ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេស្ប៉ាញប្រឈមពិន័យរឿងបំពា.នច្បាប់អនីតិ ជននៅអាល្លឺម៉ង់ ក្រោយវគ្គផ្តាច់ព្រ័ត្រ Euro 2024

1 ខែ មុន

ប្រទេសអាល្លឺម៉ង់ ៖ តាមការចុះផ្សាយកន្លងមកទាំងសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនបាន

ប្រទេសអាល្លឺម៉ង់ ៖ តាមការចុះផ្សាយកន្លងមកទាំងសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនបានអះអាងថា សហព័ន្ធបាល់ទាត់អេស្ប៉ាញ និងកីឡាករ Lamine Yamal បានបំពានច្បាប់ការងារស្តីពីយុត្តិធម៌អនីតិជនរបស់ប្រទេសអាល្លឺម៉ង់ តាមរយៈការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០២៤ ឬ UEFA Euro 2024 ។

ខ្សែបម្រើស្លាប Lamine Yamal អាយុ១៧ឆ្នាំ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយធ្វើព្យុះធ្វើភ្លៀងនៅព្រឹត្តិការណ៍ Euro 2024 ហើយក៏ជាចំណែកដ៏សំខាន់ជួយក្រុមគោជល់អេស្ប៉ាញរហូតដល់ឈ្នះជើងឯកនៅឆ្នាំនេះ។ អំឡុងព្រឹត្តិការណ៍នៅលើទឹកប្រទេសអាល្លឺម៉ង់ Yamal ស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចគ្រាប់បាល់បញ្ចូលទី (Assist) ចំនួន៤ដងផងដែរ។

អ្វីដែលកាន់តែពិសេសនោះ Yamal ដែលបានកើតនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៧ បានបង្កើតប្រវត្តិសាស្ត្រថ្មី គឺជាកីឡាករវ័យក្មេងបំផុតបង្ហាញវត្តមាននៅព្រឹត្តិការណ៍ជើងឯកអឺរ៉ុប នៅអាយុត្រឹម ១៦ឆ្នាំ និង ៣៣៨ថ្ងៃ ដោយបានបំបែកកំណត់ត្រារបស់ខ្សែបម្រើ Kacper Kozlowski ក្រុមជម្រើសជាតិប៉ូឡូញ ដែលមានអាយុ ១៧ឆ្នាំ និង ២៤៦ថ្ងៃ នៅពេលរូបគេបង្ហាញវត្តមាននៅក្នុងការប្រកួត Euro 2020។

ភាពលេចធ្លោខ្លាំងបំផុតរបស់កីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រជើងឯកទ្វីបអឺរ៉ុប និងជាកីឡាករឆ្នើមក្រុមអ្នកមានបុណ្យ Barcelona រូបនេះ គឺចាប់ពីវគ្គ៨ក្រុមចុងក្រោយ នៅពេលអេស្ប៉ាញបានទម្លាក់ម្ចាស់ផ្ទះអាល្លឺម៉ង់ បន្តទម្លាក់បារាំងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ Yamal បានលេងរហូតដល់៨៩នាទី នៅពេលដែលក្រុមអេស្ប៉ាញយកឈ្នះលើអង់គ្លេសលទ្ធផល ២-១ ដើម្បីគ្រងតំណែងជើងឯក។ ទោះជាយ៉ាងណាក៏ដោយ ប្រភពមួយចំនួនបានអះអាងថា Yamal បានបំពានច្បាប់ការងាររបស់ប្រទេសអាល្លឺម៉ង់ ក្រោយបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

ជាក់ស្តែងកន្លងមក តាមរបាយការណ៍កាសែតអាល្លឺម៉ង់ Bild នៅមុនការប្រកួត Euro 2024 បានឱ្យដឹងថា កីឡាករ Yamal ប្រឈមនឹងហានិភ័យខ្ពស់បំពានច្បាប់ការងារស្តីពីយុត្តិធម៌អនីតិជន។ ច្បាប់អាល្លឺម៉ង់បានចែងថា ជនដែលមានអាយុក្រោម១៨ឆ្នាំ ត្រូវបានហាមឃាត់មិនឱ្យធ្វើការលើសពីម៉ោង៨យប់។

នៅក្នុងនាមជាអត្តពលិក Yamal ទទួលបានការអន្ដរគមន៍ពិសេសពីអាជ្ញាធរអាល្លឺម៉ង់ ដើម្បីបន្តការលេងរបស់គេ ប៉ុន្តែការអនុញ្ញាតនោះបានត្រឹមម៉ោងតែ១១យប់ប៉ុណ្ណោះ។ សកម្មភាពត្រូវហាមឃាត់ទៀតសោត មិនមែនគ្រាន់តែកើតឡើងនៅលើទីលានប្រកួតប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះក៏រាប់បញ្ចូលទាំងសកម្មភាពដូចជា ការបង្ហាញវត្តមាន ឬផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយក្រោយចប់ការប្រកួតផងដែរ។

ការប្រកួតនៅ Euro 2024 មួយចំនួន រួមទាំងវគ្គផ្តាច់ព្រ័ត្រចាប់ផ្តើមនៅម៉ោង៩យប់ម៉ោងក្នុងស្រុក ដូច្នេះករណីបើការប្រកួតឈានដល់ម៉ោងបន្ថែម នោះកីឡាករ Yamal នឹងត្រូវបានប្តូរចេញភ្លាម ព្រោះគេនឹងបំពានច្បាប់ បើសិនបន្តលេងពេញ១២០នាទី។ បើទោះបីការប្រកួតវគ្គផ្តាច់ព្រ័ត្របញ្ចប់នៅ៩០នាទី ហើយ Yamal ត្រូវបានប្តូរចេញនៅនាទី៨៩យ៉ាងណាក៏ដោយ ក៏កីឡាករវ័យ១៧ឆ្នាំរូបនេះ នៅតែប្រឈមនឹងបញ្ហាដដែល បន្ទាប់ពីគេ និងមិត្តរួមក្រុមរបស់គេ Nico Williams បានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ beIN SPORTS របស់បារាំង ក្រោយចប់ការប្រកួត និងបានចូលរួមជាមួយសមាជិកក្រុមអេស្ប៉ាញទាំងអស់ បន្តជប់លៀងពេញមួយយប់នៅលើទីលានប្រកួតនៃកីឡដ្ឋាន Olympiastadion Berlin លើសពីម៉ោង១១យប់។

ដូចនេះហើយទើបបានជាមានការអះអាងថា សហព័ន្ធបាល់ទាត់អេស្ប៉ាញ ឥឡូវនេះប្រឈមនឹងការពិន័យជាទឹកប្រាក់ចំនួន៣ម៉ឺនអឺរ៉ូ ស្មើនឹង ៣២,៦៩០ដុល្លារអាមេរិក សម្រាប់ការបំពាន់ច្បាប់អាល្លឺម៉ង់តែប៉ុណ្ណោះ ហើយប្រភពពីសារព័ត៌មានធំៗដូចជា GiveMeSport, Daily Mail និង The Sun កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សហព័ន្ធបាល់ទាត់អេស្ប៉ាញនឹងមិនទទួលរងទណ្ឌកម្មផ្នែកកីឡាណាមួយឡើយ ក្រៅអំពីការបង់ប្រាក់ពិន័យ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ