ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​ដី​អស់ហើយ មិន​ទាន់​ឱ្យ​លុយ​គ្រប់ សង្ស័យ​លោក​ស័ក្តិ​៤​កន្លះ​ ចង់​លេប​លុយ​ថ្លៃ​ដី​ពួក​គាត់

5 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៦០​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ បាន​នាំ​គ្នា​មក​ប្រមូលផ្តុំ​នៅ​មុខ​ការដ្ឋាន​សាងសង់​រោងចក្រ​យីហោ​ជាន យូ​លាន​ខន ស្ក្រា​ក់សិន (​ខេ​ម​បូ​ឌា​)…

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៦០​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ បាន​នាំ​គ្នា​មក​ប្រមូលផ្តុំ​នៅ​មុខ​ការដ្ឋាន​សាងសង់​រោងចក្រ​យីហោ​ជាន យូ​លាន​ខន ស្ក្រា​ក់សិន (​ខេ​ម​បូ​ឌា​) ឯ​.​ក របស់​សម្ព័​ន្ឋ​ក្រុមហ៊ុន​សាងសង់​ហ៊ឹង​ចូ​វ ។

យោង​តាម​ប្រភព​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ការ​មក​ប្រមូលផ្ដុំ​គ្នា​នេះ ក្នុង​គោលបំណង​ស្នើ​សុំ​ឲ្យ​ថៅកែ​ជនជាតិ​ចិន​បើក​លុយ​ថ្លៃ​ដី​របស់​ពួក​គាត់​តាម​ការ​សន្យា និង​គ្រប់​ចំនួន ។ ពួក​គាត់​ពិតជា​ត្រេកអរ​ណាស់ នៅ​ពេល​ដែល​មានការ​អភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន ក៏​ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​ចង់បាន​នៅ​ពេល​នេះ គឺ​លុយ​ថ្លៃ​ដី​របស់​ពួក​គាត់​ដែល​ឈ្មោះ អ៊ី លាង​អេ​ង បើក​ពី​ថៅកែ​ជន​ជាត​ចិន​បាន​ហើយ ប៉ុន្តែ​មិន​បើក​លុយ​នោះ​មក​ឲ្យ​ពួក​គាត់​តាម​ការ​សន្យា​ឡើយ សង្ស័យ​ចង់ស៊ី​ដាច់​ហើយ​មើលទៅ ។

ក្នុង​នាម ជា​ប្រជាពលរដ្ឋ​ទាំងអស់​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ឃុំ ស្រុក និង​លោក​អភិបាលខេត្ត​កំពង់ស្ពឺ សុំ​មេត្តា​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដូច​ជា​ពួក​គាត់​នេះ​ផង ព្រោះថា​ពេល​នេះ តាម​អ្វី​ដែល​គាត់​ដឹង​គឺ​អ្នក​ដែល​ទទួល​លុយ​ពី​ថៅកែ​ជនជាតិ​ចិន​យក​មក​ទិញ​ដី​ពួក​គាត់ គឺ​(​លោក​វរសេនីយ៍ទោ ស័ក្តិ​៤​កន្លះ អ៊ី លាងអេ​ង​) ពេល​នេះ​មិន​ព្រមយក​មក​ទូទាត់​ជាមួយ​ពួក​គាត់​ឡើយ ។

ប្រជាពលរដ្ឋ​ឈ្មោះ ថ្លាង ដា​វី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រាំង​អំបិល ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​និយាយ​ឱ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា បានជា​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​គ្នា​មក​ធ្វើការ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​នេះ គឺ​ដើម្បី​ទាមទារ​លុយ​របស់​ពួក​គាត់​ចំនួន​៦៣​គ្រួសារ ដែល​អ្នកទិញ​ដី​ពី​គាត់់​ប្រមូល​ទាំង​ប្លង់​ដី​សន្យា​ថា ក្នុង​ខែមិថុនា ប្រគល់​លុយ​គ្រប់​ចំនួន ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤​នេះ ហើយ​ពួក​គាត់​មិន​ទាន់​ទទួល​បាន​លុយ​គ្រប់​ចំនួន​នៅឡើយ​ទេ ទើប​ពួក​គាត់​នាំ​គ្នា​មក​ធ្វើការ​តវ៉ា ដើម្បី​ទាមទារ​លុយ​របស់​គាត់​គ្រប់​ចំនួន គឺ​ចប់​រឿង​ហើយ ។

បុរស​វ័យ​ចំណាស់ ឈ្មោះ នូ សុខ​ស៊ី​ន អាយុ​៧៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​បាក់​ចិញ្ចៀន ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​បាន​លើក​ឡើង​ថា គាត់​មាន​ដី​តែ​មួយ​កន្លែង​នឹង​ទេ ហើយ​បាន​លក់​គេ​យក​ប្លង់​ទៅ​ហើយ ជនជាតិ​ចិន​បាន​សាងសង់​អគា​ធំ ប៉ុន្តែ​គាត់​មិន​ទាន់​ទទួល​បាន​លុយ​គ្រប់​ចំនួន​នោះ​ទេ ។ គាត់​មិនដឹង​ថា តើ​លុយ​ដែល​មិន​ទាន់​ទទួល​បាន​គ្រប់​ចំនួន​នេះ ថៅកែ​ជនជាតិ​ចិន​មិន​ទាន់​ប្រគល់​ឱ្យ ឬ​មួយ​ក៏​អ្នក​ណាមួយ​មិន​ប្រគល់​ឱ្យ​គាត់​នោះ​ទេ ។

លុយ​របស់​គាត់​ដែល​នៅ​សល់​នោះ​ជាង​២​ម៉ឺន​ដុល្លារ ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​ណាមួយ​ជូន​ប្រជាពលរដ្ឋ​ទេ​នោះ ពួក​គាត់​នឹង​បន្ត​តវ៉ា​នៅ​ការដ្ឋាន​នេះ ដើម្បី​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ យក​តែ​លុយ​គាត់​គ្រប់​ចំនួន​តែ​ប៉ុណ្ណោះ មិន​ចង់​មាន​បញ្ហា​អ្វី ឱ្យ​អាជ្ញាធរ ឃុំ ស្រុក ខេត្ត ឈឺក្បាល​ឡើយ​។

ដោយឡែក ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ​ហ៊ឹ​ម សំ​អូន អាយុ​៦៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ពួក​គាត់​ជា​ម្ចាស់​ដី សុំ​ឱ្យ​ថៅកែ​ជនជាតិ​ចិន ប្រគល់​លុយ​ថ្លៃ​ដី​ដែល​ទិញ​ពី​ពួក​គាត់​ជា​ប្រជាពលរដ្ឋ ប្រគល់​មក​ឱ្យ​គ្រប់​ចំនួន​តាម​ការ​សន្យា គឺ​មិន​មានរឿង​អ្វី​កើតឡើង​នោះ​ទេ ។ លុយ​របស់​គាត់​ដែល​គេ​ត្រូវ​ប្រគល់​នោះ នៅ​ប្រហែល​ជិត​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត ។

ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​យក​លុយ​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​ចំនួន​ទេ​នោះ​ពួក​គាត់​នឹង​បន្ត​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​នៅ​មុខ​រោងចក្រ​នេះ ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ដំណោះស្រាយ ។ ជាមួយ​គ្នា​នេះ​ដែរ ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ​ឌឹ​ក សរ អាយុ​៧៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​សំណូមពរ​ដល់ អស់លោក អាជ្ញាធរ ឃុំ ស្រុក ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​នានា ជា​ពិសេស សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ និង​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ម្ចាស់​ដី​ទាំង​៦៣​គ្រួសារ ដែល​ជនជាតិ​ចិន​ទិញ​ដី​ហើយ​មិន​ទាន់​ប្រគល់​លុយ​គ្រប់ នៅ​ក្នុងភូមិ​អូរ​ក្រាំង​អំបិល និង​ភូមិ​បាក់​ចិញ្ចៀន ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ផង​ទាន ។

ប្រភព​ដែល​ស្និត​ជាមួយ​ភាគី​ខាង​រោងចក្រ​បាន​បង្ហើប​ប្រាប់​ថា លុយរាប់​លាន​ដុល្លារ គឺ​ខាង​ថៅកែ​រោងចក្រ​បាន​បើក​ទៅ​ឲ្យ​លោក​អ៊ី លាង​អេ​ង អស់ហើយ​។ ក៏​ប៉ុន្តែ​មិនដឹង​ថា មាន​មូលហេតុ​អ្វី​នោះ​ទេ ទើប​លោក​អ៊ី លាង​អេ​ង មិន​ព្រម​បើក​ជូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​និង​អ្នកតំណាង ។ បើ​ទោះបីជា​ពលរដ្ឋ​នាំ​គ្នា​មក​តវ៉ា​ស្នើ​សុំ​ទូទាត់​លុយ​ថ្លៃ​ដី​បែប​នេះ​ក៏​ដោយ គេ​មិនឃើញ​មាន​វត្តមាន​លោក​អ៊ី លាង​អេ​ង ចុះ​មក​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ឡើយ ។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​ពន្យល់​បកស្រាយ​ពី​លោក​អ៊ី លាង​អេ​ង បាន​ឡើយ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង​យើង​រង់ចាំ​ស្វាគមន៍​ជា​និច្ច និង​រាល់​ពេលវេលា​សម្រាប់​ការ​បកស្រាយ​ណាមួយ​ពី​សំណាក់​លោក​អ៊ី លាង​អេ​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ