ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បាត់​ក្មេង​ប្រុស​ស្រី​ជនជាតិ​ដើម​ភាគតិច ៤​នាក់ រយៈពេល​១​យប់​១​ថ្ងៃ ពេល​នេះ​ដឹង​ការ​ពិត​ហើយ

1 ខែ មុន

ខេត្តមណ្ឌលគិរី ៖ ករណី​ក្មេង​ប្រុស​ស្រី​ជនជាតិ​ដើម​ភាគតិច ចំនួន​៤​នាក់ ត្រូវ​គេ​រាយ​ការ​ណ៏​ថា បាន​បាត់​ខ្លួន​អស់​រយៈពេល​មួយ​យប់​មួយ​ថ្ងៃ បន្ទាប់​ពី​ពួក​គេ បាន​ចាក​ចេញពីផ្ទះ ចូល​ក្នុង​ព្រៃ ដើម្បី​រក​ជ័រ​នោះ…

ខេត្តមណ្ឌលគិរី ៖ ករណី​ក្មេង​ប្រុស​ស្រី​ជនជាតិ​ដើម​ភាគតិច ចំនួន​៤​នាក់ ត្រូវ​គេ​រាយ​ការ​ណ៏​ថា បាន​បាត់​ខ្លួន​អស់​រយៈពេល​មួយ​យប់​មួយ​ថ្ងៃ បន្ទាប់​ពី​ពួក​គេ បាន​ចាក​ចេញពីផ្ទះ ចូល​ក្នុង​ព្រៃ ដើម្បី​រក​ជ័រ​នោះ នៅ​ថ្ងៃនេះ ដឹង​ការ​ពិត​ហើយ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ជន់​ទឹកអូរ ទើប​ធ្វើ​ឲ្យ​ពួក​គេ​មិន​ហ៊ាន​ឆ្លង​ទៅ​ត្រើយម្ខាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​ទេ ។

ហេតុ​ការ​ណ៏​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ពូ​ហ៊ូ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ ។

មេ​ប៉ុស្តិ៍​ឃុំ​ចុង​ផ្លាស់ លោក ចាន់ សុ​ផា​រី បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​លោក​ទទួល​ដំណឹង​ពី​លោក​មេ​ភូមិ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ ថា​មាន​បាត់​ក្មេង​ប្រុស​ស្រី ចំនួន​៤​នាក់ ពី​ផ្ទះ​តាំងពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា មិនឃើញ​ទៅ​ផ្ទះ​វិញ​នោះ លោក​បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល និង​កម្លាំង​ប្រជា​ការពារ ដើម្បី​ចេញ​ប្រតិបត្តិការ​ស្វែងរក​ឲ្យ​ទាន់​ពេលវេលា ។ បន្ទាប់​ពី​សមត្ថកិច្ច​រុករក​អស់​ពេល​ជា​ច្រើន​ម៉ោង មិនឃើញ​សោះ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​១៧ ក៏​ប្រទះ​ឃើញ​ក្មេង​ទាំង​៤​នាក់​នោះ នៅ​ក្នុង​ដីចំការ ដែល​គេ​ទុក​ចោល​មួយ​កន្លែង ឆ្ងាយ​ពី​ភូមិ ហើយ​ពួក​គេ គឺ​មាន​សុវត្ថិភាព​ទាំងអស់​គ្នា ។

សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ៗ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច មូលហេតុ ដែល​ពួក​គេ​សម្រេចចិត្ត​ជ្រក​ក្នុង​ដីចំការ​នេះ ដោយ​មិន​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ ព្រោះតែ​មេឃ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក បណ្តាល​ឲ្យ​ជន់​ទឹកអូរ ទើប​ធ្វើ​ឲ្យ​ពួក​គេ មិន​ហ៊ាន​ឆ្លង​ទៅ​ត្រើយម្ខាង ក៏​ដើរ​ស្វែងរក​ចំការ ដែល​មានផ្ទះ​គេ​ទុក​ចោល ដើម្បី​សម្រាក​មួយ​យប់ ចាំ​ពេល​ទឹក​ស្រក ទើប​ពួក​គេ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​ក៏​មាន​អ្នក​ភូមិ តាម​រក​ឃើញ​តែ​ម្តង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្មេង​ៗ ដែល​បាត់​ចេញពីផ្ទះ​ហើយ​ត្រូវ​សមត្ថកិច្ច ស្វែងរក​ឃើញ​នោះ មាន​អាយុ​ចន្លោះ​ពី​៩​ឆ្នាំ ទៅ​ដល់​១៣​ឆ្នាំ ជា​ជនជាតិ​ដើម​ភាគតិច​ព្នង មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ ពូ​ហ៊ូ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​នាំ​ក្មេង​ទាំង​៤​នាក់​នោះ ប្រគល់​ជូន​អាណាព្យាបាល ដល់​ផ្ទះ​រៀង​ៗ​ខ្លួន ដោយ​សុវត្ថិភាព ។

អាជ្ញាធរ​មូលដ្ឋាន​បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​អាណាព្យាបាល​គ្រប់​រូប សូម​យកចិត្តទុកដាក់​កុំ​បណ្ដែតបណ្ដោយ​ឲ្យ​ក្មេង​ៗ​ចាក​ចេញពីផ្ទះ ឬ​ធ្វើ​ដំណើរ​ទៅ​ក្នុង​ព្រៃ ដ្បិត​ពេល​នេះ គឺជា​រដូវវស្សា មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​បណ្តាល​ឲ្យ​ទឹក​តាម​អូរ ជន់​លិច​ខ្លាំង នាំ​មាន​គ្រោះថ្នាក់ ជាយថាហេតុ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ