រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី និងបាញ់កាំជ្រូច នៅតំបន់កោះពេជ្រ ដែលមានអ្នកចូលរួមជាង១ម៉ឺននាក់ ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។
ក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ច ចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ កក្កដានេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ៖ គម្រោងព្រែកជីកហ្វូណន-តេជោ នឹងបើកការដ្ឋាននៅថ្ងៃទី៥ សីហា២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងអំឡុងពេល នៃការបើកការដ្ឋាននេះ នៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ដោយមានការទូងស្គ ទះប៉ោត អោយមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គ ទះប៉ោតបែបនេះផងដែរ ។
លោក ឃួង ស្រេង បានបន្តទៀតថា ៖ សម្រាប់ពេលរាត្រីថ្ងៃ០៥ សីហាដដែល ក៏បានត្រៀមរៀបចំជាព្រឹត្តិការណ៍ដ៏ធំមួយនៅកោះពេជ្រ នោះគឺការរៀបចំការប្រគុំតន្ត្រី ដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ ជាមួយនឹងការបាញ់កាំជ្រូច ចំនួន២លើក នៅម៉ោង៧និង២០នាទី១លើក និងនៅម៉ោង៩និង៩នាទី មួយលើកទៀត ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះដែរ ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីខាងលើនេះឱ្យបានល្អ ដោយរៀបចំមានជាទីបញ្ជាការស្រាល តូច-ធំ ជាមួយការរៀបចំអនាម័យ បរិស្ថាន និងការពង្រាយបង្គន់អនាម័យអោយបានច្រើនកន្លែង បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលចូលរួម ។
គួរបញ្ជាក់ថា ៖ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោនេះ ដោយគ្រោងនឹងបើកការដ្ឋាន នាថ្ងៃទី០៥ សីហា ២០២៤ ខាងមុខនេះ ៕







ចែករំលែកព័តមាននេះ