ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈគ្រប់គ្រងវិទ្យាល័យឈូក នឹងមិនអនុ​ញ្ញាត​ឱ្យ​សិស្សយកស្មាតហ្វូនចូលសាលាទៀតទេ

5 ខែ មុន

ខេត្តកំពត ៖ ឆ្លងតាមកិច្ចប្រជុំប្រឹក្សាយោបល់របស់គណ:គ្រប់គ្រងវិទ្យាល័យហ៊ុនសែនឈូក ដើម្បី

ខេត្តកំពត ៖ ឆ្លងតាមកិច្ចប្រជុំប្រឹក្សាយោបល់របស់គណ:គ្រប់គ្រងវិទ្យាល័យហ៊ុនសែនឈូក ដើម្បីបង្កើនគុណភាពសិក្សារបស់សិស្ស ក៏ដូចជាកាត់បន្ថយក្តីកង្វល់ក្នុងអារម្មណ៍មាតាបិតា ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ សិស្សានុសិស្សនឹងមិនត្រូវបានអនុញ្ញាតឱ្យយកទូរសព្ទស្មាតហ្វូនចូលបរិវេណសាលារៀនទៀតឡើយ។ សិស្សានុសិស្សភាគច្រើនលើសលប់បានសម្តែងការគាំទ្រ ហើយសន្យាអនុវត្តរាល់គោលការណ៍ និងវិន័យនានារបស់សាលា។

ដោយកំពុងអង្គុយពិភាក្សាមេរៀនជុំគ្នាពេលម៉ោងចេញលេង ក្រុមយុវតីថ្នាក់ទី១២A នៃវិទ្យាល័យហ៊ុនសែនឈូកបានប្រាប់ឱ្យដឹងថា កន្លងមករហូតដល់ថ្ងៃនេះ ពួកនាងតែងដាក់ទូរសព្ទស្មាតហ្វូនតាមខ្លួនដើម្បីស្រាវជ្រាវមេរៀនពេលម៉ោងចេញលេង។ ជាទូទៅ សិស្សស្ទើរតែ១០០ភាគរយទៅហើយដែលមានទូរសព្ទស្មាតហ្វូន តែរបៀបប្រើខុសគ្នា។ អ្នកខ្លះប្រើប្រាស់ចាកពីការសិក្សា ដូចជា មើលរឿង ឬលេងហ្កេមថែមទាំងបើកសំឡេងរំខានគេឯងទៀតផងក៏មាន។

ពាក់ព័ន្ធនឹងការដាក់បម្រាមរបស់វិទ្យាល័យ ក្រុមយុវតីដដែលបានរៀបរាប់ថា នេះជាវិធានការដ៏ល្អរបស់សាលាដែលធ្វើឱ្យសិស្សានុសិស្សងាកមករកអានសៀវភៅដោយអារម្មណ៍មូលល្អ ហើយមិនមានការរំខានពីសំឡេងទូរសព្ទ។ ប៉ុន្តែពួកនាងក៏នឹងបន្តប្រើពេលនៅផ្ទះដើម្បីស្រាវជ្រាវមេរៀនបន្ថែមព្រោះជាឆ្នាំប្រលងដែលចាំបាច់ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។

ដោយឡែកក្រុមយុវជនជាសិស្សថ្នាក់ទី១២J បានរៀបរាប់ថា ថ្វីដ្បិតតែជាការប្តូររបត់ភ្លាមៗ តែពួកខ្លួននឹងអនុវត្តតាមគោលការណ៍របស់លោកនាយក លោកគ្រូ អ្នកគ្រូឱ្យបាន១០០ភាគរយ។ ការហាមមិនឱ្យយកទូរសព្ទស្មាតហ្វូនចូលសាលារៀនជារឿងល្អប្រពៃ ពិសេសសម្រាប់សិស្សថ្នាក់ទី១២ដែលត្រូវចៀសឱ្យឆ្ងាយពីsocial mediaផ្សេងៗ។

លោក សេង សុភា នាយកវិទ្យាល័យហ៊ុន សែនឈូកបានមានប្រសាសន៍ថា មុននឹងដាក់ចេញនូវវិធានការហាមសិស្សយកទូរសព្ទស្មាតហ្វូនចូលសាលា គណៈគ្រប់គ្រងបានប្រជុំប្រក្សាយោបល់ និងឯកភាពជាមួយអាណាព្យាបាលសិស្ស ក៏ដូចជាផ្អែកតាមលិខិតណែនាំរបស់ក្រសួងអប់រំស្តីពីការកំណត់ការប្រើប្រាស់គ្រឿងបរិក្ខារអេឡិចត្រូនិកក្នុងថ្នាក់រៀន និងបរិវេណសាលា កាលពីខែតុលា ឆ្នាំ២០២៣។

ការដាក់ចេញនូវវិធានការរឹតបន្តឹងនេះបំណងពង្រឹងគុណភាពសិក្សារបស់សិស្សឱ្យងាកមកអានសៀវភៅ និងបញ្ចៀសពីការយកម៉ោងរៀនសូត្រទៅប្រើប្រាស់ទូរសព្ទ័ខុសគោលដៅ។ លោកនាយកវិទ្យាល័យបានបន្តថា ជាការត្រៀមសម្រាប់ឪពុកម្តាយពេលមានហេតុការណ៍បន្ទាន់ហើយត្រូវជូនដំណឹងមកកូន សាលាបានរៀបចំឱ្យមានអ្នករង់ចាំទទួលដោយផ្តល់អាទិភាពដល់ប្រធានថ្នាក់តាមរយ:ការផ្តល់លេខទូរសព្ទ័ជូនអាណាព្យាបាលដើម្បីងាយស្រួលទំនាក់ទំនង។

លោក សេង សុភា បានបញ្ជាក់ថា វិធានការមិនអនុញ្ញាតឱ្យសិស្សយកទូរសព្ទស្មាតហ្វូនចូលបរិវេណវិទ្យាល័យនឹងអនុវត្តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះតទៅ។ វិធានការនេះដើម្បីពង្រឹងគុណភាពសិក្សា ក៏ដូចជាកាត់បន្ថយក្តីកង្វល់ក្នុងអារម្មណ៍មាតាបិតាសិស្សទូទៅផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ