ទីក្រុងតៃប៉ិ៖ កោះតៃវ៉ាន់ឆ្លើយតបទៅសារនយោបាយរបស់លោកត្រាំដែលផ្ដាំទុកជាមុនឱ្យហើយថាបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនៅអាណត្តិថ្មី លោកត្រូវតែបង្ខំឱ្យតៃវ៉ាន់បង់ថ្លៃការពារ។ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោកឆូជុងតៃ (Cho Jung-tai) ថ្លែងថារដ្ឋាភិបាលរបស់លោកត្រៀមខ្លួនបរិច្ចាគថវិកាឱ្យបានច្រើនជាងពេលបច្ចុប្បន្ន។ លោកថ្លែងថាតៃវ៉ាន់មានឆន្ទៈថាត្រូវតែពង្រឹងវិស័យការពារជាតិរបស់ខ្លួនដោយខ្លួនឯង។
លោកឆូជុងតៃ (Cho Jung-tai) នាយករដ្ឋមន្ត្រីតៃវ៉ាន់តៃវ៉ាន់បានខិតខំបន្ថែមថវិកាការពារជាតិ និងកែសម្រួលអាយុរបស់យុវជនដែលត្រូវចូលបម្រើនៅក្នុងជួរកងទ័ពដើម្បីបង្កើតភាពតស៊ូអត់ធន់នៅក្នុងសង្គមរបស់យើងដើម្បីជាដែនដីដែលមានការទទួលខុសត្រូវខ្ពស់ក្នុងនាមជាសមាជិកនៃសហគមន៍អន្តរជាតិ។ តៃវ៉ាន់ត្រៀមខ្លួនទទួលរ៉ាប់រងបន្ទុកកាន់តែច្រើនជាងមុននៅពេលមានបញ្ហាចោទចំពោះប្រព័ន្ធសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ផង និងនៅឥណ្ឌូ-ប៉ាស៊ីហ្វិចផង។ ខាងលើនេះជាការថ្លែងរបស់លោកឆូជុងតៃ។

តាមរយៈបទសម្ភាសជាមួយកម្មវិធីទូរទស្សន៍ប្ល៊ូមបឺក (Bloomberg) អ្នកសម្របសម្រួលកម្មវិធីបានសាកសួរលោកត្រាំថាតើលោកនឹងការពារកោះតៃវ៉ាន់ទេបើកោះនេះរងការវាយប្រហារពីសំណាក់កងទ័ពចិនដីគោក? លោកត្រាំតបថាលោកស្គាល់ប្រជាជនតៃវ៉ាន់ច្បាស់ណាស់។ លោកសូមគោរពចំពោះពួកគេយ៉ាងខ្ពង់ខ្ពស់បំផុត។ ការងារខាងផលិតបន្ទះឈីបដែលប្រទេសអាមេរិកធ្លាប់ធ្វើឥឡូវនេះ ពួកគេ (តៃវ៉ាន់) ជាអ្នករ៉ាប់រងធ្វើជំនួស១០០%។ លោកយល់ថាតៃវ៉ាន់គួរតែបង់ថ្លៃការពារ។

លោកត្រាំចាត់ទុកលុយដែលអាមេរិកចំណាយដើម្បីការពារតៃវ៉ាន់ប្រៀបបាននឹងការចំណាយលុយទិញសេវាធានារ៉ាប់រង។ លោកយល់ថាបើប្រៀបធៀបគ្នាទៅគ្មានខុសគ្នានឹងការទិញកញ្ចប់ធានារ៉ាប់រងនោះទេ។ លោកត្រាំដាក់ជាសំណួរថាហេតុអ្វី? ហេតុអ្វីបានជាយើងត្រូវធ្វើដូច្នេះ? លោកពន្យល់ថាតៃវ៉ាន់ជាទីតាំងផលិតបន្ទះឈីបដែលធំជាងគេនៅលើពិភពលោក។ បន្ទះឈីបនេះត្រូវបំពាក់នៅលើកម្មវិធីសូហ្វវែជាច្រើនមានតាំងពីបញ្ញាសិប្បនិម្មិត, ស្មាតហ្វូន រហូតដល់យន្តហោះចម្បាំង។

លោកឆូជុងតៃវជឿជាក់ថាដរាបណាយើងបន្តប្ដេជ្ញាយ៉ាងមោះមុតដើម្បីការពារខ្លួន យើងនៅតែទទួលបានការគាំទ្រពីប្រទេសនានានៅទូទាំងពិភពលោក។ លោកសូមអរគុណទីក្រុងវ៉ាស៊ីនតោនដែលតែងតែខ្វាយខ្វល់ចំពោះសន្តិសុខជាតិរបស់តៃវ៉ាន់។ លោកចង់មានន័យថាមិនចាំបាច់លោកត្រាំបង្ខំឱ្យតៃវ៉ាន់ចេញលុយថ្លៃការពារទេ។ តៃវ៉ាន់ត្រូវតែម្ចាស់ការលើខ្លួនឯង។ មិនចាំបាច់រស់ពឹងលើដង្ហើមគេដកនោះទេ។

នៅក្នុងហេតុផលដែលថាតៃវ៉ាន់ជាស្ដេចផលិតបន្ទះឈីបនេះហើយដែលក្រុមអ្នកវិភាគយល់ថាបើសិនប្រទេសចិនលើកកងទ័ពវាយតៃវ៉ាន់ ហើយបង្កជាជម្លោះប្រដាប់អាវុធ ពេលនោះសេដ្ឋកិច្ចពិភពលោកនឹងរង្គោះរង្គើ។ តាំងពីពេលមុន ក៏ដូចជាពេលបច្ចុប្បន្ន ប្រទេសអាមេរិកនៅតែជាអ្នកគាំទ្រតៃវ៉ាន់ខាងផ្នែកនយោបាយនៅលើឆាកអន្តរជាតិ ហើយក៏ជាអ្នកលក់អាវុធទៅឱ្យតៃវ៉ាន់ដែលធំជាងគេផងដែរ។

អាមេរិក និងតៃវ៉ាន់គ្មានទំនាក់ទំនងការទូតជាផ្លូវការដល់កម្រិតឯកអគ្គរដ្ឋទូតទេ។ ប៉ុន្តែអាមេរិកមានកាតព្វកិច្ចផ្នែកផ្លូវច្បាប់ដែលត្រូវតែជួយឧបត្ថម្ភគាំទ្រឱ្យតៃវ៉ាន់មានសមត្ថភាពការពារខ្លួន។ នេះបើយោងទៅតាមច្បាប់ស្ដីពីទំនាក់ទំនងជាមួយកោះតៃវ៉ាន់ដែលអនុម័តកាលពីឆ្នាំ១៩៧៩។ កងទ័ពចិនធ្វើសកម្មភាពកាន់តែខ្លាំងក្លានៅជុំវិញកោះតៃវ៉ាន់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចិនប្រើប្រាស់វិធីដាក់សម្ពាធផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធាដើម្បីឱ្យកោះនេះទទួលស្គាល់ថាខ្លួនជាដែនដីរបស់ប្រទេសចិន៕

ចែករំលែកព័តមាននេះ