ខេត្តពោធិ៍សាត់ ៖ រយៈពេលពីរថ្ងៃហើយ ដែលល្បីថា មានឧទ្ធម្ភាគចក្រមួយគ្រឿង កំពុងតែហោះហើរ ស្រាប់តែបាត់ដាន ដែលសង្ស័យថា អាចធ្លាក់នៅចំណុចអូរជាំស្លា ក្នុងភូមិសាស្ត្រ ឃុំថ្មដា ស្រុកវាលវែង ព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ខណៈពេលកំពុងហាត់ហ្វឹកហ្វឺន ។

ប្រភពព័ត៌មានឲ្យដឹងថា ពិតជាមានករណីធ្លាក់យន្តហោះ ពិតប្រាកដមែន ដែលទទួលបានព័ត៌មាននៅវេលាម៉ោងប្រមាណ០៥ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ប៉ុន្តែមិនដឹងមូលហេតុច្បាស់លាស់នោះទេ ថាតើមកពីឧទ្ធម្ភាគចក្រមានបញ្ហា ឬមួយក៏មកពីអាកាសធាតុ ។
បន្ទាប់ពីទទួលបានព័ត៌មាន ដ៏សែនរន្ធត់នេះភ្លាម លោក ខូយ រីដា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការរុករកពេញព្រៃ នៅចំណុចទំនប់វារីអគ្គីសនី ស្ទឹងពោធិ៍សាត់១ ចំណុចភ្នំខ្មោច និងចំណុចអូរជាំស្លា ក្នុងភូមិសាស្ត្រស្រុកវាលវែង ខណៈកម្លាំងទាហាន នៃកងពលដឹកជញ្ជូនលេខ៩៩ និងកងពលតូចលេខ៧០ កំពុងរុករកពីខេត្តកោះកុង ។
ប្រភពព័ត៌មានឲ្យដឹងថា នៅថ្ងៃទី១៣នេះ កម្លាំងប្រតិបត្តិការទៅមិនទាន់ដល់ចំណុចគោលដៅនៅឡើយទេ ព្រមទាំងមានឧទ្ធម្ភាគចក្រផ្សេងទៀត ហោះហើរមើលពីលើទៀតផង ប៉ុន្តែគិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៣នេះ មិនទាន់រកឃើញ នៅឡើយយទេ ។
សូមជម្រាបថា «ក្រសួងការពារជាតិ ៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បាត់ដំណឹង ពេលកំពុងហោះហើរហ្វឹកហ្វឺន នៅលើជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង» ៕




ចែករំលែកព័តមាននេះ