ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ Real ជាង៨ម៉ឺននាក់ណែនស្តាត! ស្វាគមន៍សមាជិកថ្មី Kylian Mbappe

1 ខែ មុន

ប្រទេសអេស្ប៉ាញ ៖ កីឡាករ Kylian Mbappe បានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាកីឡាករថ្មីក្រុម

ប្រទេសអេស្ប៉ាញ ៖ កីឡាករ Kylian Mbappe បានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាកីឡាករថ្មីក្រុមស្តេចស Real Madrid កាលពីថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ នៅចំពោះមុខអ្នកគាំទ្រជាង៨​ម៉ឺននាក់ក្នុងកីឡដ្ឋាន Santiago Bernabeu ជាមួយការប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងផ្តល់អ្វីគ្រប់យ៉ាងសម្រាប់ឈ្នះពានរង្វាន់ជាមួយក្រុមថ្មី។

ខ្សែប្រយុទ្ធ Kylian Mbappe វ័យ២៥ឆ្នាំ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយក្លិប Real Madrid បន្ទាប់ពីចាកចេញពីក្លិប PSG ក្រោយផុតកុងត្រា ហើយការផ្ទេរមកកាន់ទឹកដីម៉ាឌ្រីដ គឺដោយគ្មានតម្លៃខ្លួន ឬ Free Agent ហើយក៏ជាការផ្ទេរគ្មានតម្លៃខ្លួនដ៏ភ្ញាក់ផ្អើលបំផុតក្នុងទីផ្សារដោះដូរកីឡាករពិភពលោក។

ប្រធានក្រុមមាន់គកបារាំងរូបនេះ បញ្ចប់ការពិនិត្យសុខភាព កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា កន្លងទៅ មុនពេលធ្វើដំណើរទៅទីលានហ្វឹកហាត់ Valdebebas របស់ Real Madrid ដើម្បីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងថ្មីរបស់ខ្លួន។ បន្ទាប់មកខ្សែប្រយុទ្ធកំពូលល្បឿនរូបនេះ ក៏បន្តដំណើរទៅកាន់កីឡដ្ឋាន Santiago Bernabeu ជាកន្លែងដែលអ្នកគាំទ្រជាង៨ម៉ឺននាក់ កំពុងរង់ចាំស្វាគមន៍សមាជិកថ្មី មុនពេលកីឡាកររូបនេះ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានទៅកាន់អ្នកគាំទ្រ។

Mbappe ដែលជាអ្នកគាំទ្រ Real Madrid តាំងពីកុមារ ដែលមានខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo គឺជានិមិត្តរូបរបស់ខ្លួននោះ បាននិយាយភាសាអេស្ប៉ាញទៅកាន់អ្នកគាំទ្រ និងចំពោះមុខឱពុកម្តាយរបស់គេដែលកំពុងស្រក់ទឹកភ្នែកដោយក្តីរំភើបថា «វ៉ូវ! ពិតជាមិនគួរឱ្យជឿក្នុងការមកដល់ទីនេះ។ ខ្ញុំបានសុបិនអស់ជាច្រើនឆ្នាំអំពីការលេងឱ្យ Real Madrid ហើយថ្ងៃនេះសុបិននោះបានក្លាយជាការពិតហើយ»។

ក្លិប Real Madrid បានប្រកាសកាលពីខែមុនថា Mbappe បានយល់ព្រមផ្លាស់មកកាន់ទឹកដី Santiago Bernabeu ដោយបញ្ចប់ការរង់ចាំរបស់ពួកគេ ក្រោយស្ទើរតែឈានដល់កិច្ចព្រមព្រៀងរវាងគ្នា នៅក្នុងឆ្នាំ ២០១៧ និង ២០២២។ បើតាមប្រភពពីសារព័ត៌មានអន្តរជាតិធំៗជាច្រើនបានរាយការណ៍ថា ខ្សែប្រយុទ្ធកំពូលល្បឿន ដែលជួយបារាំងឈ្នះជើងឯក World Cup ឆ្នាំ ២០១៨ នឹងទទួលបានថ្លៃនឿយហត់ចំនួន១៥លានអឺរ៉ូក្នុង១រដូវកាល ដែលស្មើនឹង ១៦.៣លានដុល្លារ បន្ទាប់ពីកាត់ពន្ធរួច ហើយបូករួមនឹងប្រាក់បន្ថែម ១៥០លានអឺរ៉ូផ្សេងទៀត ឬស្មើនឹង ១៦៣.៦លានដុល្លារ ដែលក្លិប Real Madrid នឹងត្រូវបង់ក្នុងកុងត្រារយៈពេល៥ឆ្នាំ លើសិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្ម និងរូបភាព។

គួរឱ្យដឹងថា កីឡាករ Kylian Mbappe បានផ្លាស់ពីក្លិប AS Monaco ចូលរួមជាមួយក្លិប PSG កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅក្នុងតម្លៃ ១៨០លានអឺរ៉ូ។ ខ្សែប្រយុទ្ធបារាំងរូបនេះបង្ហាញខ្លួនសរុប ៣០៨ប្រកួត និងស៊ុតបញ្ចូលទីបាន ២៥៦គ្រាប់ ដោយជួយ PSG ឈ្នះជើងឯកលីគកំពូលបារាំង ៦ ដង Coupe de France ៤ ដង Coupe de la Ligue ២ដង និង French Super Cup ៣ ដង ផងដែរ៕ (ប្រភព ៖ ESPN, BBC និង CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ