ទឹកភ្នែក Messi ជំរុញកីឡាករអាហ្សង់ទីនប្រយុទ្ធយកឈ្នះកូឡុំប៊ី គ្រងជើងឯក Copa America 2024
សហរដ្ឋអាមេរិក ៖ អបអរសាទរ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដែលបានគ្រងជើងឯកទ្វីប
សហរដ្ឋអាមេរិក ៖ អបអរសាទរ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដែលបានគ្រងជើងឯកទ្វីប
សហរដ្ឋអាមេរិក ៖ អបអរសាទរ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដែលបានគ្រងជើងឯកទ្វីបអាមេរិកឆ្នាំ ២០២៤ ឬ CONMEBOL Copa America 2024 ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ ក្រោយយកឈ្នះក្រុមជម្រើសជាតិកូឡុំប៊ី នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏តានតឹងជាទីបំផុត ដោយចំណាយរយៈពេល១២០នាទី ទើបយកឈ្នះនៅក្នុងលទ្ធផល ១-០ ដែលការប្រកួតបញ្ចប់កាលពីព្រឹកមិញនេះ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមការពារតំណែងជើងឯកអាហ្សង់ទីន និងកូឡុំប៊ី ដែលរៀបចំឡើងនៅកីឡដ្ឋាន Hard Rock ដែលមានមូលដ្ឋាននៅក្នុងរដ្ឋផ្លរីដា (Florida) ត្រូវបានពន្យារពេលរហូតដល់៧៥នាទី ដោយសារតែអ្នកគាំទ្រក្រុមទាំងពីរ ដែលគ្មានសំបុត្រចូលទស្សនាផ្ទាល់បានព្យាយាមសម្រុកចូល និងផ្លោះរបង។ ទោះយ៉ាងណាក៏ដោយ ការប្រកួតបានចាប់ផ្តើមនៅវេលាម៉ោង ០៨:២០នាទីព្រឹក (ម៉ោងនៅកម្ពុជា)។
ក្រុមទាំងពីរបានសម្រុកគ្នាយ៉ាងខ្លាំង ប៉ុន្តែគ្មានសំណាងបង្កើតគ្រាប់បាល់បញ្ចូលទីដូចគ្នា ដ្បិតប្រធានក្រុមអាហ្សង់ទីន Lionel Messi នៅក្នុងការប្រកួតនេះ លេងបានតែ៦៦នាទីប៉ុណ្ណោះ ក្រោយរបួសកជើងខាងស្តាំ បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករកូឡុំប៊ី ហើយត្រូវបានប្តូរចេញទាំងទឹកភ្នែកសោកស្តាយជាទីបំផុត និងជំនួសដោយកីឡាករ Nicolas Gonzalez ។ លទ្ធផល ០-០ បានរក្សារហូតដល់បញ្ចប់ការប្រកួត ដោយតម្រូវបន្ថែម១៥នាទី ២ដង។ នៅក្នុងការបន្ថែមម៉ោងនេះហើយ ដែលអ្វីៗគ្រប់យ៉ាងត្រូវបានចារថា អាហ្សង់ទីន គឺជាម្ចាស់ជើងឯកនៅឆ្នាំនេះ ក្រោយខ្សែប្រយុទ្ធ Lautaro Martinez សម្រេចគ្រាប់បាល់ជ័យជម្នះនៅនាទី ១១២។
ក្រុមពពកខៀវអាហ្សង់ទីន ដែលជាម្ចាស់ជើងឯក Copa America នៅឆ្នាំនេះ បង្កើតបានប្រវត្តិសាស្រ្តដ៏ថ្មីសន្លាង គឺជាប្រទេសតែមួយគត់ឈ្នះពានរង្វាន់ជើងឯក Copa America ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រពោលចំនួន១៦សម័យកាល នៅឆ្នាំ ១៩២១, ១៩២៥, ១៩២៧, ១៩២៩, ១៩៣៧, ១៩៤១, ១៩៤៥, ១៩៤៦, ១៩៤៧, ១៩៥៥, ១៩៥៧, ១៩៥៩, ១៩៩១, ១៩៩៣, ២០២១ និង ២០២៤។ ដោយវ៉ាដាច់ប្រទេសអ៊ុយរ៉ាហ្គាយដែលឈ្នះ១៥សម័យកាល នៅឆ្នាំ ១៩១៦, ១៩១៧, ១៩២០, ១៩២៣, ១៩២៤, ១៩២៦, ១៩៣៥, ១៩៤២, ១៩៥៦, ១៩៥៩, ១៩៦៧, ១៩៨៣, ១៩៨៧, ១៩៩៥ និង ២០១១។
ខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez ស៊ុតបញ្ចូលទីច្រើនជាងគេពោល៤គ្រាប់ ឈ្នះពានរង្វាន់ស្បែកជើងមាសព្រឹត្តិការណ៍ Copa America 2024។ ចំណែកខ្សែប្រយុទ្ធកូឡុំប៊ី James Rodriguez ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ឆ្នាំនេះ ខណៈដែលអ្នកចាំទីអាហ្សង់ទីន Emiliano Martinez ឈ្នះស្រោមដៃមាស៕
ចែករំលែកព័តមាននេះ