ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល បានចេញកម្លាំងក្នុងការចុះរុះរើ ផ្លាំងផ្សព្វផ្សាយស្រាបៀរ នៅតាមទីសាធារណៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះហើយ។ ការចេញចុះរុះរើ ផ្លាកស្រាបៀរនេះ បន្ទាប់ពីអភិបាលខេត្តថ្មី លោក គួច ចំរើន ទើបមកកាន់ចំណែង។ ហើយអ្វីដែលសំខាន់នោះ គឺប្រជាពលរដ្ឋ រងចាំមើលថា អភិបាលខេត្តថ្មីរូបនេះ នឹងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋបានយ៉ាងដូចម្តេច ? ក្នុងនោះមានសំណុំរឿងជាច្រើន ដូចជាករណីវិវាទដីធ្លី គ្រឿងញៀន បញ្ហានេសាទ ដោយប្រើឧបករណ៍ឆក់ បរិស្ថាន ល្បែងស៊ីសង ជាដើម ។
យោងតាមបណ្តាញសង្គមរបស់រដ្ឋបាលខេត្តកណ្តាល នៅយប់ថ្ងៃទី១៧ កក្កដានេះ បានលើកឡើងយ៉ាងដូច្នេះថា ក្រុមការងារមន្ទីរព័ត៌មានខេត្តកណ្តាល សហការជាមួយបណ្តាក្រុមហ៊ុនស្រាបៀរ ចុះរុះរើផ្ទាំងផ្សព្វផ្សាយស្រាបៀរគ្រប់ប្រភេទ ដើម្បីលើកសោភណភាព តាមដងផ្លូវជាតិលេខ១ ។
ប្រភពបានលើកឡើងទៀតថា ដើម្បីបង្កើនសោភណភាពក្នុងមូលដ្ឋាន ក៏ដូចជាតាមដងផ្លូវសាធារណៈ នៅថ្ងៃទី១៧ ខែកក្កដានេះ ក្រុមការងារ នៃមន្ទីរព័ត៌មានខេត្តកណ្តាល បានសហការជាមួយបណ្តាក្រុមហ៊ុនស្រាបៀរនានា ចុះរុះរើ នូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ។
ប្រភពបញ្ជាក់ថា ៖”ទាក់ទងទៅនឹងការចុះរុះរើ ផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរ តាមកំណាត់ផ្លូវជាតិលេខ១នេះដែរ ក្រៅពីការបង្កើនសោភណភាពតាមដងផ្លូវ ក៏ជាការចូលរួមរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងក៏ជាការចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរ ដែលអាចកើតមានឡើងដោយការដាក់តាំង មិនរៀបរយរបស់ផ្ទាំងផ្សាយពាណិជ្ជកម្មមួយចំនួន ផងដែរ” ។
សូមជម្រាបថា ករណីរុះរើផ្ទាំងស្រាបៀនៅទីសាធារណៈ គេនៅចាំថា មានតែអតីតអភិបាលខេត្តកំពង់ស្អឺទេ គឺលោក វ៉ី សំណាង បានចេញវិធានការនេះ មុនគេ ។
យ៉ាងក្តីលោក វ៉ី សំណាង ត្រូវបានផ្ទេរការងារ ជាអភិបាលមកកាន់ខេត្តតាកែវ ពេលថ្មីៗនេះ ហើយលោកអភិបាលខេត្តរូបនេះ នៅតែប្រកាន់គោលការណ៍ ឲ្យរុះរើផ្លាកស្រាប្រៀរ នៅក្នុងខេត្តតាកែវ ឲ្យអស់ដដែល ៕







ចែករំលែកព័តមាននេះ