកដីធំទូលាយក៏ដោយ ក៏ដង់ស៊ីតេប្រជាជននៅឥណ្ឌូនេស៊ីមានកម្រិតមធ្យម ដោយជាមធ្យមមាន ១៥៣ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។
៥. ប្រទេសប៉ាគីស្ថាន
មានទីតាំងនៅអាស៊ីខាងត្បូង ប៉ាគីស្ថាន គឺជាប្រទេសដែលកាន់សាសនាឥស្លាមធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។ ប្រជាជនប៉ាគីស្ថានបានកើនឡើងជិត ២% ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ និងកើនឡើងជាង ១៧% ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣។ ប្រទេសប៉ាគីស្ថាន ជាប្រទេសដែលមានប្រជាជនច្រើនជាងគេទី៥នៅលើពិភពលោក ដោយមានប្រមាណជា២៤៥ លាននាក់ ៕
ចែករំលែកព័តមាននេះ